ប្រជាពលរដ្ឋ​សំរុកចូល​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង​រំដោះ​យក​គោ យន្ត​ដឹកឈើ​ទូក​ដែល​សមត្ថកិច្ច​បង្ក្រាប​ពី​ពួកគេ​

​ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​នៅក្នុង​ស្រុក​សៀម​ប៉ាង​បាន​ផ្ទុះ​កំហឹង​ខណៈ​ដែល​កម្លាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​ប៉ែន សារ៉ាត់​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ស្ទឹងត្រែង ចុះបង្ក្រាប​ឈើប្រណិត នៅតាម​ផ្ទះ​របស់​ពួកគេ និង​ឈាន​ដល់​ការលើក​គ្នា ចូល​ទៅ​រំដោះ​យក​គោយន្ត

កន្ត្រៃ​ដឹកឈើ​២​គ្រឿង ទូក​១​គ្រឿង នៅក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង ត្រឡប់មកវិញ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤​។​
​ប្រភព​រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ាង​បានឱ្យដឹងថា​នៅ​ព្រឹក​ថ្ងៃទី​២២​ម្សិលមិញ​នេះ​មាន​កម្លាំង​អាវុធហត្ថ​និង​តុលាការ​ដែល​ដឹកនាំ​ដោយ​លោក ប៉ែន សា​រ៉ា​ត ព្រះរាជអាជ្ញា នៃ​សាលាតំបូង​ខេត្ត​ស្ទឹងត្រែង រួម​នឹង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្ត​បាន​នាំគ្នា​ចុះទៅ​ចាប់​ឈើ​តាម​រោង​សិប្បកម្ម និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​។       
​ប្រភព​បាន​រាយការណ៍​បន្ត​ថា​ខណៈ​ដែល​កម្លាំ​អាវុធហត្ថ​ចុះ​ឆែកឆេរ​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតនៅក្នុង​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ និង​បាន​រឹបអូស​ឈើប្រណិត​ប្រភេទ​ធ្នង់ ចំនួន​៣​សន្លឹក​និង​ឈើ​នាងនួន​១១​ដុំ​ទៅកាន់​រដ្ឋបាល​ព្រៃឈើ ហើយ​និង​បាន​បន្ត​ទៅ​ធ្វើ​ការចុះ​បង្ក្រាប ក្នុង​ឃុំ​សេកុ​បន្តទៀតនោះ ឈើ​ដែល​បង្ក្រាប​បាន​ជា​ច្រើន​សន្លឹ​កទៀត ដែល​មិន​ទាន់​បាន​ដឹក​ទៅ​កាន់​រដ្ឋបាល​ព្រៃឈើ​ផង​នោះ ក៏​បាន​ត្រូវ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ឡើង​តែ​ម្តង​។​
​ប្រភព​បាន​បន្តទៀតថា ដោយសារតែ​មាន​ការតវ៉ា​និង​ផ្ទុះ​កំហឹង​ពី​ប្រជាពលរដ្ឋ និង​ខ្លាច​មាន​អំពើហឹង្សា​ណាមួយ​កើតឡើង​នោះ កម្លាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រួម​និង​លោក ប៉ែន សា​រ៉ា​ត ព្រះរាជអាជ្ញា នៃ​សាលាតំបូង​ខេត្ត​ស្ទឹងត្រែង បាន​ដក​កម្លាំង​វិលត្រឡប់​មក​ខេត្ត​វិញ​។​ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​បាន​ដកចេញ​អស់ ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ដែល​បាន​ផ្ទុះ​កំហឹង ដោយសារ​សមត្ថកិច្ច​ចុះ​រឹបអូស​ឈើ នៅក្នុង​ផ្ទះ​របស់​ពួកគាត់ បាន​លើ​គ្នា​ចូល​ទៅ​រំដោះ​គោយន្ត ចំនួន​២​គ្រឿង​រួមទាំង​ឈើ​ដែល​ជំនាញ​បង្ក្រាប និង​ទូក​មួយ​គ្រឿង ដែល​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង បាន​បង្ក្រាប​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​នេះ​យក​ទៅ​បាត់​។​
​ពាក់ព័ន្ធ​និង​ការបង្ក្រាប​ឈើ​ខាងលើនេះ​លោក ប៉ែន សា​រ៉ា​ត​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​ទើបតែ​មក​កាន់​តំណែង​ថ្មី​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ឧសភា​២០១៤​នេះ​ថា​ទាក់ទង​នឹង​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ខាងលើនេះ ដោយសារតែ​ប្រជាពលរដ្ឋ មាន​ការតវ៉ា​និង​ក្លាច​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​ប្រជាពលរដ្ឋ ទើប​កម្លាំង​សមត្ថកិច្ច​ដក​ចេញ​មក​វិញ ដើម្បី​បញ្ជៀ​សដ្ឋាន​ការតានតឹង​។​
​ដោយឡែក​លោក ស្រស់ សារិន នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង​បាន​ប្រាប់ឱ្យដឹង​ថា​ករណី​ដែល​ប្រជាពលរដ្ឋ ទៅ​វាយ​រំដោះ​យក​គោយន្ត​និង​ឈើ​នៅ​ទីស្នាក់ការ​របស់​លោក​នេះ កន្លងមក​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខិះ​ស្វាយ ឃុំ​ព្រែក​មាស ក៏​ធ្លាប់បាន​កើតឡើង​១​លើក​រួច​មក​ហើយ​នៅ​ដើមឆ្នាំ​នេះ បាន​វាយ​ដណ្តើម​យក​គោយន្ត​១​គ្រឿង​។​នេះ​ជា​លើក​ទី​២​ហើយ គោយន្ត​កន្ត្រៃ​ចំនួន​២​គ្រឿង ទូក​១​គ្រឿង រួម​ទាំង​និង​ឈើ​ប្រណីត​មួយចំនួន​ត្រូវបាន​រំដោះ​យក​ទៅ​បាត់​។​ចំណែក​នៅ​ព្រឹក​ថ្ងៃទី​២៣​នេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ាង​ទាំងនោះ​នៅ​មិនទាន់​រំសាយកំហឹង​នៅឡើយ ដោយសារ​ថា​ព្រៃ​ក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង ក្រុម​ឈ្មួញ​តូច​ធំ​កំពុង​សរុក​កាប់ យ៉ាង​អនាធិបតេយ្យ ប្រជាពលរដ្ឋ​រកស៊ី​តិចតួច​ត្រូវ​បាន​បង្ក្រាប​។​ទាក់ទិន​និង​ករណី​តវ៉ា​និង​រំដោះ​វត្ថុតាង​បទល្មើស​ព្រៃឈើ ចេញ​ពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង​ខាងលើនេះ គេ​មិន​ទាន់​ដឹងថា សមត្ថកិច្ច​មាន​វិធានការ​យ៉ាងណា​នៅឡើយ​ទេ​៕​

[2014.05.23_12.52 05.23_12.38 5.23_12.13 vide05.23_12.43