ដោយ យក្ស ឡោម
ខេត្តរតនគីរី៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅភូមិសោមត្រក បានលើកគ្នា តបតប្រឆាំង និងការដឹកនាំកម្លាំងដោយលោកចៅក្រម សាលាដំបូងខេត្តរតនគីរី ចុះអនុវត្តន៍ដិកាសម្រេច របស់សាលាដំបូងខេត្ត ក្នុងការរក្សាការពារ ដីមានទំនាស់ពុំទាន់មានដំណោះស្រាយ។លោក គង់ តាំងម៉េង តុលាការអនុវត្តន៍ នៃសាលាដំបូងខេត្តរតនគីរី បានដឹកនាំកម្លាំង សមត្ថកិច្ចខេត្ត សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចស្រុកអូរយ៉ាដាវ ចុះអនុវត្តន៍ដិការសម្រេច រក្សាការពារ ដីទំហំ ២០០ម៉ែត្រ x ១០០០ម៉ែត្រ ស្ថិតក្នុងភូមិ សោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ តាមដិការសម្រេច របស់សាលាដំបូងខេត្ត មិនអោយភាគីណាមួយ មកអាស្រ័យផលលើដីនេះ ដោយមិនទាន់មានដំណោះស្រាយណាមួយនោះ។ ក៏ប៉ុន្តែ ត្រូវប្រជាពលរដ្ឋ តបតការអនុវត្តន៍ដិការនេះយ៉ាងខ្លាំង។បើតាមសំដីប្រជាពលរដ្ឋថា ដីនេះជាដីសហគមន៍ភូមិ របស់ពួកគាត់ ត្រូវលោក នូ លី រំលោភយក។ ក៏ប៉ុន្តែពួកគាត់មិនមានអំណះអំណាងណាមួយ អោយបានជាក់លាក់នោះទេ។
ចំណែកលោក នូ លី ដែលត្រូវប្រជាពលរដ្ឋចោទប្រកាន់ថា រំលោភយកដីសហគមន៍ពួកគាត់នោះ បានបញ្ជាក់ថា ដីនេះគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៩៥ មកម្លេះ តែគាត់មានលិខិតកាន់កាប់ចាប់ពីឆ្នាំ១៩៩៧ ហើយគាត់បានអាស្រ័យផលរហូតមក។ តែកាលពី ២ឆ្នាំមុន ត្រូវភ្លើងឆេះដើមកៅស៊ូ និងកាហ្វេអស់ទៅ ទើបគាត់ជីកយកគល់កៅស៊ូចេញ ហើយភ្ជួរយ៉ាងស្អាត ស្រាប់តែ ក្រុមប្រជាពលរដ្ឋ មកដាំដំឡូង ហើយបោះបង្គោលចែកគ្នាតែម្ដង។
លោក ងើយ ដន អធិការរងស្រុកអូរយ៉ាដាវបានឲ្យដឹងថា ប្រជាពលរដ្ឋមកដាំដំឡូង និងបោះបង្គោលចែកដីគ្នានេះជាងមួយខែមកហើយ កាលពីខែមុនគាត់ក៏បាននាំកម្លាំង ចុះមកហាមឃាត់ ការដាំដំឡូងមីនេះ ហើយអោយពួកគាត់ដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំនួន២លើកមកហើយ តែពួកគាត់មិនព្រមបញ្ឈប់សកម្មភាពរបស់គាត់ទេ។លោក គង់ តាំងម៉េង តុលាការអនុវត្តន៍ ក៏បានបញ្ជាក់ថា ដីនេះមិនទាន់មានដំណោះស្រាយ ណាមួយនៅឡើយទេ ដូច្នេះត្រូវរក្សាការពារដោយតុលាការ មិនត្រូវអោយភាគីណាមួយមកអាស្រ័យផលលើដីនេះទេ។គួរបញ្ជាក់ថា គ្រឿងចក្រដែលតុលាការដឹកនាំមកបំរុងនិងធ្វើការឈូសឆាយដំឡូងមីលើដីមានទំនាស់ចោលនោះ ត្រូវបានផ្អាកទៅវិញ ដោយមានការប្រឆាំងតបត យ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋ ។ លោកតុលាការមិនចង់អោយមានអំពើហឹង្សាកើតឡើង លោកក៏បានអោយភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ហើយមានការព្រមព្រៀងគ្នា ដោយមិនភ្ជួរដំឡូងចោល ពោលគឺ ទុកអោយនៅដដែល តែមិនអោយភាគីណាមួយមកលូកលាន់លើផលដំណាំនេះ រងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ចប់សព្វគ្រប់ជាមុនសិន។ ហើយគ្រាន់តែរុះរោងតូចៗ ដែលពួកគាត់បានសង់ជាទីជំរក ដឹកយកទៅរក្សាទុកជាវត្ថុតាងតែប៉ុណ្ណោះ៕