កំពង់ចាម៖ គម្រោងដាក់ឲ្យដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់ផ្លូវបេតុងអារមេ១ខ្សែ នៅក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៧ មេសា ២០១៦ កន្លងទៅថ្មីៗនេះ ដែលត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីទាញយកផលប្រយោជន៍រៀងៗខ្លួននោះ ពេលនេះផ្លូវកំពុងតែចាប់ផ្ដើមស្ថាបនាទាំងខ្វះលក្ខណៈបច្ចេកទេស ដោយគ្មានការត្រួតពិនិត្យពីជំនាញពិតប្រាកដនោះឡើយ ។
ដោយផ្លូវបេតុងអារមេ១ខ្សែប្រវែង១៤៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្ពស់១៥សង់ទីម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញថ្លៃ ៥៣,២៨៥,៨០០៛ ដែលត្រូវរ៉ូវគ្នាក្នុងតម្លៃខ្ពស់បំផុតគឺ ៥២,២០០,០០០៛ ទាំងនេះដែលត្រូវបានគេមើលឃើញថា វាខុសប្លែកពីបណ្ដាឃុំស្រុកដ៏ទៃ ដែលតម្លៃការដេញថ្លៃគម្រោងរបស់គេចុះជាងពាក់កណ្ដាល គឺអាចសាងសង់ផ្លូវបាន១ទ្វេរជា២ ឯណោះ ។
ចំពោះការសាងសង់ផ្លូវវិញ គឺគេមិនបានបុកបង្ហាប់ដីទេ គ្រាន់តែបោសសម្អាតដីហើយលាយបេតុងចាក់ពីលើតែម្ដង កន្លែងខ្លះមានកម្ពស់ពី១២ទៅ១៣សង់ទីម៉ែត្រ ដោយប្រើដែក៨មីលីម៉ែត្រចងយ៉ាងរង្វើលទៀតផង ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំគៀនជ្រៃ បានសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត មេត្តាចាត់តាំងជំនាញបច្ចេកទេសចុះទៅត្រួតពិនិត្យឲ្យបានត្រឹមត្រូវផង ៕