បាត់ដំបងៈ ភ្លៀងមួយមេយ៉ាងធំ អមដោយខ្យល់កន្ត្រាក់ផងនោះ បានធ្វើការបោកបក់
ចូលទៅក្នុងទឹកដីនៃខេត្តច័ន្ទបុរី ប្រទេសថៃ ព្រមទាំងបានសំលាប់ និងបង្កអោយរងរបួសអំបូរសត្វស្វាព្រៃ ទាំងពូជប្រមាណជិត១០០ក្បាល ដែលធ្វើអោយមានការព្រួយបារម្ភ
យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរ និងក្រុមអភិរក្សសត្វព្រៃ ។
គួរបញ្ជាក់ដែរថានៅក្នុងបរិវេណវត្ត និងសាលារៀន ខៅវង់កុត ស្ថិតក្នុងឃុំខៅវង់កុត
ស្រុកកែងហាងម៉ែវ ខេត្តច័ន្ទបុរី គឺជាតំបន់ព្រៃភ្នំ ដែលពោរពេញដោយដើមឈើធំ
ដែលមានអាយុកាលរាប់សិបឆ្នាំ និងក៏ជាជំរកសត្វព្រៃជាច្រើនប្រភេទផងដែរ ដែរចូលចិត្តមករស់នៅក្នុងទីនេះ ដោយសារតែភាពសុខសាន្តរបស់ពួកវា ។
យោងតាមសេចក្តីរាយការណ៍ ពីព្រះសង្ឃក្នុងទីអារាមនៅក្នុងតំបន់នោះ បានអោយកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង ១រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦
គឺមានភ្លៀងមួយមេយ៉ាងធំ អមដោយខ្យល់កន្ត្រាក់បានបោកបក់មកជាមួយផង ដោយ
បានកួចបំបាក់នូវដើមឈើមួយដើមដែលធំ ហើយខ្ពស់ជាងគេនៅក្នុងទីអារាមនេះ ។
ព្រះសង្ឃក្នុងទីអារាមនេះបានមានសង្ឃដិកាបន្តថា នៅរៀងរាល់ថ្ងៃគឺមានសត្វស្វាព្រៃ
ប្រមាណ១០០ ទៅ២០០ក្បាល ដែលតែងតែមកស្នាក់នៅលើដើមឈើដ៏ធំមួយដើមនេះ
ដោយពួកវាបាននាំគ្នាទាំងតូច ទាំងធំ ពិសេសគឺអំបូរពូជវាតែម្តង ដោយសារតែដើមឈើ
នេះបានផ្តល់នូវភាពសុខសាន្តដល់ពួកវា ។
បន្ទាប់ពីដើមឈើមួយដើមនេះបានដួលរលំដល់ដីរួចមក គឺមានប្រជាពលរដ្ឋ អាជ្ញាធរ
ព្រះសង្ឃ និងអង្គការអភិរក្សសត្វព្រៃ បានចុះមកត្រួតពិនិត្យដោយសង្គេតឃើញថា
មានសត្វស្វាទាំងតូច ទាំងធំ ងាប់ប្រមាណជាង៥០ក្បាល និងមួយចំនួនធំទៀត
បានរងរបួស ។
ដោយសារតែការព្យាយាមសង្គ្រោះពីសំណាក់ក្រុមអ្នកជំនាញ ទើបសត្វស្វាដែលរងរបួស
ដោយសារតែដើមឈើបោកត្រូវ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសត្វ នៅក្នុង
តំបន់នោះ ដោយឡែកសត្វស្វាដែលងាប់ជាង៥០ក្បាល ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ
ជីកជារណ្តៅធំមួយនៅក្នុងទីអារាម ដើម្បីកប់សត្វស្វាទាំងអស់នោះហើយ ។ នេះគឺជា
សោកនាដកម្មមួយទៅលើអំបូរសត្វស្វាព្រៃ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៕