សមត្ថកិច្ច​ចំរុះ​បង្ក្រាប​របាំង​ស្បៃ​មុង​ខុសច្បាប់​១៣​កន្លែង​ស្មើ​និង​៥៥០​ម៉ែត្រ នៅក្នុង​ឃុំ​ឆ្នុកទ្រូ

0

ខេត្តកំពង់ឆ្នាំង៖ បទល្មើសរបាំងស្បៃមុងចំនួន១៣កន្លែង ស្មើនឹង៥៥០ម៉ែត្រ ត្រូវបានកម្លាំង ខ័ណ្ឌរដ្ឋបាលជលផល ផ្នែក និងសង្កាត់ សហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ ចុះបង្ក្រាប។ ប្រតិបត្តិការនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំDSC00004២០១៦ នៅចំណុចស្តេចក្មេង និងចំណុចកោះក្របី ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ជាប់ព្រំប្រទល់ជាមួយ ស្រុកក្រគរ ខេត្តពោធិសាត់។
លោក មាស សឿង នាយរងអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបបានអោយដឹងថា៖ នៅចំណុចទាំង២ខាងលើជនល្មើសតែងតែលបលួចដាក់របាំងស្បៃមុង ដែលធ្វើអោយប៉ះពាល់ដល់ធនធានធម្មជាតិ ថ្ងៃនេះលោក និងលោក ប្រាក់ លាងហួរ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំរុះ១៥នាក់ កាណូត៣គ្រឿង ចុះបង្ក្រាបនៅទីតាំងខាងលើ ជាលទ្ធផលបង្ក្រាបបានរបាំងស្បៃមុង១៣កន្លែង ស្មើនឹង៥៥០ម៉ែត្រ បង្គោល៣០០ដើម ចាក់ព្រលែងកូនត្រីគ្រប់ប្រភេទចូលទន្លេវិញចំនួន១០គីឡូក្រាម និងបានណែនាំប្រជានេសាទមួយចំនួនដែលបានដាក់របាំងស្បៃមុងនេះ បានស្ម័គ្រចិត្តរុះរើខ្លួនឯងបានមួយចំនួនទៀត។
លោក ប្រាក់ លាងហួរ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖ បទល្មើសរបាំងស្បៃមុង គឺជាបទល្មើសមួយដែលច្បាប់ស្តីពីជលផលហាមឃាត់ ព្រោះបទល្មើសនេះបានបំផ្លាញកូនត្រីពូជគ្រប់ប្រភេទនៅក្នុងទន្លេដោយមិនដឹងខ្លួន។ លោកបានបញ្ជាក់ថាក្នុង១គីឡូក្រាមនៃកូនត្រីដែលជាប់ក្នុងរបាំងស្បៃមុង យើងអាចទទួលបានផលត្រីរាប់រយគីឡូក្រាម វិញបើសិនជាយើងចេះថែរក្សាការពារវាអោយបាន៣ខែតទៅមុខទៀត។
លោក ប្រាក់ លាងហួរ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋ ជួយសហការផ្តល់ព័ត៌មានជាក់លាក់នៃបទល្មើស និងជនល្មើស ដើម្បីបង្ក្រាប និងការពារធនធានជលផលជាតិអោយមាននិរន្តរភាព ហើយលោកក៍បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទរបស់លោក អោយខិតខំយកចិត្តទុកដាក់បង្ក្រាបបទល្មើសដែលកើតមាន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិសេសបទល្មើសកាប់បំផ្លាញព្រៃលិចទឹកទន្ទ្រានយកដីជាកម្មសិទ្ធ ពីសំណាក់ជនខិលខូចមួយចំនួន ដើម្បីរក្សាអោយបាននូវជំរកត្រីពងកូន ព្រោះរដូវបិទនេសាទបានចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ។
សូមបញ្ជាក់ថា នៅក្នុងការបង្ក្រាបរបាំងស្បៃមុងនៅចំណុចខាងលើនេះ ក៍មានម្ចាស់របាំងស្បៃមុងម្នាក់ អត់ពាក់អាវពាក់មួកប្រជាការពារបានមកសំឡុតទាមទារយកស្បៃមុងដែលសមត្ថកិច្ចកំពុងបង្ក្រាបយកទៅវិញ ដោយកាយវិការច្រង៉េងច្រង៉ាង មិនខ្លាចសមត្ថកិច្ចជំនាញឡើយ។ ប្រជានេសាទនៅទីនោះបានអោយដឹងថា គេជាប្រជាការពារឃុំក្បាលត្រាវ ស្រុកក្រគរ ខេត្តពោធិសាត់ បានចូលមកដាក់របាំងស្បៃមុងខុសច្បាប់នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងមិនខ្លាចអ្នកណាឡើយ មិនដឹងអាងអីទេបើសមត្ថកិច្ចចាប់មានតែដេកគុកតែប៉ុណ្ណោះ៕ DSC09997 DSC00001 DSC00006 DSC00005