​ជីក​ស្រះ​កាយ​ដី​ចាក់​រំលោភ​យក​ចំណី​អូរ​ធម្មជាតិ គ្មាន​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​អើពើរ​

0

ខេត្តប៉ៃលិន៖ គេសង្កេតឃើញថា ដីចំណីអូរធម្មជាតិជាច្រើនកន្លែង នៅខេត្តប៉ៃលិន កំពុងត្រួវបានឈ្មួញ ឬអ្នកមានអំណាចជីកកកាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយពុំមានអាជ្ញាធរ ឬមន្ទីរជំនាញណាបើកភ្នែកមើលនោះទេ ប្រហែលជាមានការឃុបឃិតគ្នាយ៉ាងស្អិតរមូត ទើបបានជាដំណើរការយ៉ាងរលូនដូច្នោះ ។ ជាក់ស្តែង ដីមួយកន្លែងដែលគេស្គាល់ថាជាដីរបស់លោក តែ ម៉េងស៊ួ ជាថៅកែត្បូងម្នាក់នៅខេត្តប៉ៃលិន កំពុងត្រួវបានពលរដ្ឋចោទប្រកាន់ថា ជីកស្រះកាយដីចាក់រំលោភយកចំណីអូរធម្មជាតិអូរតាវ៉ៅ ដែលមានទីតាំងស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ បានឲ្យអ្នកយកព័ត៌មានដឹងថា៖ រយៈពេលជាងមួយសប្តាហ៍កន្លងទៅ គេមិនឃើញអាជ្ញាធរក្រុង និងមន្ត្រីនៃមន្ទីរជំនាញ ពាក់ព័ន្ធចុះទៅត្រួតពិនិត្យនិងហាមឃាត់នោះឡើយ ។ ពោលគឺគេបណ្តែតបណ្តោយឱ្យមានការជីកកកាយរំលោភយកចំណីមាត់អូរធម្មជាតិតាមតែអំពើចិត្ត ហាក់បីដូចជាគ្មានខ្លាចញញើតច្បាប់របស់រដ្ឋបន្តិចទាល់តែសោះ។ពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរក្រុងប៉ៃលិន រឺមន្ត្រីជំនាញពាក់ព័ន្ធមានការឃុបឃិតគ្នា បិតភ្នែក ធ្វើជាមិនឃើញនិងមិនដឹងទើបគ្មានវិធានការចុះទៅហាមឃាត់និងទប់ស្កាត់។ ប្រភពព័ត៌មាន បានបន្ឲ្យដឹងថា៖សកម្មភាពកាយដីចាក់រំលោភយកចំណីអូរទឹកធ្លាក់ភ្នំខៀវ ត្រូវគេមើលឃើញថា អាចនិងបង្កប៉ះពាល់ដល់ បរិស្ថាន ដូចជាអាចម៌ដីធ្លាក់ចូលអូរ ធ្វើឱ្យអូរធម្មជាតិដែលមានជម្រៅជ្រៅ មកជាអូរទឹករាក់វិញ ហើយអូរមានទំហំធំ ក្លាយជាអូររួមកាន់តែតូចទៅៗ និងអ្វីប៉ះពាល់ធ្ងន់ធ្ងរជាងនេះទៅទៀតគឺបង្កឱ្យកកស្ទះមុខទឹក និងការរំដោះទឹកភ្លៀងធ្លាក់ពីភ្នំខៀវមិនទាន់ធ្វើឱ្យមានទឹកជំនន់កើតឡើងផងនោះទៀត។
ប្រភពព័ត៌មានពីមន្ត្រីរាជការសាលាខេត្តប៉ៃលិន បានបង្ហើបឲ្យដឹងថា៖ បើគ្មានការបើកដៃពីមន្ត្រីជំនាញនោះទេ ក៏លោក តែ ម៉េងស៊ួ មិនហ៊ានធ្វើអ្វីៗ តាមអំពើចិត្តឡើយ ។ ប៉ុន្តែដោយមានការឃុបឃិតពីមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញ ទើបគេហ៊ានធ្វើដូច្នោះ ។
