ទារក​ម្នាក់​កើតមក​គ្មាន​គ្រាប់​ទាំង​២​នៅក្នុង​គ្រួសារ​ក្រីក្រ ពិតជា​អោយ​សង្វេក​ខ្លាំងណាស់​

0

ខេត្តកំពង់ឆ្នាំង៖ ពិតជាគួរអោយសង្វេកខ្លាំងណាស់ នៅពេលទារកម្នាក់កើតមកគ្មានគ្រាប់ភ្នែកទាំងសងខាង នៅក្នុងគ្រួសារក្រីក្រតោកយ៉ាកទៅទៀត នេះពិតជាទុក្ខត្រួតទុក្ខត្រួតលើទុក្ខពិតមែន។ ហេតុការណ៍ខាងលើនេះ បានកើតលើគ្រួសារមួយនៅក្នុងភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ។
ស្ត្រី នូ ស្រីម៉ៅ អាយុ២៧ឆ្នាំ ជាម្តាយទារកអភ័ព្វខាងលើកំពុងនៅលើគ្រែអាំងភ្លើងនៅឡើយបាននិយាយទាំងទឹកភ្នែក នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះថាៈ ប្តីគាត់ឈ្មោះ ម៉ៅ ចាន់ណេត អាយុ២៨ឆ្នាំ គាត់បានរៀបការជាមួយគ្នាតាមម្តាយទុកឪពុកដាក់ជាង៥ឆ្នាំហើយ ដោយបង្កើតបានកូន២ គឺកូនប្រុសទី១ មានអាយុ៤ឆ្នាំហើយ ចំណែកកូនប្រុសអភ័ព្វទី២នេះ ទើបកើតបាន៤ថ្ងៃប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ ។
ស្ត្រី នូ ស្រីម៉ៅ បានបន្តថាៈ កូនទី២នេះ គាត់បានកើតនៅមណ្ឌលសុខភាពឃុំព្រៃមូល ស្រុករលាប្អៀរ នៅវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែមិថុនានេះ គ្រាន់តែកើតភ្លាមឮគ្រូពេទ្យប្រាប់ថាៈ កូនគាត់គ្មានគ្រាប់ភ្នែកទេ ពេលនោះគាត់បានរន្ធត់ចិត្តខ្លោចចិត្តអាណិតកូន យំរហូតសន្លប់ ព្រោះតែសង្វេកកូនខ្លាំងពេក គាត់បានឈឺទាស់សសៃខ្ចី ប៉ុន្តែបានម្តាយ និងអ្នកជិតខាង ខំជួយពន្យល់អោយសម្រួលចិត្តនិងអោយផឹកថ្នាំទាស់សរសៃ ទើបគាត់បានធូរស្រាលឡើង វិញ ។ IMG_4070 IMG_4066
ពួកគាត់និយាយទៀតថា គ្រួសារគាត់២នាក់ប្តីប្រពន្ធមិនដឹងថាមានបាបកម្មអីទេ កាលកូនទី១មានអាយុ៤ខែ វាបានធ្លាក់ពីលើផ្ទះកំពស់ប្រមាណ២ម៉ែត្រត្រូវនឹងជើងសសរផ្ទះ បែកក្បាលយ៉ាងធ្ងន់ធ្ងរ ពេលយកទៅដល់ពេទ្យខេត្ត គ្រូពេទ្យថា គ្មានសង្ឃឹមទេ ហើយបានបញ្ជូនកូនខ្ញុំទៅមន្ទីរពេទ្យគន្ឋបុប្ផា ក្រុងភ្នំពេញ ដោយសារ តែគ្រូពេទ្យជំនាញខ្លាំងណាស់ ទើបជួយកូនប្រុសខ្ញុំ អោយរស់រានមានជីវិត ដែលពេលនេះ វាអាយុ៤ឆ្នាំហើយ គាត់កំពុងមានក្តីព្រួយបារម្មណ៍ថា ខ្លាចកូនប្រុសមួយនេះមានជម្ងឺសរសៃប្រាសាទ។ ស្រាប់តែមក កើយកូនទី២នេះ បែរជាអត់មានគ្រាប់ភ្នែកទៅទៀត ។ចំណែកសព្វថ្ងៃនេះ គាត់ធ្វើជាកម្មកររោងចក្រ ឯប្តីគាត់ធ្វើកម្មករសំណង់ ។ពេលកំពុងពរ ពោះកូនទី២នេះ គាត់មិនដែលទៅពិនិត្យអេកូនៅមន្ទីរពេទ្យ ទេដោយសារខំធ្វើការរហូតសល់តែ១០ថ្ងៃទៀតកើតកូន ទើបគាត់សុំច្បាប់សម្រាក។
ចំពោះជីវភាពវិញដោយសារតែកូនទី១មានគ្រោះថ្នាក់ខាងលើ ពួកគាត់បានចំណាយប្រាក់ជាច្រើន ក្នុងការព្យាបាលទើបធ្លាក់ខ្លួនក្រមួយសារកន្លងមក ឥឡូវដល់កូនទី២នេះកើតមក អត់គ្រប់ភ្នែកទៀត ក្រុគ្រួសារគាត់ពិតជារន្ធត់ចិត្តណាស់ ម្យ៉ាងទៀតសព្វថ្ងៃនេះនៅជំពាក់ធនាគារ១លានរៀលទៀត។ IMG_4066
លោក សួន ផាន អនុប្រធានភូមិត្រពាំងតាសុក បានអោយដឹងថាៈ គ្រួសារនេះ ពិតជាក្រីក្រខ្លាំងណាស់ ដោយសារកើតកូនទី១បាន៤ខែ កូនធ្លាក់ពីលើផ្ទះ ទៅមើលដល់ភ្នំពេញរាប់ខែ មកដល់ពេលនេះ កូនកើតមកអត់ភ្នែកទៀតពិតជាវេទនាខ្លាំហណាស់ ក្នុងនាមគាត់ជាអាជ្ញាធរភូមិ ក៏ដូចជាក្រុមគ្រួសារខាងលើនេះ សូមអំពាវនាវដល់ សប្បុរសជន គ្រប់ទីជិតឆ្ងាយ មេត្តាជួយដល់គ្រសារខាងលើនេះផង ពិសេសគ្រូពេទ្យ ឬអង្គការនានា ដែលមានជំនាញខាងភ្នែក សូមជួយគ្រួសារក្រីក្រខាងលើនេះដោយក្តីអនុគ្រោះផងចុះ៕ ( ឈៀង ថារិទ្ធ )