បន្ទាយមានជ័យ:មន្ត្រីពេទ្យសត្វនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យនិងការិយាល័យកសិកម្មស្រុកម៉ាឡៃបានស្ទាក់ ឆ្មក់បង្ក្រាបនូវសកម្មភាពលួចនាំចូលសត្វជ្រូកសាច់ពីប្រទេសថៃមកកម្ពុជាតាមច្រករបៀងនៃព្រំដែននៅពេលយប់ដើម្បីយកមកធ្វើការបូមឈាមធ្វើសំណាកវិភាគថាតើមានករណីជម្ងឺជ្រូកត្រចៀកខៀវឬអត?
លោកអីុវ វណ្ណា អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យអោយដឹងយប់ថ្ងៃទី៧មិថុនាថា:នៅម៉ោង១០និង៣០នាទីយប់ថ្ងៃទី៧មិថុនាឆ្នាំ២០១៦ សមត្ថកិច្ចពេទ្យបានឆ្មក់ ស្ទាក់ចាប់រថយន្តតូយ៉ូតាកាមរីសេ៊រីឆ្នាំ១៩៩១ ១គ្រឿងពាក់ស្លាកលេខព្រែវែង២A ០១៨៧ ដែលច្នៃជារថយន្តផ្ទុកដឹកញាត់សត្វជ្រូកសាច់ចំនួន១៣ក្បាលនៅចំណុចភូមិបន្ទាយទី១ឃុំទួលពង្រស្រុកម៉ាឡៃ។
ការបង្ក្រាបនោះព្រោះតែគ្មានលិខិតអនុញ្ញាតិនាំចូលចរាចរណ៍លក់ដូរនិងគ្មានការត្រួតពិនិត្យក្នុងវិធានពេទ្យសត្វ។
លោកបន្តថា ម្ចាស់សត្វជ្រូកនិងរថយន្តនោះមានឈ្មោះនី ឆាយភេទប្រុសនិងឈ្មោះឃួនសុធីជាបក្ខពួក ។ពួកគេបានឃុបឃឹតនឹងកម្លាំងនៅព្រំដែនហើយនាំសត្វជ្រូកសាច់ទាំងនោះពីស្រុកអារញ្ញខេត្តស្រះកែវមកច្រករបៀងទន្សាយអើតភូមិបន្ទាយទី១ដូចខាងលើជាបន្តបន្ទាប់ តែលើកនេះទើបបង្ក្រាបបាន។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យនិយាយថ្ងៃទី៨មិថុនាថា:ជាវិធានការមន្ត្រីពេទ្យសត្វត្រូវត្រួតពិនិត្យ ហើយឃើញថា ការនាំចូលនិងចរាចរណ៍នេះគ្មានច្បាប់អនុញ្ញាតិ គ្មានការត្រួតពិនិត្យ អនាម័យ សុខភាព។ហើយបន្តមកជំនាញនឹងបូមឈាមជ្រូកធ្វើសំណាកវិភាគវិធានពេទ្យសត្វរកជម្ងឺជ្រូកត្រចៀកខៀវ។បើមានត្រូវសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីកំទេចចោល។តែបើអត់វិញ ក៏ត្រូវផាកវិន័យអន្តរកាលដែរ។
សូមរំលឹកថា ការបង្ក្រាបនេះកើតឡើងក្រោយមានព័ត៍មានថា មានចលនាលួចនាំចូលខុសច្បាប់នូវសត្វជ្រូក មាន់ ទាពីប្រទេសថៃមកប្រទេសកម្ពុជាតាមច្រករបៀងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបន្តបន្ទាប់ ហើយជំនាញខកខានបង្ក្រាបជាប្រចាំ៕ដោយ:ឃិន គន្ធា