(កណ្តាល)៖ អធិការនគរបាលស្រុកល្វាឯម ខេត្តកណ្តាល លោក ជា ថុល បានប្រាប់អង្គភាព ថា គិតត្រឹមក្បាលព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថ ព្រមទាំងប្រជាពលរដ្ឋ បានចុះរាវរកឃើញសពក្មេងស្រីអាយុ២ឆ្នាំ និងម៉ូតូមួយគ្រឿងហើយ ក្នុងករណីលិចទូកដ នៅកំពង់ចម្លងកោះកែវ-ជ្រោយដង ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម នៃទន្លេមេគង្គក្រោម។
លោក ជា ថុល បានបញ្ជាក់ថា “តាំងពីនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ រហូតមកដល់មកដល់ម៉ោង៥៖៣០នាទីល្ងាច ខ្ញុំជាអធិការនគរបាល ស្រុកល្វាឯម បានដឹកនាំកម្លាំងនគរបាល២៥នាក់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ២នាក់ ព្រមទាំងប្រជាជន បានជួយស្ទូចទូកដលិច និងស្វែងរកសាកសពក្មេងស្រីអាយុ២ឆ្នាំ ហើយរកម៉ូតូចំនួន៤គ្រឿង ដោយប្រើប្រាស់ អេសស្កាវឺទ័រមួយគ្រឿង ទូកតូច៤គ្រឿងមកមុជចងទាញទូកដ ដែលលិចនោះ”។
លោកបានបន្តទៀតថា “កិច្ចប្រតិបត្តិការមកដល់ម៉ោង៥:៣៥នាទី បានអូសទូកបានពាក់កណ្ដាលមកលើមាត់ច្រាំង ហើយបានចុះរាវរកឃើញសាកសពក្មេងស្រីឈ្មោះសីុណា យូសៀក អាយុ២ឆ្នាំប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងរកឃើញម៉ូតូមួយគ្រឿង នៅបាត់៣គ្រឿងទៀត យើងកំពុងស្វែងរក”។
សូមបញ្ជាក់ថា សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ បានបណ្តាលជនរងគ្រោះ២នាក់ (ជាជីតា និងចៅស្រី) បានលង់ទឹកស្លាប់ លិចម៉ូតូ៤គ្រឿង និងលុយកាក់ ទ្រព្យសម្បតិ្តមួយចំនួនទៀត ចូលទៅក្នុងទន្លេ ហើយនៅល្ងាចថ្ងៃម្សិលមិញ សពជីតាត្រូវបានរកឃើញ និងស្រង់មកលើគោកខណៈទូកដ ទើបតែរកឃើញនៅព្រឹកថ្ងៃដដែលនោះ។
មន្ត្រីនគរបាលស្រុកល្វាឯម បានឲ្យដឹងថា នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកំពង់ចម្លង «កោះកែវជ្រោយដង» ក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ មានហេតុការណ៍ទូកចម្លង បានដឹកអ្នកដំណើរពីចំណុចកំពង់កោះកែវ ឆ្លងទន្លេ ទៅចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលមានអ្នកធ្វើដំណើរសរុប៨នាក់ ក្នុងនោះស្រី៦នាក់។
ពេលរៀបចេញដំណើរ មេឃ ងងិត រលឹមតិចៗ ហើយទូកថយចេញេពីខាងបានប្រហែល៣០ម៉ែត្រ ស្រាប់តែធ្លាក់ភ្លៀងខ្យល់ខ្លាំងបក់ មកដល់បង្កឲ្យមាន រលកធំៗ បោកមកលើទូក បណ្តាលឲ្យក្រឡាប់លិចតែម្តង។ ភ្លាមៗនោះ អ្នកដំណើរបានហែលរួចខ្លួនចំនួន៦នាក់ ប្រុស២នាក់ ស្រី៤ ហើយបាត់ខ្លួន ២នាក់ រកប៉ុន្តែក្រោយមកឃើញសាកសពម្នាក់ នៅសល់ម្នាក់គឺក្មេងស្រី អាយុ២ឆ្នាំ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះទី១ ឈ្មោះ ឈឺន កូ អាយុ៦១ឆ្នាំ មុខរបរកសិករ និងទី២ជាចៅស្រី ឈ្មោះ គីណា យូសៀក អាយុ២ឆ្នាំ អ្នកទាំង២រស់នៅភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម។ ដោយឡែក ម្ចាស់ទូកដឈ្មោះ ស៊ុន ថៃ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ហើយអ្នកបើកបរទូក ឈ្មោះ ស៊ុន គីមលី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកោះកែវលើ ឃុំកោះកែវ គេចខ្លួនបាត់។
ដោយឡែកសម្ភារដែលត្រូវបាត់បង់រួមមាន៖ ១. ម៉ូតូC១២៥ ស៊េរី២០១៥ ចំនួន ១គ្រឿង ២.ម៉ូតូC១២៥ស៊េរី ២០១២ ចំនួន១គ្រឿង ៣.ម៉ូតូ គុបជ្រុងC៩០ចំនួន១គ្រឿង ម ៤.ម៉ូតូC១២៥ស៊េរី ២០១៣ ចំនួន១គ្រឿង ទី៥-ទូរស័ព្ទចំនួន៥រឿង ទី៦-ប្រាក់៧០០ដុល្លារ និងប្រាក់៥២០០០០រៀល ព្រមទាំងឯកសារមួយចំនួនទៀត៕