បន្ទាយមានជ័យ: ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២០មិថុនា២០១៦ ប្រជាពលរដ្ឋចំនួនពីរឃុំ មានឃុំសឿ និងឃុំរហាត់ទឹក ស្ថិតក្នុង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីសប្បុរសជនដែលរស់នៅ សហរដ្ឋអាមេរិច យកមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ មានគ្រឿងឧបភោគបរិភោគ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត តាមរយៈលោក វី មូនី និង លោកស្រី ប៉ូ ចាន់ថា ដែលមានការចូលរួមពីរសំណាក់ លោកស្រី ចាន់ ថេង អភិបាលរងខេត្ត និងមានចូលរួមលោកអភិបាលស្រុក មេភូមិ មេឃុំ ប្រជាពលរដ្ឋ សិស្សានុស្សផងដែរ។
លោក វី មូនី តំណាងសប្បុរសជនរស់នៅក្រៅប្រទេសបានថ្លែងឲ្យដឹងថា លោកនិងក្រុមគ្រួសារពិជាមានក្តីរីករាយជាខ្លាំង ដែលបាននាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិសឿ ឃុំសឿ ដែលជាស្រុកកំណើតរបស់លោកនិងក្រុមគ្រួសារ ។ ហើយលោកបន្តថា លោកមិនដែលភ្លេចទេនៅសុខទុករបស់បងប្អូន ទោះបីជាលោក និងគ្រួសារមិនបាននៅស្រុកកំណើតក៏ពិតមែន តែលោកនៅតែមានស្នាមអនុស្សវរីយ៍ដែលធ្លាប់កំសត់កម្រ ស៊ីអត់ស៊ីឃ្លាននៅទីនេះ ដើម្បីជាការតបស្នងលោក រួមនិងសប្បុរសជននៅក្រៅប្រទេស បានគៀរគថវិការមួយចំនួន ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាកក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋាភិបាល។
លោកស្រី ចាន់ ថេង អភិបាលរងខេត្ត បានប្រសាសន៍ថ្លែងឲ្យដឹងថា តាំងនាមឲ្យថ្នាក់ដឹកនាំខេត្ត សូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះលោក វី មូនី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនដែលរស់នៅក្រៅប្រទេសដែលបានចំណាយថវិកាផ្ទាល់ខ្លួន រួមចំណែកក្នុងជួយសម្រួលដល់រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសជនចាស់ជរា ជនគ្មានទីពឹងជាដើម។ លោកស្រីបន្តថា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 របស់រដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកតែងតែគិតគូរពីសុខទុកបងប្រជាពលរដ្ឋជខ្លាំង មិនចង់ឃើញពលរដ្ឋស្លាប់ដោយអត់អាហារនោះទេ។ លោកស្រីអភិបាលរងខេត្ត បានអំពាវនាវដល់សប្បុរសជន មេត្តាជួយបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកបន្តទៀតផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលរួមមាន120គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ 25 គ.ក្រ, មី 1កេស, ប៊ីចេង 1កញ្ចប់, ទឹកត្រី 1 យួ, ទឹកត្រី 1 យួរ, សារ៉ុង 1។ ចំណែកសិស្សានុសិស្ស 400 នាក់ម្នាក់ៗទទួលបាន សៀវភៅ2ក្បាល, ប៊ិច2ដើម, ថវិកា 5000៛ និងលោកគ្រូអ្នកគ្រូចំនួន 10 នាក់ម្នាក់ៗ ទទួលបានថវិកា ចំនួន 20000៛ ផងដែរ៕ដោយ:ឃិន គន្ធា