​បុណ្យ​ទេសន៍​ផ្តាច់​កម្ម​ពៀរ​ដែល​គ្រប់គ្នា​យល់ថា វា​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​មិនអាច​ជៀសផុត

0

សៀមរាប៖ នៅពេលដែលមានមនុស្សឈឺរ៉ាំរ៉ៃ ជាពិសេស ទាក់ទិននឹងជំងឺរបស់មនុស្សចាស់ ដែលគ្រប់គ្នាយល់ថា វាជារឿងធម្មជាតិរបស់មនុស្សមិនអាចជៀសផុត ដូនតាខ្មែរតែងមានកិច្ចពិធីមួយចំនួនទៀត ដើម្បីជួយអបស្ទបជីវិតរបស់ពួកគាត់។ ពិធីនោះសោតមានតូចមានphoto_2016-06-11_11-06-08ធំ ទៅតាមលទ្ធភាពជាក់ស្តែងរបស់ក្រុមគ្រួសារនៃអ្នកជំងឺ។ គោលបំណងសំខាន់នៃពិធីគឺដើម្បីរំដោះកម្មពៀរ ឬថា ផ្តាច់កម្មពៀរផ្សេងៗ ហើយអាចជួយទ្រទ្រង់អាយុជីវិតរបស់អ្នកជំងឺនោះឲ្យបានយូរតទៅទៀត។សម្រាប់អ្នករស់នៅក្នុងតំបន់អង្គរ ពិធីដែលគេតែងធ្វើសម្រាប់អ្នកជំងឺមានដូចជា ពិធីបុណ្យចន្ទសុក្រគិរីសូត្រ បុណ្យចម្រើនអាយុ បុណ្យឆាន់ដារ ពូនភ្នំខ្សាច់ជាដើម។ មានពិធីបុណ្យមួយទៀត ដែលអ្នកអង្គរតែងធ្វើដែរនោះគឺ បុណ្យទេសន៍ផ្តាច់កម្ម និងសូត្រធម៌ឲ្យអ្នកជំងឺស្តាប់។ ធម៌ដែលត្រូវសូត្រឲ្យអ្នកជំងឺស្តាប់នោះសោតទៀត បើអ្នកជំងឺមានសភាពធ្ងន់ខ្លាំង ព្រះសង្ឃ ឬអាចារ្យអ្នកចេះសូត្រ ត្រូវសូត្រធម៌គិរីមានន្ទ និងធម៌កាវតារ ឬហៅថា អាការវតារសូត្រ។ តែបើអ្នកជំងឺមានសភាពធូរស្រាលហើយ គេសូត្រត្រឹមតែធម៌គិរីមានន្ទប៉ុណ្ណោះ។

និយាយពីពិធីបុណ្យទេសន៍ផ្តាច់កម្ម ដែលអ្នកភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្បែរប្រាសាទក្រវ៉ាន់នៃរមណីយដ្ឋានអង្គរ ទើបតែប្រារព្ធនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។ ពិធីនេះត្រូវបានកូនចៅប្រារព្ធឡើងជូនចំពោះលោកយាយ ជុច យិន ដែលមានអាយុ៨៦ឆ្នាំ។ លោកយាយមានជំងឺរយៈពេលប្រហែលកន្លះខែមកហើយ ដោយចេះតែរាករូស និងខ្សោះអស់កម្លាំងពីខ្លួនរហូតដល់ងើបលែងរួច។ ក្រៅពីទទួលការព្យាបាលតាមក្បួនពេទ្យសម័យ មានចាក់ថ្នាំលេបថ្នាំរួចហើយ ក៏ត្រូវគិតគូររៀបចំពិធីបុណ្យទេសន៍ផ្តាច់កម្មបន្តទៀត។

