ខេត្តរតនគិរី៖ គោយន្តមួយគ្រឿងដឹក ដើមស្វាយចន្ទីបានក្រឡាប់ធ្លាក់ផ្លូវសង្កត់ អ្នកជិះស្លាប់និងរបួស២នាក់ កាលពីវេលា ម៉ោង១១និង៥នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
តាមមន្ត្រីនគរបាលបានឲ្យដឹងថា ជន រងគ្រោះដែលបានបាត់បង់ជីវិតដោយសារ គោយន្តសង្កត់ពីលើពេលក្រឡាប់នោះឈ្មោះ តាគោជល់ អាយុ៤៥ឆ្នាំ ជនជាតិ គ្រឹង និងអ្នកបើកបររងរបួសធ្ងន់ឈ្មោះ ថុង អៀ ភេទប្រុស អាយុ៥៤ឆ្នាំ ដែលអ្នកទាំង ២រស់នៅភូមិកាផ្លិញ ឃុំល្បាំង ស្រុកលំផាត់ ខេត្តរតនគិរី ក្នុងទិសដៅពីកើតទៅលិច។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀត ថា ជនរងគ្រោះឈ្មោះ ថុង អៀ ដែលរបួស ធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯសាកសពជនរងគ្រោះត្រូវ បានក្រុមគ្រួសារដឹកបញ្ជូនទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។
ប្រភពដដែលបញ្ជាក់ថា គោយន្តដឹកកូន ដើមស្វាយចន្ទីដែលបានក្រឡាប់ធ្លាក់ពី លើផ្លូវកម្ពស់ប្រមាណជាង២ម៉ែត្រ រមៀល មកចូលក្នុងប្រឡាយគ្មានទឹកបានរងការ ខូចខាតយ៉ាងដំណំ ហើយកូនដើមស្វាយ ចន្ទីមួយចំនួនធំបានខូចខាតផងដែរ។
បើតាមសាក្សីឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគេបាន ឃើញគោយន្តខាងលើនេះបើកក្នុងល្បឿនលឿនដឹកដើមកូនស្វាយចន្ទីពេលមកដល់ជិតចំណុចកើតហេតុគោយន្តមួយគ្រឿងនេះបានរេចង្កូតចុះឡើងរួចក៏ប្រទាញធ្លាក់ក្រឡាប់មកខាងស្តាំដៃផ្លូវតែម្តង។
សាក្សី បានបន្តថា ករណីគ្រោះថ្នាក់ក្រឡាប់គោយន្តនេះអាចបណ្តាលមកពីអ្នកបើកបរ បើកលឿន និងដឹកកូនស្វាយចន្ទីធ្ងន់ពេកធ្វើឲ្យទាញចង្កូតបណ្តាលឲ្យក្រឡាប់តែម្តង ៕ ដោយ៖ យក្ស ឡោម