សៀមរាប៖ ល្បែងឆ្នោតសៀមនិងយួន ត្រូវបានបើកឱ្យលេងដោយចំហនៅក្នុងក្រុង/ខេត្តសៀមរាប ប្រៀបដូចជាផ្សារត្រី គេដាក់ការសង្ស័យថា ប្រហែលពួកគេ បង់លុយឱ្យសមត្ថកិច្ចមានដូចជា៖ប៉េអឹម នគរបាលខេត្ត នគរបាលក្រុង និងនគរបាលតាមប៉ុស្តិ៍ រាប់លានរៀលក្នុង១ខែៗហើយ ទើបល្បែងនេះលេងបានដោយរលួន។
បើតាមប្រភពបានទម្លាយមកថា៖ល្បែងឆ្នោតសៀម និងឆ្នោតយួននេះត្រូវបានក្រុមអ្នកលេងក្នុងខេត្តសៀមរាបសប្បាយចិត្តនិងបើកឱ្យគេចាក់ដោយសេរីទៅតាមតូចឬធំស្រេចតែចិត្តក៏មេចាំទទួលជានិច្ច។ ប្រភពបានទម្លាយឱ្យដឹងទៀតថា ការបើកឱ្យលេងឆ្នោតដោយសេរីនៅក្នុងខេត្តសៀមរាបនេះដែរគឺ ដោយមានខ្នងបង្អែកជាសមត្ថកិច្ចធំៗមួយចំនួន បានប្រើឱ្យមន្ត្រីក្រោមឱវាទចំនួន២ ទៅ៣នាក់ ជាអ្នកដើរប្រមូលលុយឡើងឱ្យជារៀងរាល់ថ្ងៃ។ចំពោះទីតាំងដែលបើកឱ្យលេងដោយសេរីនោះគឺនៅខាងក្រោយផ្សារលើ,ក្នុងផ្សារសាមគ្គី,ជិតវត្តពោធិ៍លង្កា,ផ្សារដើមក្រឡាញ់ ដែលមានមេធំចំនួនបីនាក់មកពីភ្នំពេញ។ប្រភពបន្តថា បន្ទាប់ពីមានការបើកឱ្យលេងល្បែងឆ្នោតគ្រប់ប្រភេទក្នុងខេត្តទេសចរណ៍រំដួល៣ទងនេះ ទើបគេសង្កេតឃើញ មានករណី ចោរកម្មផ្សេងៗកើតមានជាហូរហែ ហើយករណីនេះពលរដ្ឋមានក្តីកង្វល់ពីសេចក្តីសុខសុវតិ្ថភាពរបស់ពួកគាត់យ៉ាងខ្លាំងបន្ទាប់ពីឃើញសភាពចោរឆក់ ចោរប្លន់ ជាបន្តបន្ទាប់យ៉ាងដូច្នេះ។
បច្ចុប្បន្ននេះល្បែងឆ្នោតត្រូវបានគេធ្វើច្បាប់ឱ្យប្រើថា ជាឆ្នោតខ្មែរតែផ្ទុយទៅវិញមានលក់តែឆ្នោតសៀមនិងយួនទៅវិញ។
ជុំវិញករណីខាងលើនេះ លោកវរសេនីយឯក ភឹង ចន្តារ៉េត នាយការិយាល័យព្រហ្មទ័ណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ការងារនេះលោកនឹងធ្វើឱ្យអស់ប៉ុន្តែពេលនេះលោកកំពុងជាប់រវល់ការងារច្រើន។
ទាក់ទិនទៅនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរ បាលខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ឱ្យដឹងនាថ្ងៃទី១៥នេះថា លោកបានប្រជុំជំរុញឱ្យកម្លាំងនគរបាលប៉ុស្តិ៍ អធិការក្រុង ត្រូវយកចិត្តទុកដាក់ការងារសន្តិសុខសណ្តាប់ធ្នាប់ និង បង្ក្រាបល្បែងស៊ីសងជាប្រចាំផងដែរ។លោកបន្តថា៖ ចាំមើលឱ្យកម្លាំងចុះទៅតាមដានឱ្យច្បាស់សិនហើយនឹងធ្វើការបង្ក្រាប។ចំណែក លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេ បញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងនាថ្ងៃទី១៥នេះដែរថា ករណីល្បែងឆ្នោតនេះគឺលោកនឹងសុំគោលការទៅខេត្តសិនរួចនឹងដាក់កម្លាំងចុះបង្ក្រាបតែម្តង។
ជុំវិញករណីនេះដែរ ពលរដ្ឋ មានការទន្ទឹងរង់ចាំមើលហើយមើលទៀតថា តើលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អាចបញ្ជារឱ្យកងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាបទាំងអស់ ចុះបង្ក្រាបបានឬយ៉ាងណា ឬក៏ទុកឱ្យកូនចៅ មានចំហាយពីបទល្មើសខ្លះផងដែរ?។ គួររំលឹកផងដែរដថា មជ្ឈដ្ឋានានាក្នុងខេត្តសៀមរាប បានរិះគន់ទៅលើសមត្ថកិច្ចចម្រុះរួមមាន៖ប៉េអឹមនិងប៉ូលិសក្រុងនិងខេត្តថា ល្បែងឆ្នោតសៀមនិងយួន ចាប់តែអ្នកតូចតាច(បើមានលុយចេញបើអត់លុយឱ្យរុញចូលគុក)នេះឬច្បាប់នៅស្រុកខ្មែរនោះ)មិនដែរឃើញចាប់បានមេក្លោងម្តងណាទេ ប្រហែលពួកមេធំៗទាំងនោះបង់លុយឱ្យអស់ហើយបានជាមិនដែលឃើញទាល់តែសោះព្រោះអីមួយរយះនេះគេឃើញចាប់បានតែកូនកញ្ច្រែងតូច ១ដង្ហើមចង្រឹតប៉ុណ្ណោះ។ប៉ុន្តែគេសង្កេតឃើញមួយរយះនេះប្រមុខនៃរាជរដ្ឋាភិបាលបានធ្វើការព្រមានយ៉ាងធ្ងន់ៗឱ្យមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធដកខ្លួនចេញឱ្យឆ្ងាយពីបទល្មើសផ្សេងៗដូចជា ល្បែងស៊ីសង បទ ល្មើសព្រៃឈើ និងបទល្មើសនេសាទជាដើម៕ប៊ុន រិទ្ធី