ពិធីនេះត្រូវបានរៀបចំឡើងដោយមិនមានព្រះសង្ឃនិមន្តចូលរួមទេ ពោលគឺមានតែអាចារ្យអ្នកដឹកនាំ ចាស់ទុំក្នុងភូមិ និងកូនចៅប៉ុណ្ណោះ។ ចាស់ទុំទៀតសោត ក៏មិនមានច្រើនណាស់ណាដែរ បើរាប់ទៅប្រហាក់ប្រហែល១០ទៅ២០នាក់ប៉ុណ្ណោះ។ តាមការសង្កេត ការរៀបចំពិធីនេះហាក់គិតគូរពីក្បួនច្បាប់ទំនឹមទំនៀមច្បាស់លាស់ណាស់ដោយសារពីដំបូង ចាស់ទុំអ្នកមកជួយរៀបចំពិធីបានត្រឹមតែជួយការងារសាមញ្ញៗដូចជា កាច់បាយសី រៀបចំផ្ទះសម្បែង ក្រាលកន្ទេលជាដើម។ ចំណែកចំណុចសំខាន់ៗនៃពិធីដូចជា ការរៀបចំព្រះបត់នៅទិសណា អ្នកជំងឺត្រូវសម្រាន្តទៅទិសណា អ្នកទេសន៍ត្រូវអង្គុយទិសណា ផ្លូវយោងព្រលឹងរៀបចំយ៉ាងណា សុទ្ធតែត្រូវរង់អាចារ្យធំមករៀបចំទើបចាត់ថាត្រឹមត្រូវតាមច្បាប់ទម្លាប់។

ចំពោះគ្រឿងរណ្តាប់នៃការរៀបចំពិធីនេះ មានការរៀបចំបាយសី កូនភ្នំខ្សាច់មួយ គ្រែព្រះធម៌៣គ្រែ គ្រឿងបន្លុង១ឈុតធំ ដែលមានរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជា មុង ភួយ ខ្នើយ ចានស្លាបព្រាឆ្នាំង ជំនីកដៃ ចង្កៀងប្រេងកាត។ល។ ការរៀបចំគ្រឿងបន្លុងនេះ តាមសង្កេតមើលទៅ គឺតម្រូវទៅតាមអ្នកជំងឺដែលគាត់ចង់បានអ្វីខ្លះ ដែលគាត់គិតថា បើគាត់ស្លាប់ទៅអាចបានរបស់នោះប្រើប្រាស់មិនខ្វះខាត។ គ្រឿងបន្លុងនេះ គេទុកប្រគេនព្រះសង្ឃនៅពេលក្រោយ គឺប្រហែលក្រោយពេលគេឈប់សូត្រធម៌ហើយនិមន្តព្រះសង្ឃមកឆាន់មួយព្រឹក។

និយាយពីកិច្ចសំខាន់ដែលត្រូវធ្វើក្នុងពិធីនេះវិញ ហាក់ដូចជាមិនវែងណាស់ណានោះទេ បើគិតទៅប្រហែល១ម៉ោងជាងប៉ុណ្ណោះ។ អាចារ្យអ្នកចាត់ចែងពិធីដឹកនាំសូត្រធម៌នមស្ការ និងពូនភ្នំខ្សាច់ផ្តាច់កម្មពៀរ។ បន្ទាប់មក ក៏ធ្វើពិធីហៅព្រលឹងអ្នកជំងឺយ៉ាងលន្លង់លន្លោច គួរឲ្យអាណិតខ្លួនណាស់។ “មកវ៉ើយមកណា ព្រលឹងយាយយិនណា! ព្រលឹងប្រាំបួនដណ្តប់ សព្វគ្រប់ មកនៅរូបនៅអង្គ មើលកូនមើលចៅ! សូមជាស្រណុកសុខសប្បាយ គេបបួលកុំទៅ គេហៅកុំឆ្លើយ ព្រលឹងយាយយិនហើយ មកនៅរូបនៅអង្គ! ផ្ទះយើងធំស្រណុំស្រណុក ស៊ីចេកអំបុក ស៊ីត្រាវដំឡូង ស៊ីចេកដេកនៅ ស៊ីអំពៅដើរលេង! មកវ៉ើយមកណា ព្រលឹងយាយយិនណា! … …។”

