បាត់ដំបងៈ ជាញឹកញាប់គេតែងតែឮពាក្យរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ
និងមន្ត្រីរាជការក្នុងក្រុងបាត់ដំបង ទៅលើក្រុមហ៊ុនសុិនទ្រី ដែលមិនមានវិធានការ ទប់ស្កាត់ និងកែច្នៃចំពោះរថយន្តរបស់ខ្លួនដែលតែងតែបង្ហូរទឹកដ៏ស្អុយគគ្រុកនៅតាម
ផ្លូវសាធារណៈ ក្នុងក្រុងបាត់ដំបង ពិសេសគឺត្រង់ចំនុចផ្លូវកោង ផ្លូវឡើងចំណោទ
ផ្លូវចុះស្ពានជាដើម។ល។ ដែលធ្វើអោយពួកគាត់រាល់គ្នាស្ទើរតែទ្រាំនឹងក្លិនដ៏សំអុយនេះមិនបាន ។បច្ចុប្បន្ននៅក្នុងក្រុងបាត់ដំបង គឺការដេញថ្លៃលើការប្រមូលសំរាមត្រូវបានទៅលើក្រុមហ៊ុនសុិនទ្រី ដែលក្រុមហ៊ុននេះគេតែងតែធ្វើការដេញថ្លៃយកស្ទើរតែគ្រប់តាមបណ្តាខេត្តក្រុង
ដើម្បីទទួលខុសត្រូវលើការប្រមូលសំរាមគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបងទាំងមូល ។
ប៉ុន្តែអ្វីដែលជារឿងអាស្រូវរបស់ក្រុមហ៊ុនគឺ នៅតាមភូមិឋានមួយចំនួនគឺរយពពេលមួយសប្តាហ៍ទើបគេឃើញរថយន្តរបស់ក្រុមហ៊ុនទៅប្រមូលយកសំរាមម្តង ដែលបញ្ហានេះបានធ្វើអោយជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងទៅលើក្រុមហ៊ុនដិយសារតែសំរាមបានជះក្លិនមិនល្អ
នៅតាមទីសាធារណៈ ទម្រាំតែក្រុមហ៊ុនបានចុះទៅប្រមូល ។
ម្យ៉ាងវិញទៀត ជាញឹកញាប់គេតែងសង្គេតឃើញថា ក្រុមហ៊ុនហាក់មិនបានយកចិត្តទុកដាក់ទៅលើរថយន្តរបស់ខ្លួនទាល់តែសោះ អំពីបញ្ហាទឹកសំរាមដែលដក់នៅក្នុងរថយន្តហើយតែងតែហូរចេញពីរថយន្តធ្លាក់ទៅលើផ្លូវសាធារណៈ ដែលបង្កអោយមានការប៉ះពាល់
ដល់បរស្ថានយ៉ាងខ្លាំង ដោយសារតែក្លិនដ៏អាសោចនេះវាបានជះសាយភាយពេញទី
សាធារណៈស្ទើរតែទ្រាំមិនបាន ។ ដូច្នេះគួរតែក្រុមហ៊ុនគិតគូអោយបានច្បាស់លាស់
អំពីបញ្ហានេះ បើមិនដូច្នេះទេបរិយាកាសក្នុងក្រុងបាត់ដំបងប្រាកដជាមានការអាប់អួរមែនទែន ដោយសារតែក្លិនដ៏ស្អុយអាសោចនេះ ។
ទោះបីជាការបង្ហូរទឹកដ៏ស្អុយចេញពីរថយន្តរបស់ក្រុមហ៊ុនសុិនទ្រី ស្ទើរតែរាល់ថ្ងៃ នៅតាមផ្លូវសាធារណៈយ៉ាងណាក៏ដោយ ក៏គេមិនដែលឃើញអង្គភាពជំនាញណាមួយចុះធ្វើការ
ណែនាំដល់ក្រុមហ៊ុននេះឡើយ ធ្វើអោយមជ្ឈដ្ឋានជាច្រើននៅតែបន្តការរិះគន់ដដែល ៕