សៀមរាប៖ ឆ្លងផុតរដូវវស្សាឆ្នាំនេះហើយ ការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដែលធ្វើឡើងដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីងអុង(AEON) របស់ប្រទេសជប៉ុននឹងដំណើរការហើយ។ មុននឹងឈានដល់ដំណាក់កាលជួសជុលនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ីអុង លោក Keiichi Tadaki បានចំណាយពេលមួយព្រឹក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីចូលទស្សនាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ទទួលដំណើរទស្សនារបស់លោកនាយកប្រតិបត្តិនៅពេលនេះមាន ឯកឧត្តម ឈរ ថាណាត អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន លោក យិត ចាន់ដារដ្ឋ ប្រធានស្តីទីនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ និងមន្ត្រីមួយចំនួនទៀតនៃអាជ្ញាធរជាតិអប្សរា។
ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនអ៊ីអុង និងជាអ្នកសម្របសម្រួលដំណើរទស្សនានេះគឺលោក Naoki Hayashi។ លោកបញ្ជាក់ថា មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីងអុងបានចុះអនុស្សារណៈជាមួយអាជ្ញាធរជាតិអប្សរារួចហើយ ទាក់ទិននឹងការទទួលជួសជុលសារមន្ទីរនេះ តែដំណើរការជាក់ស្តែងនៃការជួសជុលនឹងត្រូវធ្វើឡើងនៅរដូវប្រាំងឆ្នាំនេះ ដោយហេតុថា ការជួសជុលនេះ គឺធ្វើឡើងភាគច្រើនទៅលើដំបូល និងបង្អួច។ ដូច្នេះការជួសជុលត្រូវរង់ចាំដល់រដូវអស់ភ្លៀងទើបអាចដំណើរការទៅបាន។ ចំណែកការមកទស្សនាសារមន្ទីររបស់លោកនាយកប្រតិបត្តិនៅពេលនេះ គឺមិនមានអ្វីផ្លាស់ប្តូរលើគម្រោងជួសជុលនោះទេ គ្រាន់តែឆ្លៀតដែលលោកមកបំពេញការងារនៅភ្នំពេញ ក៏ឆ្លៀតពេលចូលមកទស្សនាសារមន្ទីរមុននឹងឈានដល់ដំណាក់កាលជួសជុលប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិក៏នឹងទៅទស្សនាសួនឈើអនុស្សាវរីយ៍ ដែលក្រុមហ៊ុនអ៊ីអុងបានដាំកាលពីឆ្នាំ២០០២ នៅក្បែរសួនគ្រឿងទេសនៃអាជ្ញាធរជាតិអប្សរា និងបន្តដំណើរទៅទស្សនាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរផង។
លោក យិត ចាន់ដារដ្ឋ ប្រធានស្តីទីនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរទស្សនានេះបានបញ្ជាក់ថា ក្រុមហ៊ុនអ៊ីអុងបានរួមចំណែកច្រើនក្នុងការងារអភិរក្សវប្បធម៌ និងបរិស្ថានជាមួយអាជ្ញាធរជាតិអប្សរា។ នៅឆ្នាំ២០០២ ក្រុមហ៊ុននេះបានចូលរួមដាំសួនឈើអនុស្សាវរីយ៍លើទំហំដីជិត១០ហិកតា នៅក្បែរសួនគ្រឿងទេសនៃអាជ្ញាធរជាតិអប្សរា, នៅឆ្នាំ២០០៧បានកសាងសារមន្ទីរព្រះនរោត្តមសីហនុអង្គរនេះឡើង ហើយនៅចុងឆ្នាំ២០១៦នេះ ក្រុមហ៊ុនអ៊ីអុងក៏ទទួលជួសជុលសារមន្ទីរនេះ ជាមួយអាជ្ញាធរជាតិអប្សរាបន្តទៀត។ ក្រៅពីនេះ ក្រុមហ៊ុនក៏ធ្លាប់ចូលរួមបណ្តុះបណ្តាលសិស្សសាលាក្នុងតំបន់អង្គរ និងក្រុងសៀមរាបអំពីការងារអភិរក្សវប្បធម៌ និងបរិស្ថានផងដែរ៕