បាត់ដំបងៈ ត្រីថៃរាប់តោនដែលខាងជំនាញកំណត់ថា ជាប្រភេទត្រីយកធ្វើជាចំណី
អោយសត្វក្រពើសុី ត្រូវបានក្រុមឈ្មួញនាំចូលរាល់ថ្ងៃតាមច្រកតំបន់ គីឡូ១៣
ដែលស្ថិតក្នុង ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
ធ្វើអោយប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភ អំពីបញ្ហាសុខភាពប្រចាំថ្ងៃ ។
យោងតាមប្រភពពីព្រំដែនបានអោយដឹងថា ស្ទើរតែរៀងរាល់ថ្ងៃគឺមានការដឹកនាំត្រីចូល
តាមច្រកតំបន់នេះរាប់តោន ដែលក្នុងនោះមានត្រីមួយចំនួនជាប្រភេទត្រីខូចគុណភាព
ដោយមានការដឹកលាយឡំគ្នាទាំងរទេះៗ យកមកផ្ទេរឡើងរថយន្តដើម្បីដឹកចូលមក
កាន់ក្រុងបាត់ដំបង ។
ជាមួយនឹងបញ្ហានេះ ក៏មានប្រភពជាច្រើនបានធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើមន្ត្រីជំនាញដែលឈរជើងប្រចាំតំបន់នេះថា មានការធូររលុងក្នុងការត្រួតពិនិត្យទៅលើ
ទំនិញដែលខូចគុណភាព ដោយប្រើពាក្យលេសមួយថា គេយកទៅអោយក្រពើសុី
ដូច្នេះគួរណាស់តែខាងជំនាញស្រាវជ្រាវអោយបានច្បាស់លាស់ថា តើការនាំត្រីដែល
ខូចគុណភាពនេះទៅអោយក្រពើសុីនៅក្នុងភូមិសាស្ត្រណា ? ឬមួយក៏គេយកទៅកែច្នៃ
ធ្វើជាណែមត្រី សង្វាក់ ដែលកំពុងតែពេញនិយមនៅលើទីផ្សារក្នុងខេត្តបាត់ដំបង ?
ប្រភពដដែលបានសង្កត់ធ្ងន់ថា បើរឿងវាទៅជាបែបនេះមែន អ្នកដែលរងគ្រោះ
គឺប្រជាពលរដ្ឋដែលអាចប្រឈមមុខនឹងសុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារតែភាព
ធូររលុងរបស់អស់លោកដែលជាមន្ត្រីជំនាញក្នុងច្រកតំបន់គីឡូ១៣ នេះ ។
ឆ្លើយតបនឹងបញ្ហានេះ ទាំងលោក ជា វុទ្ធី មេគយប្រចាំច្រកតំបន់ ក៏ដូចជាមន្ត្រី កាំកុងត្រូល ធ្លាប់បានរ៉ាយរ៉ាប់ប្រាប់កម្ពុជាថ្មី នាពេលកន្លងមកថា ត្រីដែលខូច
គុណភាពទាំងនេះសុទ្ធតែមានច្បាប់ទម្លាប់ត្រឹមត្រូវទាំងអស់ ដែលគេយកទៅធ្វើ
ជាចំណីក្រពើ ដូច្នេះវាគ្មានអ្វីដែលគួរអោយប្លែក និងចាប់អារម្មណ៍នោះឡើយ
ដូច្នេះកុំទៅផ្សាយអីវាគ្មានប្រយោជន៍នោះទេ ។
ពាក្យសំដៅដែលលោកនិយាយ វាហាក់បីដូចជារឿងនេះស្រាលបំផុត ហើយក៏ដូចជា
គ្មានអ្វីអោយពាក់ព័ន្ធទាល់តែសោះ ប៉ុន្តែបើយើងយករឿងនេះទៅពិចារណាទើបដឹងថា
វាគឺជារឿងមិនធម្មតានោះឡើយ ព្រោះត្រីថៃដែលខូចគុណភាពវាអាចធូរថ្លៃសម្រាប់ឈ្មួញ
ហើយនាំយកមកលក់បន្តគឺអាចចំណេញកប់ក្តោង ។ ដោយឡែកបើត្រីទាំងនេះត្រូវបាន
គេនាំយកទៅធ្វើជាណែមត្រី និងសង្វាក់សាច់ត្រីមែននោះ គឺសុខភាពប្រជាពលរដ្ឋ
ប្រាកដជាប្រឈមមុខយ៉ាងធ្ងន់ធ្ងរជាមិនខាន ព្រោះអីបច្ចុប្បន្ន កុំថាឡើយសម្រាប់
អ្នកបាត់ដំបង សូម្បីតែអ្នកដែលនៅក្រៅខេត្ត និយាយអោយចំគឺនៅទូទាំងប្រទេស
តែងតែនិយមចូលចិត្តទិញណែមត្រី និងសង្វាក់ក្នុងខេត្តបាត់ដំបងយកទៅអាំងពិសា ណាស់ បញ្ហានេះហើយគឺអ្នកដែលរងគ្រោះថ្នាក់គឺប្រជាពលរដ្ឋ ដូច្នេះគួរណាស់តែ
អង្គភាពជំនាញពិចារណា និងតាមដានឡើងវិញរាល់បញ្ហាខាងលើនេះ ៕