ខេត្តរតនគិរី៖ កម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ នៅរសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦ចុះរឹបអូសឈើសុក្រំចំនួន២៥ដុំដែលឈ្មួញលាក់ទុកក្នុងព្រៃក្បែរក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច(៧២)បំរ៉ុងនាំចេញទៅប្រទេសវៀតណាម ស្ថិតនៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
នាយផ្នែករដ្ឋបាលព្រៃឈើបរកែវលោកឡេង យុគ ប្រាប់ឲ្យដឹងថាការចុះរឹបអូសឈើខាងលើនេះមានការចូលរួមនិងបញ្ជាផ្ទាល់ពីលោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះ ។
បច្ចុប្បន្នឈើសុក្រំចំនួន២៥ដុំត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើដឹកយកមករក្សាទុកនៅស្នាក់ការស្រុកបកែវដើម្បីស្វែងរកម្ចាស់ឈើមកធ្វើការបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើ ។
គួរបញ្ជាក់ផងដែរថាកន្លងមកថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាអោយអាជ្ញាធរខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាងអោយបិទច្រករបៀងអោយខានតែបាន ប៉ុន្តែសម្រាប់ខេត្តរតនគិរី គេសង្កេតឃើញថាមានច្រករបៀងចំនួន២គឺ ច្រករបៀងភូមិភិនិងច្រក១៩ក្នុងស្រុកអូរយ៉ាដាវក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនឈើចេញជារៀងរាល់យប់ដោយពុំមានការទប់ស្កាត់ពីជំនាញរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធជាពិសេសកម្លាំងនគរបាលវរការពារព្រំដែនលេខ៦២៣និងកម្លាំងយោធាវរការពារព្រំដែនលេខ១០២ ៕ដោយ៖ យក្ស ឡោម