ពាក់ព័ន្ធករណីនេះដែរ លោក តែ ម៉េងសួរ ដែលជាម្ចាស់ដី ក្នុងការជីកស្រះ ចាក់រលោភដីចំណីអូរធម្មជាតិ បាន បំភ្លឺប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឱ្យដឹងថា៖ ការជីកស្រះកាយដីនោះ គឺជាដីរបស់លោក ដោយលោកមិនបានទៅចាក់ដីរំលោភយកចំណីអូរធម្មជាតិទឹកធ្លាក់ភ្នំខៀវ ដូចការចោទប្រកាន់នោះទេ។ លោកបន្តថា៖ លោកជីកស្រះគឺដើម្បីស្តុកទឹកសម្រាប់ទុកប្រើប្រាស់ស្រោចស្រពដំណាំ,ហើយការជីកស្រះកាយដីក៏បានសុំច្បាប់អនុញ្ញាតគ្រប់ទីកន្លែងរួចរាល់អស់ហើយ។
ចំណែក លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក ខេត្តប៉ៃលិន បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៤ ម្សិលមិញ នេះថា៖ ករណីដែលមានជីកស្រះកាយដីចាក់រំលោភយកចំណី មាត់អូរតាវ៉ៅ លោកមិនបានដឹងនោះទេ , បើសិនមាន អ្នកជីកដីកាយស្រះប៉ះពាល់អូរធម្មជាតិ ស្ទឹង បឹងបួរ របស់រដ្ឋ ជូនកាលគេមិនបានមកសុំច្បាប់មន្ទីរធនធានទឹកនោះទេ ក៏ប៉ុន្តែគេធ្វើតាមរយៈអាជ្ញាធរភូមិ សង្កាត់ ហើយអាជ្ញាធរមូលដ្ឋានទាំងនោះរាយការណ៍មកលោកដើម្បីលោកចុះទៅត្រួតពិនិត្យ។ ប៉ុន្តែមកដល់ពេលនេះ លោកមិនបានឃើញការសុំច្បាប់ជីកស្រះកាយដីប៉ះពាល់អូរតាវ៉ៅរបស់លោកតែ ម៉េងសួរនៅឡើយទេ។លោក បានបន្តទៀតថា ចំណីមាត់អូរតាមច្បាប់កំណត់គឺមានប្រវែងចំនួន១០ម៉ែត្រ ។
ដោយឡែក លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន ត្រួវបានអ្នកយកព័ត៌មានទំនាក់ទំនងតាមទូរស័ព្ទ ឱ្យជួយបំភ្លឺនោះដែរ ប៉ុន្តែទូរស័ព្ទរបស់លោកហៅមិនអាចទំនាក់ទំនងបានកាលពីថ្ងៃទី១៤ម្សិលមិញ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន អ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទឱ្យជួយបំភ្លឺនោះដែរ ប៉ុន្តែទូរស័ព្ទរបស់លោកហៅចូល២ទៅ៣ដង កាលពីថ្ងៃទី១៣ ម្សិលមិញ គ្មានការឆ្លើយតប។រូបភាព សេង សុវណ្ណារិទ្ធ (4) រូបភាព សេង សុវណ្ណារិទ្ធ (3) រូបភាព សេង សុវណ្ណារិទ្ធ (2) រូបភាព សេង សុវណ្ណារិទ្ធ (1)
ពាក់ព័ន្ធករណីជីកស្រះកាយដីចាក់រំលោភយកចំណីមាត់អូរធម្មជាតិទឹកធ្លាក់ភ្នំខៀវរបស់ លោក តែ ម៉េងស៊ួ ខាងលើ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ករណី នោះលោកមិនបានដឹងនោះទេ ហើយក៏គ្មានមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងប៉ៃលិន ធ្វើ របាយការណ៍រាយការណ៍ជូនលោកនោះឡើយ។លោកអភិបាលខេត្តបញ្ជាក់ប្រាប់ទៀតថា បើមានករណីជីកស្រះប៉ះពាល់អូរធម្មជាតិនោះមែនលោកនិងចាត់មន្ត្រីជំនាញចុះទៅត្រួតពិនិត្យ៕