កំពង់ធំ៖ ប្រជាពលរដ្ឋ៧ភូមិក្នុងឃុំកំពង់ចិនត្បូង ជាង២០០នាក់ បានលើកគ្នាមមកតវ៉ានៅក្នុងបរិវេណឃុំកំពង់ចិនត្បូង ដើម្បីទាមទារសុំអោយមានការដោះស្រាយតំលៃភ្លើង នៅត្រឹម៨០០រៀល ក្នុងមួយគីឡូវ៉ាតម៉ោង តាមការសន្យា របស់អាជ្ញាធរខេត្តកំពង់ធំ ដែលធ្លាប់បានសន្យាកន្លងមក ទើបការផ្ទុះតវ៉ានេះបានកើតឡើងនៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាឃុំកំពង់ចិនត្បូង ។លោក ជុំ យ៉េន ជំទុកទី១ឃុំកំពង់ចិនត្បូង រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាអះអាងថា តំលៃភ្លើងនៅក្នុងខេត្តកំពង់ធំ និងតាមបណ្តាស្រុក ត្រូវបានបញ្ជុះតំលៃ នៅត្រឹម៨០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងអស់ហើយ តែដោយឡែកនៅក្នុងទីរួមស្រុកស្ទោង តែលៃភ្លើងនៅតែ១៥០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដដែល ទើបបានជាពួកគាត់ បានលើកគ្នាមកធ្វើការតវ៉ា ឲ្យអាជ្ញាធរអគ្គីសនី និងអាជ្ញាធរ ខេត្តកំពង់ធំ បញ្ជុះតំលៃត្រឹម៨០០ដូចដែលបានមកប្រជុំផ្សព្វផ្សាយរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ថាតំលៃភ្លើងនិងចុះ នៅត្រឹម៨០០រៀលក្នុងខែមិថុនា ឆ្នាំ ២០១៦នេះ។
លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកអគ្គីសនី បានបញ្ជាក់ប្រាប់ថា ករណីតម្លៃអគ្គីសនី ដែលមិនទាន់បានចុៈតម្លៃមកក្រោម១០០០៛ក្នុង១គីឡូ នេៈ មិនមែនមានតែស្រុកស្ទោងមួយទេ នៅកន្លែងជាច្រើនទៀតដែលមិនទាន់ចុៈ ប៉ុន្តែការចុៈតម្លៃ គឺខាងអាជ្ញាធរអគ្គិសនីជាអ្នកកំណត់ ដោយគណនាទៅតាមខ្សែបណ្តាញបញ្ជូន ជិត ឆ្ងាយ និងរយៈពេលនៃការបញ្ចុៈតាមផែនការជាបន្តបន្ទាប់ ។ ករណីស្រុកស្ទោង នេៈ ខេត្តធ្លាប់បានអន្តរាគមន៏ជួយប្រជាពលរដ្ឋ បានច្រើនដងមកហើយ គឺតាំងពីភ្លើងតម្លៃ ជាង៣០០០រៀល ចុៈមក ជាង២០០០រៀលនិងចុងក្រោយចុៈរហូតពី២៨០០រៀលមកនៅត្រឹម១៥០០រៀលបច្ចុប្បន្ននេៈ ទើបតែបានរយ:ពេលប្រហែលមួយឆ្នាំនេៈឯង ក្នុងពេលដែលក្រុងស្ទឹងសែន និងឃុំមួយចំនួននៃស្រុកសន្ទុក ស្រុកបារាយណ៏បានចុះតម្លៃមុនស្រុកស្ទោង ។ គោលការណ៏របស់រដ្ឋាភិបាលដែលអោយភ្លើងចុៈតម្លៃក្រោម១០០០៛នេៈគឺអនុវត្តទៅតាមតំបន់ តាមខ្សែបញ្ជូន ជិត ឆ្ងាយ ពីប្រភពដើម មិនបានអោយជាទូទៅនោៈទេ ការវិនិយោគរបស់ក្រុមហ៊ុន គេមានផែនការរំលោៈទុន តាមសមាមាតនៃអ្នកប្រើប្រាស់ និងវត្ថុដើម ស្រុកស្ទោងនៅឆ្ងាយ គឹចុងខ្សែបង្អស់ ( មិននិយាយឃុំប្រឡាយដែលគេទិញពីខាងសៀមរាប. ភ្លើងថៃ ) ដែលការងារនេៈខាងអាជ្ញាធរអគ្គិសនី និងខាង EDC អ្នករៀបចំចាត់ចែង ឯខាងខេត្ត ស្រុក និងក្រុមហ៊ុនឯកជនតាមស្រុក មិនមានសិទ្ធអ្វីទាំងអស់ ក្រុមហ៊ុនតាមស្រុក ក៏ខាងអាជ្ញាធរអគ្គិសនីកំណត់អោយលក់ដែរ មិនអាចលក់តាមចិត្តចង់បានទេ ក្រោយពីមានបញ្ហានៅស្ទោង ខ្ញុំបានទៅប្រជុំ ហើយបានលើកឡើងថា ប្រហែលអាចខែ៦ ឆ្នាំ២០១៦ ព្រោះ ឯ ឧអភិបាលខេត្តបានសំណូមពរទៅអាជ្ញាធរអគ្គិនីរួចហើយ បើទោៈបីយឺតយូរយ៉ាងនេៈក្តី ក៏ខេត្តមិននៅស្ងៀមទេ នៅតែខិតខំជួយអន្តរាគមន៏ទៅថ្នាក់លើបន្តទៀត ដើម្បីដោៈស្រាយជូនបងប្អូនយើងអោយបានសមស្រប ។
ក្នុងនោះដែរលោក លឹម សារី និងលោក យាន ផល្លា និងប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរខេត្តកំពង់ធំ ជួយដោះស្រាយជាមួយលោកអ៊ុង ហុងស៊ិន ម្ចាស់ម៉ៅការអគ្គិសនីក្នុងស្រុកស្ទោង ពាក់ព័ន្ឋនឹងបញ្ហាគីឡូភ្លើងឡើងគីឡូជាងមុន ទោះជាភ្លើងចុះថោកក្តី ក៏តំលៃបង់ថ្លៃអគ្គិសនី បានកើនឡើងជាងមុន នឹងសុំឲ្យប្រជាពលរដ្ឋមានសិទ្ធិក្នុងការទិញគីឡូភ្លើងដាក់ដោយខ្លួនឯង ហើយសុំឲ្យរក្សានូវបណ្តាញអគ្គិសនីឲ្យបានល្អប្រសើរជាងមុន ដោយសារកន្លងមកភ្លើងមានភាពរអាក់រអួល ដាច់ម្តង១ម៉ោងទៅ ២ម៉ោង ហើយក្នុងមួយថ្ងៃដាច់៥ទៅ៨ដង និងសុំឲ្យលោក អ៊ុង ហុងស៊ិន ដែលជាថៅកែភ្លើងមានភាពទទួលខុសត្រូវ ដោយសារតែឧបករណ៍សម្ភារៈមួយចំនួន ត្រូវបានខូចខាតដោយសារដាច់ចរន្តអគ្គិសនី ។
លោក អ៊ុង ហុងស៊ិន អ្នកម៉ៅការអគ្គិសនី ស្រុកស្ទោង បានឲ្យដឹងថាតាមទូរស័ព្ទថា ចំពោះតំលៃភ្លើងដែលបានគិតយក ពីប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនីនៅក្នុងស្រុកស្ទោង ក្នុងតំលៃ១៥០០រៀលនេះ គឺជាការកំណត់របស់អាជ្ញាធរ អគ្គិសនីទេ គឺមិនមែនលោកជាអ្នកកំណត់នោះទេ តែបើចង់ច្បាស់សុំឲ្យសួរអភិបាលខេត្តកំពង់ធំទៅ។
ប្រជាពលរដ្ឋបានរិះគន់ យ៉ាងចាស់ដៃទៅលើ លោក ពុយ សាពាង មេឃុំកំពង់ចិនត្បូងថា នៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក់ ជួបរឿងក្តៅក្រហាយ សុំឲ្យលោកមេឃុំជួយអន្តរាគមន៍ និងជួយផ្តល់មតិយោបលដើម្បីរកដំណោះស្រាយ តែលោកមេឃុំកំពង់ចិនត្បូងបែរជាមិនខ្ចីអើពើ តាមការសំណូមពររបស់ប្រជាពលរដ្ឋ បែរជាបានហាមប្រជាពលរដ្ឋ មិនឲ្យមកជួបជុំគ្នានៅសាលាឃុំនោះទេ ទើបពួកគាត់បា៊នមានការងឿងឆ្ងល់ថា សាលាឃុំជាទីតាំងសាធារណៈ និងជាកន្លែងសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ តែបែរជាគេចមិនជួយដោះស្រាយទៅវិញ៕
ដោយ ប៊ុន រដ្ឋា