សៀមរាប៖ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាមួយចំនួនផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ១១គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន៥ មាន ភូមិដូនឪ ភូមិសំរោង ភូមិតាប្រុក ភូមិលាងដៃ និងភូមិ
ភ្លង់ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែមិនថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។សម្ភារៈទាំងនោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែនឹករលឹកនិង យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។លោក អឿន សំអុន អនុប្រធានក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការផ្តល់ជូននេះបានចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៥មក។ រហូតមកដល់ពេលនេះ កញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយនិងទារក ត្រូវបានចែកជូនដែលស្ត្រីដែលទើបសម្រាលបុត្រសរុបចំនួន៩៤៦ គ្រួសារហើយ។ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា នឹងបន្តចែកជូនជាបន្តបន្ទាប់ទៅទៀតដល់គ្រប់ស្ត្រីឆ្លងទន្លេ ដែលរស់នៅក្នុងឧទ្យានអង្គរ។រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុង និងស្រុក ២១ឃុំសង្កាត់ និង១១៣ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។ រមណីយដ្ឋាននេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ការចុះបញ្ជីនេះ មិនមែនមានត្រឹមតែប្រាង្គប្រាសាទនោះទេ ទេសភាពវប្បធម៌ បរិស្ថាន ទំនៀមទម្លាប់ប្រពៃណី ដែលជាបេតិកភណ្ឌអរូបីដ៏សំខាន់របស់អ្នកស្រុកក្នុងឧទ្យានអង្គរ ក៏ជាចំណែកមួយដ៏សំខាន់របស់បេតិកភណ្ឌពិភពលោកផងដែរ៕




































