ខេត្តសៀមរាប៖ នៅក្នុងតំបន់ផាប់ស្ទ្រីត(ផ្សាចាស់)ក្រុងសៀមរាប-អង្គរ ដែលជាទីដ៏ពេញនិយមនៃការប្រមូលជួបជុំរបស់ភ្ញៀវទេសចរអន្តរជាតិគ្រប់ជាតិសាសន៍ ទិញវត្ថុអនុស្សាវរីយ៍ បរិភោគអាហារពេលយប់ កំសាន្តរីករាយជាមួយតន្ត្រីចម្រៀងជាដើមនាពេលរាត្រីនោះ គេតែតែបានជួបប្រទះនូវសកម្មភាពរបស់ស្មូមយាយចក ដែលភាសាសមញ្ញារបស់ខ្មែរយើងហៅពួកគាត់ថា អ្នកសុំទាននោះ ធ្វើសកម្មភាពជាច្រើនរូបភាព ដូចជាស្ត្រីមានផ្ទៃពោះ ពរកូនតូច ក្មេងជំទង់ពរប្អូនតូចជាដើម តាមសុំទឹកគោពីភ្ញៀវ សុំក្តីមេត្តាពីភ្ញៀវ ជួយផ្តល់អាហារដល់ប្អូន ដល់កូន របស់ខ្លួន ។ ពួកគាត់និយាយអំពីទុក្ខលំបាករបស់ពួកគាត់ឲ្យភ្ញៀវអាណិត ក្នុងន័យថា ជីវិតពួកគាត់ក្រីក្រខ្លាំងណាស់ ស្រី្តខ្លះនិយាយថា រូបគាត់ត្រូវប្តីបោះបង់ចោល ពេលខ្លះពួកគាត់ប្រាប់ភ្ញៀវថា ពួកគាត់មកពីស្រុកឆ្ងាយ មកតាមប្តី ហើយដាច់លុយអត់អាហារ គ្មានអ្វីហូបទេ ។
នៅក្នុងតំបន់នោះ នៅមានរូបភាពជាច្រើនទៀត ដូចជាយកកុមារតូច ដែលមានរូបរៀងស្គាំងស្គម ដាក់ឲ្យដេក តាមចិញ្ចើមថ្នល់ ឬក៏នៅក្បាលស្ពានជាដើម ដើម្បីសុំលុយ ។ ពិនិត្យជារួមទៅ អ្វីទាំងអស់ ដែលជាមធ្យោបាយរបស់ស្មូមទាំងនោះ គឺតែងតែយកកុមារធ្វើជានុយ ដើម្បីទាក់ទាញយកក្តីអាណិតពីភ្ញៀវ និងទទួលបានលុយកាក់ ឬទឹកដោះគោពីភ្ញៀវ ។
មានមតិមហាជនខ្លះដែលបានជ្រាបអំពីសកម្មភាពនេះ បាននិយាយថា ក្រុមអ្នកសុំទានទាំងនោះ គឺស្ថិតនៅពីមុខនៃការចាត់តាំងរបស់ក្រុមមេខ្យល់ ពួកគេបានយកទារកនិងកុមារតូចៗ ជាតួរអង្គខ្វះអាហារូបត្ថម្ភ មកសម្តែងដើម្បីរកលុយឲ្យពួកគេ ។ ក្នុងរឿងនេះដែរ ម្សៅទឹកដោះគោល្អៗ ថ្លៃៗ ដែលពួកគាត់សុំពីភ្ញៀវបាននោះ គឺមិនបានយកទៅផ្តល់ជាអាហារឲ្យទារកនោះទេ គឺត្រូវយកទៅលក់ប្តូរជាលុយត្រឡប់មកវិញ ។
លោកស្រី ស៊ុន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណកម្មធិការពិគ្រោះយោបល់ ដើម្បីស្ត្រីនិងកុមារខេត្តសៀមរាប បានលើកឡើងក្នុងទិវាសិទ្ធកុមារកម្ពុជា ទិវាសិទ្ធិកុមារអន្តរជាតិ(១មិថុនា)ខួបទី៦៧ និងខួបទី១៥ ទិវាពិភពលោកប្រយុទ្ធប្រឆាំងពលកម្មកុមារ(១២មិថុនា) នៅវិទ្យាល័យដំដែក ស្រុកសូទ្រនិគម អំពីករណីដែលក្រុមបំពានសិទ្ធកុមារ រំលោភពលកម្មកុមារ នៅក្នុងតំបន់កំសាន្ត ផាប់ស្ត្រីត ខាងលើនេះផងដែរ ។ លោកស្រី បានបង្ហាញអំពីការព្រួយបារម្ភចំពោះសុខភាព កាយសម្បទា សតិបញ្ញានៃកុមាររងគ្រោះទាំងនោះ ជាពិសេសមិនដឹងថា អនាគតរបស់កុមារទាំងនោះ នឹងក្លាយទៅជាយ៉ាងដូចម្តេច ? បើជាច្រើនឆ្នាំកន្លងមកនេះ ឆាកល្ខោនទាំងនេះ នៅតែមានសកម្មភាពសម្តែង មិនមានថ្ងៃបញ្ចប់នោះ ។
ទារកនិងកុមារដែលត្រូវបានពួកក្រុមអមនុស្សធម៌ យកទៅសម្តែងជាតួរអង្គសម្រាប់សុំលុយទាំងនោះត្រូវបានគេសង្ស័យថាត្រូវថ្នាំងងុយដេក ដើម្បីបង្ហាញអការៈជាក្មេងកំពុងប្រឈមនឹងការអត់អាហារហេវហត់ខ្សោះអស់កម្លាំង។ មជ្ឈដ្ឋាននានានៅក្នុងក្រុងសៀមរាប មិនហ៊ានរិះគន់ទៅលើស្ថាប័នណាមួយទេចំពោះការកើតឡើងនៃបាតុភាពអសកម្មមួយនេះ ក៏ប៉ុន្តែមជ្ឈដ្ឋានទាំងនោះរង់ចាំមើលថាតើស្ថាប័នណាឬសមត្ថកិចុ្ចខាងណា ដែលអាចធ្វើកិច្ចការនេះបាន ? ៕ ដោយគឿនវេត