ខេត្តសៀមរាប: នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ មន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស នៃក្រសួងមហាផ្ទៃ បានជូនដំណើរពលកររងគ្រោះចំនួន១៨នាក់ មកដល់សាលាស្រុកជីក្រែង ខេត្តសៀមរាប បន្ទាប់ពីបានទទួលពលកររងគ្រោះទាំងនោះ នៅអាកាសយានដ្ឋានភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា កន្លងមកនេះ ។ ពលកររងគ្រោះទាំង១៨នាក់នេះ ត្រូវបានអាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ី ឃាត់ខ្លួន និងចាត់បញ្ជូនមកកម្ពុជាវិញ ដោយមាន ការជួយ អន្តរាគមន៍ សម្របសម្រួលពីសំណាក់មន្ត្រីស្ថានទូតកម្ពុជា ប្រចាំនៅទីនោះ ។
ការមកដល់មូលដ្ឋានរបស់ពលកររងគ្រោះទាំង១៨នាក់នោះ គេសង្កេតឃើញមានការចាំទទួលស្វាគមន៍ ដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា អនុប្រធានអចិន្ត្រៃយ៍ គណកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស មន្ត្រីមន្ទីរពាក់ព័ន្ធក្នុងខេត្តអាជ្ញាធរមូលដ្ឋាន ព្រមជាមួយនឹងវត្តមានរបស់អង្គការក្រៅរដ្ឋាភិបាល ដែលជាពិសេសនោះ គឺមានវត្តមាន ឪពុក-ម្តាយ ប្រពន្ធ-កូន នៃពលកររងគ្រោះ ទាំងនោះ ផងដែរ ។
បើតាមការរៀបរាប់ឲ្យដឹងពីសំណាក់ពលករទាំងនោះ គឺពួកគាត់បានបង្ហាញអំពីការខកចិត្ត ដែលពួកគាត់ត្រូវបាន ចំណាកស្រុក ទៅលក់កម្លាំងពលកម្មខុសគោលដៅដែលបានគ្រោងទុក ។ ពួកគាត់ត្រូវបាន មេខ្យល់ចាត់បញ្ជូនឲ្យទៅធ្វើការលើទូកនេសាទថៃ ។ ប្រការដែលពួកគេចងចាំមិនអាចភ្លេចបាន និងជាមេរៀនសម្រាប់ជីវិតនោះ គឺជីវិតជាទំនិញ ត្រូវបានគេប្រើប្រាស់ហួសពីកម្លាំងមនុស្ស ។
ពួកគាត់បានបញ្ជាក់ថា ម្ចាស់ទូកនេសាទថៃ បាននាំពួកគេលួចចូលនេសាទក្នុងដែនសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី ។ អាស្រ័យហេតុដូច្នេះហើយ ដែលខ្សែជីវិតរបស់ពួកគាត់ ដែលលក់កម្លាំងពលកម្មឲ្យចៅកែថៃ តែត្រូវអាជ្ញាធរឥណ្ឌូណេស៊ី ជាអ្នកឃាត់ខ្លួននោះ ។ ពួកគាត់និយាយថា នេះគឺជាគ្រោះសំណាងរបស់ពួកគាត់ ។ បើមិនដូច្នោះទេ មិនមានឱកាសបានជួនប្រពន្ធកូន ឱពុកម្តាយនោះឡើយ ។