បន្ទាយមានជ័យ៖ពលរដ្ឋចំនួន២ភូមិនៅក្នុងស្រុកម៉ាឡៃដែលមានគ្នីគ្នាប្រុសស្រី សរុបចំនួន ៧០នាក់ បាននាំគ្នាជិះគោយន្តកន្ត្រៃចំនួន២គ្រឿង និងម៉ូតូចំនួន៤គ្រឿង បានជិះឡើងមកសាលាខេត្តបន្ទាយមានជ័យ ដើម្បីឲ្យលោកអភិបាលខេត្តជួយរកដំណោះស្រាយ អំពីបញ្ហាទំនាស់ដីធ្លី
រវាងប្រជាពលរដ្ឋ២ភូមិនិងឈ្លោះទាស់ទែងនិងឈ្មោះ ហេង ការិន អស់រយៈពេលចាប់ពីឆ្នាំ២០០៦ រហូតមកដល់សព្វថ្ងៃនេះ ។
បើតាមការអះអាងរបស់តំណាងប្រជាពលរដ្ឋ២ភូមិដែលមានឈ្មោះ ចាន់ ប៊ន ភេទប្រុស អាយុ៥៩ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ គាត់ឡើងមកសាលាខេត្តនេះដើម្បីឲ្យលោកអភិបាលខេត្ត គោស៊ុំ សារឿត ជួយរកដំណោះស្រាយដល់ប្រជាពលរដ្ឋទាំង២ភូមិ គឺភូមិអូរតេះ និងភូមិស្វាយ ដែលមានប្រជាពលរដ្ឋរាប់រយគ្រួសារនិងមានដីកំពុងធ្វើស្រែចំនួន ២៣០ហិចតា ហើយដីចំនួន២៣០ហិចតានោះកំពុងតែមានទំនាស់យ៉ាងខ្លាំងនឹងឈ្មោះ ហេង ការិន ភេទប្រុស ឋានៈជាអង្គរក្សរបស់សម្ដេចតេជោហ៊ុនសែន អាយុប្រហែល៥០ឆ្នាំ សព្វថ្ងៃរស់នៅក្រុងប៉ោយប៉ែត ហើយបុរសនោះបាននិយាយថា ដីដែលខ្លួនមានទំនាស់ចំនួន២៣០ហិចតានោះ ជាដីកម្មសិទ្ធិរបស់ខ្លួនជាយូរខែឆ្នាំមកហើយ ដីទាំងអស់នោះខ្លួនបានទិញពីឃុំនិងស្រុក ។
លោក ចាន់ ប៊ន បាននិយាយបន្តថា៖ នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅដីចំនុចភូមិប្រាសាទ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នោះឈ្មោះ ហេង ការិន បានយកម៉ៃខូចំនួន១គ្រឿង និងត្រាក់ទ័រឈូសដី១គ្រឿង ហើយបានយកថ្នាំទៅបាញ់លើដីស្រែប្រជាពលរដ្ឋកំពុងមានទំនាស់យ៉ាងងងើល អស់ចំនួនដីប្រហែល១ហិចតា ពេលនោះប្រជាពលរដ្ឋទាំង២ភូមិនោះឃើញទាន់ក៏នាំគ្នាកាន់កាំបិតដំបងរត់យ៉ាងប្រសេកប្រសាចនាំគ្នាទៅធ្វើការទប់ស្កាត់ កុំឲ្យម្ចាស់ម៉ៃខូនិងម្ចាស់ត្រាក់ទ័រ ភ្ជួរលើដីស្រែរបស់គាត់បន្តទៅទៀត ។ ពេលនោះ ក៏មានអំពើហឹង្សារកើតឡើងរវាងម្ចាស់ម៉ៃខូនិងម្ចាស់ត្រាក់ទ័រ ព្រមទាំងប្រជាពលរដ្ឋទាំង២ភូមិកើតឡើង បណ្ដាលឲ្យប្រជាពលរដ្ឋចង់យកភ្លើងទៅដុតម៉ៃខូកម្ទេចចោលទៀតផង ស្របពេលដែលកំពុងតែមានការប្រទុស្តរាយគ្នានោះ មានប៉ូលីសប៉ុស្តិ៍តាគង់ចំនួន២នាក់ កាន់កាំភ្លើងគ្រប់ដៃនិងប៉ូលីសស្រុកម៉ាឡៃ១ក្រុម ចុះមកដល់កន្លែងកើតហេតុហើយបានធ្វើអន្តរាគមន៍កុំឲ្យប្រជាពលរដ្ឋទាំង២ភូមិព្រមទាំងម្ចាស់ម៉ៃខូនិងម្ចាស់ត្រាក់ទ័រឈ្លោះគ្នាបន្តទៅទៀត ហើយខ្លួនប៉ូលីសបាននិយាយថា ខ្លួននិងយករឿងនេះយកទៅឲ្យថ្នាក់លើដើម្បីជួយដោះស្រាយបន្ត ។
លោក ចាន់ ប៊ន បាននិយាយបន្តថា៖ ប្រជាពលរដ្ឋទាំង២ភូមិដែលឡើងមកមុខសាលាខេត្តនេះ គោលបំណងសំខាន់នោះគឺ ចង់ឲ្យលោកអភិបាលខេត្តឲ្យបង្កើតក្រុមការងារ ចុះទៅត្រួតពិនិត្យកន្លែងដីមានជម្លោះរវាងប្រជាពលរដ្ឋទាំង២ភូមិនិងឈ្មោះ ហេង ការិន ឲ្យបានដិតដល់ថាតើដីនៅកន្លែងមានទំនាស់នោះជាដីរបស់អ្នកណាពិតប្រាកដ ហើយក្រោយពីដែលលោកអភិបាលខេត្តធ្វើការវាស់វែងឲ្យពួកគាត់ហើយនោះ គាត់ធ្វើការបោះបង្គោលព្រំឲ្យបានជាប់ជាក់លាក់កុំឲ្យឈ្មោះ ការិន ជាគូទំនាស់នោះយកម៉ៃខូទៅកាយដីស្រែរបស់គាត់បន្តទៅទៀត ៕