បន្ទាយមានជ័យ: ភ្លៀងមានលាយខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងបង្កការខូចខាតផ្ទះសម្បែងពលរដ្ឋ និងអគារសាលារៀនសាធារណ:ចំនួន៧៥ខ្នង នៅស្រុកចំនួន៣គឺអូរជ្រៅ ស្វាយចេក និងថ្មពួក កាលពីថ្ងៃ និងយប់ថ្ងៃទី១៩-២០មិថុនាឆ្នាំ២០១៦។
អាជ្ញាធរដែនដី និងនគរបាលស្រុកទាំង៣ប្រាប់នៅថ្ងៃទី២១មិថុនាថា:ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់នោះកើតឡើងកាលពីល្ងាចនិងយប់ថ្ងៃទី១៩និង២០មិថុនាឆ្នាំ២០១៦ ។វាបានបង្កប៉ះពាល់និងខូចខាតផ្ទះពលរដ្ឋ៧៣ខ្នង ក្នុងនោះធ្ងន់ធ្ងរឬខូចទាំងស្រុង១៩ខ្នង,អគារសាលារៀន២ខ្នង។នៅស្រុកថ្មពួកខូចខាតច្រើនជាងគេ គឺចំនួន៦០ខ្នង ធ្ងន់១៥ខ្នង។នៅស្រុកស្វាយចេក១០ខ្នង ក្នុងនោះអគារសាលារៀន២ខ្នង និងស្រុកអូរជ្រៅ៤ខ្នង។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទយមានជ័យអោយដឹងថ្ងៃទី២១មិថុនាថា:មហន្តរាយពីខ្យល់កន្ត្រាក់នេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ តែបាត់បង់ខូចខាតទ្រព្យសម្បត្តិ។ ហើយមន្ត្រីនិងអ្នកពាក់ព័ន្ទ បាននិងកំពុងឆ្លើយតបដោយចាត់កម្លាំងចុះសង្គ្រោះជួសជុលនិងស្តារជីវភាពគ្រួសារជនរងគ្រោះ។
ក្នុងនោះកម្លាំងនគរបាលចម្រុះ១០០នាក់ យោធា៥០នាក់ និងមន្ត្រីអាជ្ញាធរបានទៅជួយជួសជុលផ្ទះនិងអគារសាលារៀន។ហើយកម្លាំងចុះជួយនេះនឹងកើនឡើងនៅថ្ងៃទី២១មិថុនានេះ។
លោកស្នងការអោយដឹងបន្តថា:លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានផ្តល់សង្ក៍សី១.០០០សន្លឹក និងថវិកាទិញឈើ សម្ភារ:ជូនពលរដ្ឋសម្រាប់ការជួសជុល។
សូមរំលឹកថា ទូទាំងខេត្តបន្ទាយមានជ័យបានជួបគ្រោះធម្មជាតិចម្រុះ និងបង្កខូចខាតទ្រព្យសម្បត្តិ ប៉ះពាល់ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ចខេត្តជាបន្តបន្តបន្ទាប់តាំងពីឆ្នាំ២០០៩មកដូចជាទឺកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងកត្តាចង្រៃនានា។ហើយកាលពីរដូវប្រាំងកន្លងមក ខេត្តទទួលរងគ្រោះទុរ្ភឹក្សខ្វះទឹកបរិភោគនិងប្រើប្រាស់ធ្ងន់ធ្ងរជាងគេក្នុងប្រទេស តែបានអន្តរាគមន៍ជួយសង្គ្រោះដោះស្រាយទាន់ពេលនិងចំគោលដៅ៕ដោយ:ឃិន គន្ធា