វេហាស៍
សៀមរាប៖ កម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាលគ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ កម្លាំងចិត្ត និងស្មារតីភ្លឺស្វាងមានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ពិសេសយុវជន គឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទកន្លែង សម្រាប់គ្រប់ៗគ្នា” និង “សង្គ្រេាះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត” នៃយុទ្ធសាស្ត្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។ ដោយមើលឃើញពីគុណសម្បតិ្ត និងសារៈសំខាន់របស់យុវជន ព្រមទាំងដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងការងារជាប្រយោជន៍សង្គម និងការងារមនុស្សធម៌ ម្យ៉ាងវិញទៀតគឺដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុសេរីភាព សេចក្កីថ្លៃថ្នូរ និងសុភង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ នៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ អង្គរជុំ ស្រុកអង្គរជុំ ចំនួន៥៥នាក់ ស្រី៣៥នាក់ ក្រោមអធិបតីភាពលោកជំទាវ គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា៕