ដោយ យក្ស ឡោម
ខេត្តរតនគិរី ៖ លោក ផែន ឌីណា ស្នង ការរងខេត្តរតនគិរីបានប្រាប់ឲ្យដឹងនៅព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ថា ជនរងគ្រោះ ដែលត្រូវចោរបាញ់ធ្លាយពោះប្លន់យកប្រាក់ និងគ្រឿងអលង្ការនៅស្រុកលំផាត់បានរួច ផុតពីសេចក្តីស្លាប់ បន្ទាប់ពីបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ
ក្នុងប្រទេសវៀតណាម ។ ប៉ុន្តែចំពោះក្រុមចោរប្លន់សមត្ថ កិច្ចនៅពុំទាន់កំណត់ និងចាប់ខ្លួនបាននៅ ឡើយទេ តែយ៉ាងណាករណីនេះសមត្ថកិច្ច បាននិងកំពុងដុតដៃដុតជើងដើម្បីតាម ចាប់ខ្លួនក្រុមចោរប្លន់នេះហើយ ។លោកស្នងការរងរូបនេះបានឲ្យដឹង បែបធុញទ្រាន់នឹងអ្នកយកព័ត៌មានទៀតថា ប្រសិនបើសមត្ថកិច្ចចាប់បានក្រុមចោរ ប្លន់នោះគេមិនលាក់ ហើយនឹងប្រាប់អ្នក កាសែតភ្លាម ។គួររំលឹកថា កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចអូរទទឹង ស្ថិតក្នុង ភូមិកាទៀង ឃុំល្បាំងមួយ ស្រុកលំផាត់ ខេត្តរតនគិរីមានករណីប្លន់ប្រដាប់អាវុធ មួយបានកើតឡើងទៅលើគ្រួសារម្ចាស់ ចម្ការក្រូច ហើយបានប្លន់យកលុយនិង គ្រឿងអលង្ការជាច្រើន រួចក្រុមចោរបាន នាំគ្នារត់គេចខ្លួនដោយសុវត្ថិភាព ។
នៅថ្ងៃកើតហេតុតាមមន្ត្រីនគរបាល មូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែល ត្រូវចោរបាញ់ធ្លាយពោះពេលដែលព្យាយាម រត់ចេញពីក្នុងផ្ទះនោះឈ្មោះ ស៊ុក សារិន ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាក្មួយបង្កើត របស់ម្ចាស់ផ្ទះ ។ បន្ទាប់ពីក្រុមចោរគេចខ្លួន តាមច្រកក្រោយនៃផ្ទះជនរងគ្រោះ ជនរង គ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្ត ប៉ុន្តែដោយសាររបួសធ្ងន់ ពេកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ បន្តនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា បើតាម ការអះអាងពីស្ត្រីម្ចាស់ផ្ទះ និងជាថៅកែ ចម្ការក្រូចឲ្យដឹងថា ក្រុមចោរមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងអាកា១ដើម និងកាំភ្លើង ខ្លី១ដើម និងបក្ខពួកម្នាក់ទៀតមានកាន់ ដែកស្បែងផងដែរ ។ ម្ចាស់ផ្ទះបានឲ្យដឹង ទៀតថា ក្រុមចោរប្លន់បានប្រមូលយកលុយ ចំនួន២.៤០០.០០០រៀល ប្រាក់ដុល្លារ ចំនួន២.១១០ដុល្លារ និងគ្រឿងអលង្ការ រួមមាន ចិញ្ចៀនមាសទម្ងន់២តម្លឹង ខ្សែក កងដៃប្លាទីនសរុបទម្ងន់២តម្លឹង ។ស្ត្រីឈ្មោះ ហ៊ វឿត អាយុ៦៣ឆ្នាំ ជាម្ចាស់ ចម្ការក្រូចនិងជាជនរងគ្រោះបាននិយាយដែរថា ក្រុមចោរក្រោយពីប្រមូលយកលុយ និងគ្រឿងអលង្ការហើយនោះពួកវាបាន នាំគ្នាគេចខ្លួនចេញតាមរបងក្រោយផ្ទះ។ដោយឡែកមន្ត្រីនគរបាលស្រុកលំផាត់ បានឲ្យដឹងថា ផ្ទះស្ត្រីរងគ្រោះស្ថិតនៅដាច់ ស្រយាលពីអ្នកភូមិឯទៀត ទើបក្រុមចោរ ងាយធ្វើសកម្មភាពប្លន់ ។
ករណីប្លន់ប្រដាប់អាវុធខាងលើេនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកលំផាត់ ខេត្ត រតនគិរីបានលើកឡើងថា គេមិនរំពឹងនិង សង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនក្រុមចោរ ប្លន់ទាំងហ្វូងនេះបានទេ ព្រោះកន្លងទៅ អសន្តិសុខលួច ប្លន់ កម្រសមត្ថកិច្ចបង្ក្រាប បានខ្លាំងណាស់ ៕




































