ខេត្តកំពង់ឆ្នាំង៖ ឈើហ៊ុបជ្រុងប្រភេទធ្នង់ចំនួន៣៥ដុំ ដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាតតាមរថ
យន្តតាកូម៉ា១គ្រឿង ត្រូវមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់បរិបូណ៌ ផ្នែក និងខណ្ឌ័ សហការគ្នា
ស្ទាក់ចាប់បាន ហើយបញ្ជូនមករក្សាទុកក្នុងខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដោយឡែកម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់។ ការបង្ក្រាបករណីខាងលើនេះបានធ្វើឡើងនៅម៉ោង៧និង១៥នាទីយប់ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ហោ ដារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖
ក្រោយពីសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ មានការសង្ស័យរថយន្តខាងលើនេះ ព្រោះតែ
បិតឃ្លប់ជិត និងដឹកមានទម្ងន់យ៉ាងធ្ងន់ផងនោះ មន្ត្រីយើងក៏បានរាយការសុំគោលការពី
លោក ថោង វីរ៉ាវឌ្ឍី នាយខណ្ឌ័ សុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញាតាមឃាត់ឆែកឆេរ។
ប៉ុន្តែអ្នកបើករថយន្តនោះបានបើករត់គេចតាំងពីឃុំត្រពាំងចាន់ រហូតដល់លើភូមិពន្លៃ ឃុំពន្លៃ ទើបសមត្ថកិច្ចយើងស្ទាក់ជាប់ ពេលនោះអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចយើងបានឆែកឆេរឃើញមានឈើធ្នង់ជ្រុងជាច្រើនដុំនៅក្នុងឃ្ល
ប់ខាងក្រោយរថយន្ត និងមួយចំនួនទៀតនៅក្នុងកាប៊ីនបាំងខាងក្រោយ ហើយត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកទាំងយប់នៅក្នុងខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង។
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នេះលោក ហោ ដារ៉ា បានអោយដឹងថា៖រថយន្តដឹកឈើតាកូម៉ាសេរីឆ្នាំ២០០៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A – 2880 បានដឹកឈើប្រភេទធ្នង់ជ្រុងៗ ទំហំ ០,១២ម គុណ ០,១២ម ប្រវែង១,២០ម ចំនួន៣៥ដុំ ស្នើ ០,៦០៤ ម៉ែត្រគូប ដែលករណីនេះត្រូវបានសមត្ថកិច្ចជំនាញ និងកសាងសំណុំរឿងបញ្ជូនទៅតុលា ការតាមនិតិវិធីច្បាប់។
លោក ថោង វីរ៉ាវុឌ្ឍី នាយខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានអោយដឹងថា៖ ករណី
នេះ នឹងត្រូវចោទប្រកាន់តាមមាត្រា៩៨ ស្តីពីការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាត ដែលនឹងត្រូវធ្វើការផាកពិន័យអន្តរការ នៃតម្លៃឈើក្នុងទីផ្សារ គុណនឹង២ដង ហើយ ក្រោយពីការបង់ពិន័យឈើ និងរថយន្ត និងបន្ទាប់ពីការសំរេចរបស់តុលាការ ទើបសមត្ថកិច្ចប្រគល់រថយន្តទៅអោយម្ចាស់វិញ។ ដោយឡែកប្រសិនបើឈើខាងលើនេះជាប្រភេទឈើប្រណឹតក្រញូងវិញនោះ គឺរថយន្តនិងត្រូវដកហូតជាសម្បត្តិតែម្តង ដែលនេះគឺជាគោលការរបស់ក្រសួងបានដាក់ចុះអោយអនុវត្តន៍ ៕