ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោករម៉ូតូសង់កូរ៉េមួយគ្រឿងត្រូវបានម្ចាស់ម៉ូតូឃើញហើយស្រែកផ្អើលឆោឡោចាប់បានព្រួតគ្នាវាយម្នាក់មួយដៃមួយជើងរហូតនៅសល់តែដង្ហើមចង្រិតទើបទំនាក់ទំនងទៅសមត្ថកិច្ច ហើយសមត្ថកិច្ចក៏ទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែត្រឲ្យមកដឹកដើម្បីជួយសង្គ្រោះជីវិត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង២០នាទីទាបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
. ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា កន្លងមកគឺមានបុរសដែលជាអ្នករត់ម៉ូតូឌុបម្នាក់ជិះម៉ូតូម៉ាកសង់កូរ៉េ មិនចាំស្លាកលេខ ដែលតែងតែមកអង្គុយចាំម៉ូយនៅកន្លែងកើតហេតុ ហើយនៅមុនពេលកើតហេតុបុរសជាអ្នករត់ម៉ូតូឌុបបានយកម៉ូតូមកទុកនៅកន្លែងកើតហេតុហើយរូបគាត់បានដើរទៅនិយាយគ្នាលេងនៅម្ខាងផ្លូវ។ មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់ដើរតាមបណ្ដោយផ្លូវព្រះសីុសុវត្តិ. ទិសដៅពីត្បូងទៅជើងហើយដោយឃើញម៉ូតូទុកចោលអត់ឃើញមានម្ចាស់ជនសង្ស័យក៏បានធ្វើសកម្មភាពកាច់សោករម៉ូតូហើយបានបញ្ឆេះម៉ូតូតែម៉ូតូមិនឆេះ។ពេលដែលកំពុងបញ្ឆេះត្រូវបានប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុឃើញក៏ស្រែកផ្អើលឆោឡោព្រួតគ្នាវាយម្នាក់មួយដៃមួយជើងទ្រោមខ្លួនសន្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុ។
. ក្រោយពេលកើតហេតុម្ចាស់ម៉ូតូបានយកម៉ូតូជិះចេញពីកន្លែងកើតហេតុបាត់ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ។ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចហៅរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ កាល់ម៉ែត្រ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