ខេត្តព្រះវិហារ កម្លាំងនគរបាលជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិសហការជាមួយកម្លាំងនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនិងលោកព្រះរាជអាជ្ញាលីលន់បានចុះប្រតិបត្តិការឃាត់ខ្លួនបុរសជនជាតិទ្បាវម្នាក់កំពុងធ្វើសកម្មភាពជាក់ស្ដែងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំឆ្លងដែនចូលទឹកដីកម្ពុជា។
ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះប្រព្រឹត្តទៅកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០មិថុនា២០១៦ស្ថិតនៅចំណុចមុខវត្តកំពង់ស្រទ្បៅភូមិកំពង់ស្រទ្បៅឃុំកំពង់ស្រទ្បៅ១ស្រុកឆែបខេត្តព្រះវិហារដែលមានជនសង្ស័យនាំចូលតាមច្រកទ្វារព្រំដែនទឹកកម្ពុជាទ្បាវ។បច្ចុប្បន្នច្រកទ្វារព្រំដែនទឹកនេះកំពុងល្បីល្បាញខ្លាំងថាមានឈ្មួញខ្មែរមានអំណាចមួយចំនួនកំពុងរកស៊ីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំជាមួយជនជាតិទ្បាវជាហូរហែ។
ភ្នាក់ងាររាយការណ៍អោយដឹងថាបក្ខពួកជនសង្ស័យម្នាក់ទៀតបានលោតចុះពីលើកាណូតហើយហែលទឹកត្រទ្បប់ចូលទៅកាន់ទឹកដីទ្បាវវិញនៅពេលដឹងខ្លួនថាកម្លាំងសមត្ថកិច្ចខ្មែរចុះបង្ក្រាបប៉ុន្តែអាជ្ញាធរខ្មែរអះអាងថាខាងសមត្ថកិច្ចទ្បាវតាមចាប់ខ្លួនជនសង្ស័យម្នាក់នោះបានវិញហើយ។
សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យខាងលើឈ្មោះប៊ុនម៉ូនភេទប្រុសអាយុ៥២ឆ្នាំជនជាតិទ្បាវមានទីលំនៅស្រុកមឿងស៊ីងខេត្តណាំថាប្រទេសទ្បាវក្នុងនោះសមត្ថកិច្ចខាងកម្ពុជាដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម្ស៉ៅក្រាមសឬម៉ាទឹកកកចំនួន២កញ្ចប់ធំទម្ងន់សរុប១,៩១៨គីទ្បូក្រាមនិងប៉ាស្ព័រចំនួន១ក្បាល។
លោកមាឃសំអូនស្នងការរងនគរបាលខេត្តព្រះវិហារទទួលបន្ទុកការិយាល័យកណ្តាលប្រឆាំងបទល្មើសបានអោយដឹងនៅព្រឹកថ្ងៃទី២១មិថុនា២០១៦ថាពេលនេះសមត្ថកិច្ចកំពុងបន្តស៊ើបសួរជនសង្ស័យឈ្មោះប៊ុនម៉ូននៅទ្បើយនៅក្នុងស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។
លោកស្នងការរងបន្តថាពិតជាមានជនសង្ស័យម្នាក់ទៀតបានលោតចុះពីការណូតហើយហែលទឹកគេចខ្លួនប៉ុន្តែខាងអាជ្ញាធរទ្បាវអះអាងប្រាប់មកកម្ពុជាថាខាងសមត្ថកិច្ចទ្បាវតាមចាប់ខ្លួនជនសង្ស័យម្នាក់នោះបានវិញហើយ។ជនសង្ស័យប៊ុនម៉ូននឹងត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី២១មិថុនានេះដើម្បីវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់៕