តាកែវ ÷ កម្លាំជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រះបាទជាន់ជុំ បានធ្វើការចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយធំ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៨នាក់ ជាមួយវត្ថុតាងថ្នាំញៀនមួយចំនួនធំ ផងដែរ។
លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីង់បានឲ្យដឹងថា ក្នុងការចុះប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងវេលាថ្ងៃត្រង់ ទី០៥ខែមិថុនា ឆ្នាំ២០១៦ ដោយកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន២នាក់ រួមមានឈ្មោះ ចាន់ រាជថាវរី ហៅញ៉ាញ់ ភេទស្រី អាយុ១៦ឆ្នាំ បានទិញថ្នាំញៀនពីឈ្មោះ ហេន រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដើម្បីយកទៅលក់បន្ត ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់រួចមក សមត្ថកិច្ចបានធ្វើការសួរនាំរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ផ្សេងទៀត រួមមាន ទី១ឈ្មោះសេង រដ្ឋា អាយុ២៥ឆ្នាំ ទី២ឈ្មោះ ជីម សុខា អាយុ៣៤ឆ្នាំ ទាំង២អ្នករស់នៅភូមិឃុំកើតហេតុខាងលើ ទី៣ឈ្មោះ រិន ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតារុង ឃុំភ្នំដិនស្រុកគិរីវង់ ទី៤ឈ្មោះ ខែម ផា អាយុ២១ឆ្នាំ រស់នៅភូមិតាឡង់ ឃុំភ្នំដិន ស្រុកគិរីវង់ ទី៥ឈ្មោះ អៀង ធារិទ្ធ អាយុ៣៣ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចធ្វើការឆែកឆេរនិងដកហូតបានវត្ថុតាងមួយចំនួនធំរួមមានថ្នាំញៀនប្រភេទម៉ាទឹកកចំនួន០៦កញ្ចប់ធំនិង០៧កញ្ចប់តូច ទូរស័ព្ទដៃ១៨គ្រឿង គ្រឿងអលង្កា(មាស) ទម្ងន់២តម្លឹង ៦ជី ៦ហ៊ុន លុយដុង១៦០ពាន់ដុង លុយរៀល ១លានរៀល និងលុយដុល្លារ២ពាន់ដុល្លារ រួមនិង សម្ភារៈមួយចំនួនទៀតមានដាវសាម៉ូរ៉ៃ ១ដើម កាំបិតស្នៀត១ ដំបងពីកំណាត់ចំនួន៤ដើម ព្រមទាំងសម្ភារៈជក់គ្រឿងញៀនមួយចំនួនទៀតផងដែរ។បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៦នេះដើម្បីចាត់ការតាមនីតិវិធី៕(