ភ្នំពេញ ៖ រថយន្តកុងតឺន័របានបើកបុកនិងកិនម៉ូតូមួយគ្រឿងដែលជិះដោយបុរសម្នាក់កំពុង ឆ្លងផ្លូវបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ ហើយរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃ ទី២៥ ខែឧសភា ឆ្នាំ ២០១៤ ស្ថិតនៅចំណុចមុខក្លឹប រស្មី
ពេជ្រនិល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិបឹងព្រៃ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងដែលបើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅកើតមកលិចខណៈមកដល់ចំណុចកើតហេតុខាងលើក៏រថយន្តបង្កបានបើកជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុន សេ១២៥ ស៊េរីឆ្នាំ២០១៤ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-9765 ដែលជិះដោយបុរសម្នាក់បានជិះឆ្លងផ្លូវក្នុងទិសពីត្បូងទៅជើង ធ្វើឲ្យរថយន្តកុងតឺន័រជ្រុលទៅបុកហើយកិនម៉ូតូពីលើរួមទាំងអ្នកបើកផងនោះធ្វើឲ្យ ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុរួចក៏រថយន្តបង្កគេចខ្លួនបាត់ស្រមោលដោយសុវត្តិភាព ចំណែកម៉ូតូជនរងគ្រោះខាងលើបានរងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។
បន្ទាប់ពីកើតហេតុក្រុមគ្រួសារជនរងគ្រោះខាងលើបានមកបានអោយដឹងឈ្មោះថា បួង ចាន់បុត្រ អាយុ៣៤ឆ្នាំមុខរបរជាយោធា ស្នាក់នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះក៏បានយកម៉ូតូត្រឡប់ទៅផ្ទះវិញនិងសពជនរងគ្រោះយកទៅបុណ្យតាមប្រពៃណីនៅស្រុកកំណើតព្រោះមិនចង់រំខានដល់សមត្ថកិច្ចវែងឆ្ងាយទាល់តែទៀត៕