សៀមរាប៖ មនុស្សម្នាស្ទើរពេញពិភពលោកដែលបានមកដល់ប្រទេសកម្ពុជា ទាំងអ្នកបុរាណវិទ្យា អ្នកនរវិទ្យា អ្នកប្រវត្តិវិទ្យា មគ្គុទេសនក៍ទេសចរណ៍ ព្រមទាំងភ្លៀវទេសចរ នាំគ្នាឆ្ងល់ទាក់ទង់នឹងទៅនឹងជីវភាពនៃការរស់នៅរបស់មនុស្សសម័យដើម ជាពិសេសគឺមនុស្សដែលរស់នៅ ក្នុងសម័យកសាងប្រាសាទអង្គរវត្ត មានកម្លាំងពលំ និងការច្នៃប្រឌិតខ្ពស់។អាថ៌កំបាំងទាំងនោះ ត្រូវបានបើកបង្ហាញបន្តិចម្តងៗ តាមរយៈការស្រាវជ្រាវរបស់អ្នកប្រាជ្ញខ្មែរនិងអ្នកប្រាជ្ញ ការធ្វើកំណាយស្រាវជ្រាវអំពី ការតាំងទីលំនៅរបស់ប្រជាជននាសម័យអង្គរនៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត ដោយក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យស៊ីដនីក្នុងគម្រោងមហានគរ (The Greater Angkor Project) ។ នេះជាការលើកឡើងរបស់លោកស្រីបណ្ឌិត Allison Carter ក្នុងសិក្ខាសាលានៅសាលសិក្សាលលៃនៃមជ្ឈមណ្ឌល បណ្តុះបណ្តាលអង្គរ-អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ។សិក្ខាសាលាដែលបានទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកស្រាវជ្រាវ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមអ្នកសារព័ត៌មាន បានធ្វើឡើងប្រកបដោយភាពជោគជ័យ និងទទួលបានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមស្តាប់។ ក្នុងសិក្ខាសាលានោះ បានបង្ហាញអំពីលទ្ធផលបឋមដែលបានមកពីកំណាយស្រាវជ្រាវអំពីការតាំងទីលំនៅរបស់ប្រជាជននាសម័យអង្គរនៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត។សិក្ខាសាលានោះ ដែលបានបង្ហាញពីលទ្ធផលនៃកំណាយការស្រាវជ្រាវ ដោយរកឃើញនូវអំបែង ឬបំណែកដែលជាគ្រឿងសម្ភារៈប្រើប្រាស់ជាប្រចាំថ្ងៃជាច្រើនប្រភេទដូចជា បំណែកចានប្រភេទសេរ៉ាមិច ដែលនាំចូលមកពីប្រទេសចិន កុលាលភាជន៍ ចានខ្មែរ ក្បាច់ចំលាក់ ថូ និងគ្រាប់ធញ្ញជាតិមួយចំនួនដូចជា សម្បកគ្រាប់ស្រូវ និងសម្បកក្រូចថ្លុងជាដើម។ គ្រឿង សម្ភារៈ និងធញ្ញជាតិទាំងនេះជាវត្ថុតាង ដែលបង្ហាញពីជីវភាពរស់នៅ និងការតាំងទីលំនៅរបស់មនុស្សនៅភាគអាគ្នេយ៍នៃប្រាសាទអង្គរវត្តក្នុងសម័យសតវត្សទី១០ ដល់ទី១៤។លោកស្រីបណ្ឌិត Allison Carter បានលើកឡើងថា បើតាមវត្ថុតាងដែលបានមកពីកំណាយនេះ អាចសន្និដ្ឋានថា មនុស្សក្នុងសម័យនោះ មានការរស់នៅក្ខណៈជាពួកក្រុម នៅលើទីទួល សាងសង់ផ្ទះជាជួរ ហើយច្រើនតែមានគូទឹកព័ន្ធជុំវិញ ឬមានស្រះនៅខាងមុខផ្ទះ មុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃគឺធ្វើឡ ដែលបម្រើឱ្យវិស័យសិប្បកម្ម មានការធ្វើចាន ក្បាច់ចំលាក់ ថូជាដើមនិង ចិញ្ចឹមសត្វពាហនៈ ជ្រូក មាន់ទា គោក្របី ដំរីសេះសម្រាប់បម្រើឱ្យ វិស័យកសិកម្ម ដាំបន្លែ និងមានការបរបាញ់សត្វ ដើម្បីធ្វើជាចំណីអាហារទៀតផង។គួរបញ្ជាក់ថា លោកស្រីបណ្ឌិត Allison Carter ជនជាតិអាមេរិក ជាសាស្ត្រាចារ្យនៃនាយកដ្ឋានមនុស្សសាស្ត្រក្នុងសាកលវិទ្យាល័យ Ilinois នៃរដ្ឋ Urban-champaign សហរដ្ឋអាមេរិក និងជាប្រធានក្រុមកំណាយស្រាវជ្រាវ អំពីការតាំងទីលំនៅរបស់ប្រជាជននាសម័យអង្គរនៅភាគអាគ្នេយ៍ក្នុងប្រាសាទអង្គរវត្ត តាំងពីឆ្នាំ២០១៣ដល់រហូតដល់ឆ្នាំ២០១៥៕