ភ្នំពេញៈ ជនសង្ស័យម្នាក់បានយកទូរស័ព្ទជ័រចំនួនពីរគ្រឿងទៅបន្លំលក់អោយស្ត្រីជាអ្នកលក់ការហ្វេរតាមរឺម៉កម៉ូតូចំនួន៥០មឺុន តែត្រូវប្ដីរបស់ជនរងគ្រោះតាមចាប់ឃាត់ខ្លួនអោយសង់ប្រាក់វិញដោយមិនដាក់ពាក្យបណ្ដឹង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចខាងមុខសាលា នីម ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ហើយឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្ទះសំណាក់មួយកន្លែងនៅខាងមុខប៉ុស្ដិ័រដ្ឋបាលនគរបាល ផ្សារថ្មី២ ខណ្ឌដូនពេញ។
ជនសង្ស័យមានឈ្មោះ សុ ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងផ្ទះសំណាក់កន្លែងឃាត់ខ្លួន ។ ចំណែកជនរងគ្រោះមានឈ្មោះ នាង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់កាហ្វេរ មុខសាល នីម និងមានប្តី ឈ្មោះ រិទ្ធ អាយុ៣៥ លក់កាហ្វេរ នៅកែងមន្ទីរពេទ្យកាល់ម៉ែត្រ ។
បើតាមការរៀបរាប់ពីបុរសជាប្ដីបានអោយដឹងថា នៅមុនពេលកើតហេតុប្រពន្ធរបស់គាត់កំពង់តែឈរលក់ការហ្វេរនៅខាងមុខសាលានីមតែម្នាក់ឯងហើយជនសង្ស័យបានដើរមកជិតនិងយកទូរស័ព្ទសេរីទំនើបពីរគ្រឿង(ទូរស័ព្ទជ័រ)លក់អោយប្រពន្ធគាត់តម្លៃត្រឹមតែ៥០មឺុនបណ្ណោះ។ ពេលដែលឃើញទូរស័ព្ទទំនើបហើយធូថ្លៃប្រពន្ធគាត់ក៏ព្រមទិញហើយបានតេទូស័ព្ទហៅគាត់អោយទៅជួយមើល។ ពេលដែលរូបគាត់ទៅដល់ជនសង្ស័យបានហៅម៉ូតូជិះចេញបាត់ ហើយរូបគាត់បានយកទូរស័ព្ទមកមើលទើបដឹងថាទូរស័ព្ទជ័រ។
ក្រោយមកបុរសជាប្ដីបានទំនាក់ទំនងទៅបុរសជាអ្នករត់ម៉ូតូឌុបដែលឌុបជនសង្ស័យនោះទើបដឹងពីកន្លែងស្នាក់នៅនិងឈរចាំមើលរហូតជិតមួយម៉ោងទើបជនសង្ស័យចេញមកក្រៅក៏ឃាត់ខ្លួនតែម្ដង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានហើយពេលឆែកលើកខ្លួនជនសង្ស័យបានឃើញទូរស័ព្ទជ័រពីរគ្រឿងទៀតតែមិនបានឃើញប្រាក់នោះទេ។ ក្រោយមកជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេដោយអោយជនសង្ស័យរកប្រាក់មកអោយខ្លួនវិញ ចំណែកជនសង្ស័យក៏បានអោយប្រពន្ធខ្ចីប្រាក់គេបានតែ៤០មឺុនប៉ុណ្ណោះដើម្បីយកទៅអោយជនរងគ្រោះវិញ ហើយជនរងគ្រោះក៏ព្រមទទួលយកដើម្បីបញ្ចប់រឿងតែម្ដង។