ភ្នំពេញ ៖ ក្រុមចោរ២នាក់បានប្រើដាវសាម៉ូរៃបំណងកាប់ប្លន់យកម៉ូតូDUCK ពីយុវជន២នាក់ ដោយបានយកស្រីមកធ្វើជាធ្នាក់ឱ្យអង្គុយលេងជាមួយ ប៉ុន្តែមិនបានសម្រេច ដោយបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២នឹង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចសួនច្បារមុខអគ្គបញ្ជាការក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។ ប្រភពពត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេទាំង២នាក់ បាននាំគ្នាជិះម៉ូតូDUCK ពណ៍សខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-8584 ជិះឌុបគ្នាមកអង្គុយលេងលើសួនច្បារនៅកន្លែងកើតហេតុ ខណះកំពុងជជែកគ្នាក៏ស្រាប់តែមាននារីម្នាក់ដើរមកនិយាយលេងជាមួយគ្នាមួយភ្លេចហើយក៏ដើរដេញទៅវិញបាត់ ។ មួយស្ទុះក្រោយមកនារីម្នាក់នោះក៏បានដើរមកអង្គុយលេងជាមួយវិញម្តងទៀត ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាក ឌុបគ្នាមកឈប់ហើយបានដកដាវសាម៉ូរ៉ៃ រត់សំដៅមករកខ្លួនបំណងធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ឃើញដូច្នេះពួកគេក៏នាំគ្នារត់ ទៅរកកន្លែងដែលមានមនុស្សម្នាច្រើនដើម្បីឱ្យគេឯងជួយ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
មួយសន្ទុះយុវជនជាម្ចាស់ម៉ូតូបានរត់មករកម៉ូតូវិញនៅកន្លែងប៉ុន្តែមិនឃើញដោយគិតថាចោរយកម៉ូតូខ្លួនទៅបាត់ ប៉ុន្តែពេលនោះដោយសារតែជនរងគ្រោះបានយកសោរម៉ូតូទៅជាមួយ ទើបជនសង្ស័យយមកម៉ូតូទៅមិនកើត ហើយម៉ូតូត្រូវបានយោធាដែលនៅប្រចាំការនៅអគ្គបញ្ជាការក្រសួងការពារជាតិ ចេញមកអន្តរាគមន៍និងយកម៉ូតូទុកឱ្យ ។
ក្រោយមកយោធាក៏បានឱ្យម៉ូតូទៅយុវជនទាំង២នាក់វិញ ចំណែកសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែមកសួរនាំ ហើយជនរងគ្រោះក៏មិនបានទៅដាក់ពាក្យបណ្តឹងអ្វីនោះដែរ ៕