​បើករថយន្ត​លឿន​ប្រុង​ឡើង​ស្ពាន មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​ក្រឡាប់​ផ្ងារជើង​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​

0

រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកដែនទម្ងន់១តោនកន្លះមួយគ្រឿង បានក្រឡាប់ផ្ញារជើងច្រងាងនៅចំណុច គល់ស្ពានព្រះមុន្នីវង្សថ្មី ខាងក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីតៃកុងរថយន្តបើកក្នុងល្បឿនលឿនបម្រុងឡើងសម្តៅទៅកាន់ស្ពានព្រះមុន្នីវង្សថ្មី តែសំណាងអាក្រក់ដល់ចំណុចផ្លូវកោងខ្លាំង មិនប្រយ័ត្នបួងចង្កូតខ្លាំងពេកជ្រុលក្រឡាប់ផ្ញារជើងច្រងាងតែម្តងទៅ កាលពីវេលាម៉ោង ១០ និង ៤៥នាទីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ ។បើយោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ អោយដឹងថា ដំបូងឡើយ គេសង្គេតឃើញរថយន្តខាងលើ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-6186 បើកបរដោយតៃកុងឡានម្នាក់ រួមដំណើរដោយបុរសម្នាក់ផ្សេងទៀតនៅក្នុងរថយន្ត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង រថយន្តបានបន្ថែមល្បឿនយ៉ាងលឿន បម្រុងឆ្ពោះឡើងទៅកាន់ស្ពាន់ព្រះមុន្នីវង្សថ្មី ប៉ុន្តែខណៈពេលនោះដោយសារស្ថានភាពផ្លូវមានលក្ខណៈកោងខ្លាំងពេក ធ្វើអោយតៃកុងរថយន្តបត់ចង្កូតរថយន្តមិនទាន់ ក៏ជ្រុលចង្កូតទៅបុកផ្ទប់នឹងខឿនសួនច្បារក្រោមស្ពានអាកាស ពេញទំហឹង បណ្តាលអោយរថយន្តក្រឡាប់ផ្ញារជើងម្ខាងតែម្តងទៅ ។photo_2016-07-21_17-49-26 photo_2016-07-21_17-49-27 photo_2016-07-21_17-49-23
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ មិនមានមនុស្សណាម្នាក់ត្រូវរងរបួសឡើយ គ្រាន់តែរថយន្តត្រូវរងការខូចខាតផ្នែកខាងមុខ រួមទាំងសួនច្បារក្រោមស្ពានត្រូវរងខូចខាតបន្តិចបន្តួចផងដែរ ។ យ៉ាងណាមិញក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ដោយសហការជាមួយជំនាញ ចុះវាស់វែងស្ទូចយករថយន្តបង្កទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ដោយឡែកទំនិញ ដែលនៅខាងក្រោយរថយន្ត ភាគច្រើនជាដែកថែប សមត្ថកិច្ចធ្វើកិច្ចសន្យាប្រគល់ជូនម្ចាស់ក្រុមហ៊ុនវិញ ដោយធ្វើការឃាត់តែរថយន្តតែប៉ុណ្ណោះ ។
សូមបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពី តៃកុងរថយន្តដឹកគ្រឿងដែកធ្ងន់ហួសល្បឿសចំណុះ និងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នខ្ពស់ពេលបើកបរដល់ចំណុចផ្លូវកោង និងជាពិសេសផ្លូវឡើងចំណោទ ទើបបណ្តាលអោយមានរឿងបែបនេះកើតឡើងតែម្តងទៅ ។ ប៉ុន្តែករណីនេះសំណាងហើយ ដែលពេលរថយន្តក្រឡាប់គ្មានអ្នកដំណើរដទៃផ្សេងទៀតបើកបរក្បែរ បើពុំដូច្នោះទេ មិនដឹងថា មានមនុស្សប៉ុន្មាននាក់ផ្សេងទៀតត្រូវរងរបួសដោយសារការបើកបរធ្វែសប្រហែស របស់តៃកុងរថយន្តខាងលើនេះឡើយ ៕