ក្រោយហៅព្រលឹងហើយ អាចារ្យក៏ទាញយកគម្ពីរសាស្ត្រាមកទេសន៍ឲ្យអ្នកជំងឺស្តាប់។ តាមស្តាប់ទៅ សេចក្តីនៃធម៌ទេសន៍នោះ គឺរៀបរាប់អំពីធម្មសង្វេគផ្សេងៗដូចជាថា រូបនេះតែងជរាគ្រាំគ្រាជាធម្មតា មិនអាចនរណានឹងជៀសផុតរត់រួចឡើយ រូបនេះតែងបែកធ្លាយស្លាប់ទៅជាធម្មតា គ្មាននរណាអាចនឹងប្រឆាំងតតាំងនឹងសេចក្តីស្លាប់បានឡើយ មានតែការធ្វើបុណ្យសុន្ទរទានពីពេលនេះតទៅទេ ទើបបានជាទីពឹងពំនាក់របស់យើងគ្រប់គ្នា… …។ ធម៌ទេសន៍នេះមានរយៈពេលប្រហែលកន្លះម៉ោង ដោយអាចារ្យអ្នកទេសន៍លើកដាក់សំឡេងមួយៗ ទៅតាមចង្វាក់ និងសាច់ធម៌។ទេសន៍ចប់ហើយ អាចារ្យក៏អង្គុយសមាធិមួយសន្ទុះ ហើយក៏ងាកមកនិយាយជាមួយអ្នកជំងឺ ប្រាប់ពីការងារដែលត្រូវធ្វើបន្តផ្សេងៗដូចជា មិនឲ្យប៉ះជើងពានមុនថ្ងៃកំណត់ (ប្រហែលជាពានព្រលឹង) ត្រូវអុជចង្កៀងប្រេងកាតបំភ្លឺកុំឲ្យរលត់ និងអុជធូបធំបន្តរហូតដល់ថ្ងៃដែលកំណត់ជាដើម។ បើតាមចាស់ទុំពិភាក្សាគ្នា នៅពេលព្រលប់នឹងមានអាចារ្យ ឬអ្នកចេះសូត្រធម៌ មកសូត្រធម៌គិរីមានន្ទរហូត៣យប់ជាប់គ្នា ហើយនិងមាននិមន្តព្រះសង្ឃមកឆាន់មួយព្រឹកទៀតនៅពេលឆាប់ខាងមុខ ទើបពិធីនេះចាត់ទុកថាចប់សព្វគ្រប់។

នេះជាភាពរស់រវើកមួយទៀតនៃទំនៀមទម្លាប់របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកជាច្រើនជំនាន់មកហើយក្នុងតំបន់អង្គរ។ រហូតមកដល់ពេលនេះ ពិធីប្រពៃណីទំនៀមទម្លាប់ជាច្រើនដែលកំពុងតែបន្តរស់នៅជាមួយអ្នកស្រុកអង្គរ បើទោះជាពិធីខ្លះបានវិវត្តតិចតួចទៅតាមកាលសម័យក្តី តែក៏នៅតែរក្សាបាននូវទ្រង់ទ្រាយដើមនៃវប្បធម៌របស់ដូនតាខ្មែរដែលជាអត្តសញ្ញាណរបស់ជាតិយើង។ អាជ្ញាធរជាតិអប្សរាដែលមានតួនាទីក្នុងការងារអភិរក្ស ថែរក្សាបេតិកភណ្ឌក្នុងរមណីយដ្ឋានអង្គរ សូមគោរពកោតសរសើរនូវស្មារតីស្រឡាញ់ថែរក្សាបេតិកភណ្ឌអរូបីរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំប់អង្គរ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅសូមចូលរួមថែរក្សានូវកេរមត៌កដូនតាយើងឲ្យមានជីវិតជាអមតៈតរៀងទៅ៕photo_2016-06-11_11-06-22 photo_2016-06-11_11-06-27 photo_2016-06-11_11-06-30 photo_2016-06-11_11-06-16 photo_2016-06-11_11-05-59 photo_2016-06-11_11-05-53 photo_2016-06-11_11-06-04 photo_2016-06-11_11-05-49