ស្ទឹងត្រែង៖កុងត្រូលជជុះជិតគល់ស្ពានសេកុងបានបង្កគ្រោះថ្នាក់ដល់បុរសម្នាក់ជាអ្នកដឹកឈើតាមម៉ូតូ ខណៈសមត្ថកិច្ចហៅឈប់បង់លុយ ត្រូវរថយន្តសាំយ៉ុងមួយគ្រឿង ដឹកគ្រឿងសង្ហារឹមមកពីក្រោយ បុកពេញទំហឹងអុសមនុស្សប្រហែកមួយរយម៉ែត្រ របួសធ្ងន់សង្ស័យគ្មានសង្ឃឹម។
ហេតុការគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានមនុស្សរបួសធ្ងន់ធ្ងរនេះ បានកើតឡើងនៅវេលាម៉ោង២១យប់ថ្ងៃទី០២ខែមិថុនាឆ្នាំ២០១៦នៅចំណុចជិតគល់ស្ពានសេកុងប្រហែលជាងមួយរយម៉ែត្រស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី-ក្រុង-ខេត្តស្ទឹងត្រែង។
ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថាជនរងគ្រោះឈ្មោះជីវ ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ(មុខរបរដឹកឈើ)មានស្រុកកំណើតនៅខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិព្រែកសង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនកើតហេតុគេបានឃើញបុរស់ជាអ្នករកស៊ីដឹកឈើតាមម៉ូតូបានដឹកឈើចំនួនប្រាំសន្លឹក មកដល់កន្លែងកើតហេតុបានឈប់បង់លុយឱ្យសមត្ថកិច្ច ហើយចេញបានបន្តិចក៏ត្រូវបានប៉ូលិសម្នាក់ជិះរថយន្តឆ្លាមផ្នែកព្រហ្មទណ្ឌ ហៅឈប់បង់លុយ ខណៈនោះក៏មានរថយន្តសាំយ៉ុងពណិ៍ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយឈ្មោះស៊ូ មកពីក្រោយបានបុកពេញទំហឹងធ្វើឱ្យម៉ូតូខ្ទាតទៅម្ខាង ចំណែកមនុស្សបានជាប់ក្រោមរថយន្តអូសប្រហែលមួយរយម៉ែត្រទើបឈប់ ធ្វើឱ្យបុរសរងគ្រោះរបើកស្បែកក្បាលចេញលលាដ៏ មុខធ្លុះធ្លាយ ដើមទ្រូងរលាត មើលស្ទើមិនយល់។
ប្រភពបន្តថាទីតាំងកើតហេតុខាងលើ គឺជាកន្លែងប្រមូលផ្តុំដោយមត្ថកិច្ច រួមទាំងអ្នកកាសែតផងដែរ ដែលធ្វើឱ្យទីតាំងនោះក្លាយជាកុងត្រូលជជុះ ចាំស្ទាក់យកលុយពីបទល្មើស តាមម៉ូតូ តាមរថយន្ត បានបង្កភាពអនាធិបតេយ្យ ទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរបែបនេះកើតឡើង។
ករណីគ្រោះថ្នាក់ចរាចរនេះ គេមិនឃើញមានសមត្ថកិច្ចចុះមកវាស់វែងឡើយ ទុករថយន្តបង្ក យករថយន្តមួយផ្សេងទៀត សាងដឹកគ្រឿងសង្ហារឹមទៅបាត់អស់ ហើយបក្សពួកគេបើករថយន្តបង្កទៅបាត់ ដោយមិនមានរំខានដល់សមត្ថកិច្ចណាម្នាក់ឡើយ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានអ្នកឃើញហេតុការជួយដឹកជនរងគ្រោះមកកាន់មន្ទីពេទ្យខេត្ត ដើម្បីធ្វើការសង្គ្រោះបន្ទាន់តែមិនដឹងថាអាចជួយសង្គ្រោះបានដែរឬយ៉ាងណាទេ? ដោយសារមានសភាពធ្ងន់ធ្ងរពេក។ចំណែកសមត្ថកិច្ចដែលឈរជើងនៅទីនោះក៏មិនបានចាត់វិធានការទៅលើរថយន្តនោះដែរទុកបណ្តាយឱ្យរថយន្តនោះបើកយកទៅបាត់ដោយមិនបានវាស់វែងដឹងអ្នកខុសអ្នកណាត្រូវឡើយ៕