បាត់ដំបងៈ នេះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលក្រុងបាត់ដំបង បានទទួលនូវបន្ទប់ទឹក
និងបង្គន់អនាម័យសាធារណៈមួយ សម្រាប់អោយភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង បានប្រើប្រាស់ជាសាធារណៈ ក្នុងតម្លៃមួយដែលយើងគ្រប់គ្នានឹកស្មានមិនដល់ នេះក៏ដោយសារតែមានការឧបត្ថម្ភពីសំណាក់ សមាគមន៍បង្គន់អនាម័យពិភពលោក រួមនឹងថវិកាផកទាល់ខ្លួនរបស់លោកអភិបាលខេត្ត ច័ន្ទ សុផល ផងដែរទើបសម្មិទ្ធិផលនេះ បានលេចចេញជារូបរាង ព្រមទាំងបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នេះ ។នៅក្នុងឱកាសដ៏វិសេស ថ្លៃថ្លានេះដែរ គេសង្គេតឃើញនូវវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ច័ន្ទ សុផល អភិបាលនៃគណអភិបាលខេត្តបាត់ដំបង លោក តេ យុាំង យ៉ោម អភិបាលក្រុងស៊ូវុន នៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន សមាគមន៍ បង្គន់អនាម័យពិភពលោក ព្រមទាំងកងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការនានាជុំវិញខេត្តជាច្រើនរូបផងដែរ ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់បង្គន់អនាម័យសាធារណៈ ជាផ្លូវការ ដែលពិធីនេះបានប្រារព្វធ្វើឡើងនៅចំកណ្តាលសួន ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ។យោងតាមរបាយការណ៍លំអិត ដែលឡើងអានដោយលោក សៀងឯម វូនស្ហីុ អភិបាលក្រុងបាត់ដំបង បានបញ្ជាក់យ៉ាងច្បាស់ថា នេះគឺជាកិត្តិយសដ៏ធំធេង ដែលក្រុងបាត់ដំបងបានទទួលនូវបង្គន់អនាម័យសាធារណៈមួយនេះ ស្របពេលដែលខេត្តបាត់ដំបង បានជាប់ចំណាត់ថ្នាក់ ជ័យលាភីជាទីក្រុងស្អាតរួចមក ហើយក៏ជាលើកទី១ដែរ ដែលក្រុងបាត់ដំបង មានបង្គន់អនាម័យបែបស្តង់ដារអន្តរជាតិ ខណៈដែលនៅតាមសួនសាធារណៈមិនទាន់មានបង្គន់អនាម័យបែបនេះ ។លោកអភិបាលក្រុងបានបន្ថែមថា ការសាងសង់នេះគឺសាងឡើងអំពីបេតុងអាមេ ដោយបានចាប់ផ្តើមសាងសង់រយៈពេល៥៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែមេសា មកទល់នឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដោយមានទំហំ៩ម៉ែត្រ គុណនឹង១០ម៉ែត្រ កំពស់២ជាន់ ដំបូលប្រក់អំពីក្រណាត់ជាតិនីឡុងពិសេស ក្នុងនោះមានបន្ទប់ទឹក បង្គន់សម្រាប់បុរសចំនួន៧បន្ទប់ បង្គន់សម្រាប់ជនពិកា មួយបន្ទប់ បង្គន់សម្រាប់ស្ត្រីមានចំនួន ៥បន្ទប់បង្គន់នោមបុរសមានចំនួន៤កន្លែង ឡារ៉ាបូ លាងដៃសរុបចំនួន៨កន្លែង ដែលបានសង់ឡើងតាមកម្រិតស្តង់ យ៉ាងពិសេស ដោយបានចំណាយសរុបអស់ចំនួន ៥១០០០ដុល្លារក្នុងនោះ ប្រធានសមាគមន៍បង្គន់អនាម័យពិភពលោក បានជួយឧបត្ថម្ភចំនួន៣៥០០០ដុល្លារ និងលោកអភិបាលខេត្ត ច័ន្ទ សុផល បានឧបត្ថម្ភចំនួន១៥០០០ ដុល្លារអាមេរិក ។បន្ទាប់ពីមានការលើកឡើង និងចំណាប់អារម្មណ៍របស់លោកអភិបាលខេត្តស្តីអំពីការខិតខំប្រឹងប្រែង និងការអភិវឌ្ឍខេត្តនាពេលកន្លងមក ដើម្បីប្រែក្លាយមុខមាត់ខេត្តអោយមានភាពស្រស់បំព្រងរួចមក លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ត្រូវចេះជួយថែរក្សា នូវសម្មិទ្ធិផលណាដែលយើងបានកសាងសម្រេចមកហើយដើម្បីអោយបានគង់វង្សយូរអង្វែង ៕ សោ និយមរ័ត្ន