តាកែវ ÷ គ្រូទាក់សត្វលលកនិងសិស្សម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗពេលដែលកំពុងរង់ចាំចាប់លលក់ដែលជិតចូលអន្ទាក់ខ្លួនពេលមេឃរកកលជិតភ្លៀង។
ហេតុការរន្ទះបាញ់គ្រូនិងសិស្សទាក់លលក់នេះកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅកណ្តាលវាលស្រែនៅភូមិឬស្សី ឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ បើតាមសាច់ញាតិជនរងគ្រោះបាននិយាយថា គ្រូនិងសិស្សទាំងពីរនាក់ដែលរងគ្រោះនេះបានទៅរកទាក់សត្វលលកតាំងពីមេឃមិនទាន់ភ្លៀង លុះមេឃរកកលនិងភ្លៀងពួកគាត់នៅតែមិនត្រឡប់មកផ្ទះដោយសង្ស័យថាអាចនៅរង់ចាំចាប់សត្វដែលជិតចូលអន្ទាក់ខ្លួន។ ពួកគាត់បន្តថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ គា ប៊ុណ្ណា ភេទប្រុស អាយុ៥២ឆ្នាំ ជាគ្រូ និង ឈ្មោះ ឆាយ នី ភេទប្រុស អាយុ២៩ឆ្នាំ ជាសិស្ស អ្នកទាំងពីររស់នៅភូមិជ្រោយ ឃុំចំប៉ា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
បច្ចុប្បន្នសពទាំងពីរត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ក្រោយពេលដែលសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ។ សូមបញ្ជាក់ផងដែរថា នៅឃុំចំប៉ាដែលទទួលបានភ្លៀងធ្លាក់យ៉ាងជោគជាំកាលពីថ្ងៃទី១០នោះ ក៏មានខ្យល់កន្ត្រាក់បោកបករលំផ្ទះប្រជាពលរដ្ឋទាំងស្រុងអស់ពីរខ្នងផ្ទះផងដែរ គឺនៅភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ចំណែកឯស្រុកសំរោងវិញ ក៏មានផ្ទះប្រពលរដ្ឋត្រូវខ្យល់កន្ត្រាក់បោកបក់រលំទាំងស្រុកអស់០៦ខ្នង និង រងផលប៉ះពាល់០៧ ខ្នងផងដែរ គឺនៅភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ៕