ដោយ វេហាស៍
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ឯកឧត្តម នូ ផល្លា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមនុស្សរបស់សាខា ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៤៤ គ្រួសារ (រលំ៧ខ្នង និងរបើក៣៥ខ្នង និងរន្ទះបាញ់របួស២នាក់ ) ដែលរងគ្រោះដោយខ្យល់សារកន្ត្រាក់ កាលពីរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ មកពី ៧ភូមិ នៃសង្កាត់ជ្រាវ និង១ភូមិ នៃសង្កាត់សៀមរាប ក្នុងក្រុងសៀមរាប។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នូ ផល្លា អនុប្រធានកិត្តិយសសាខា ក៏បានសំដែងនូវការសោកស្តាយអាណិតអាសូរ ចំពោះបងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនឹកស្មានមិនដល់នៃការវិនាសកម្មដែលធ្វើឲ្យបាត់បង់ ខូចខាតផ្ទះសម្បែង របស់បងប្អូនដែលបានខិតខំកសាងនូវជីវភាពរបស់ខ្លួន ហើយឯកឧត្តមក៏បានបន្ត សូមបងប្អូនកុំអស់សង្ឃឹមត្រូវតស៊ូបន្តទៀតដើម្បី ជីវភាពក្រុមគ្រួសារ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនដល់ក្រុមគ្រួសាររងគ្រោះនាពេលនេះមាន៖ គ្រួសាររលំផ្ទះទទួលបាន អង្ករ២៥គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា១០ម៉ឺនរៀល។ ចំពោះគ្រួសារប៉ះពាល់ធ្ងន់ធ្ងូរទទួលបាន អង្ករ២៥ គីឡូក្រាម តង់កៅស៊ូ១ និងថវិកាចំនួន៥ម៉ឺនរៀល។ ឯអ្នករបួសទទួលបាន អង្ករ ២៥គីឡូក្រាម ឃីត១កញ្ចប់ និងថវិកា១០ម៉ឺនរៀល៕