កំពត: សេចក្តីរាយការណ៍មួយ បានឲ្យដឹងថាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ឈ្មោះ ជឿង ថេង ជាមន្ត្រីយោធាពាក់ស័ក្ដិ៤ ជំនួយការិយាល័យទី២នៃបញ្ជាការដ្ឋានយោធភូមិភាគ៣ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ក្នុងហាងគុយទាវមួយកន្លែងស្ថិត នៅផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការចាប់ខ្លួនមន្ត្រីយោធាឈ្មោះ ជឿង ថេង ដែលជាឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ប្រើរថយន្តធុនធំផ្ទុកលើសទម្ងន់ធ្វើឲ្យបាក់ស្ពានបាឡេមួយកន្លែងនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានធ្វើឲ្យពលរដ្ធមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេសក្រោយពេលចាប់ខ្លួនឈ្មួញឈើរូបនេះ មានប្រភពខ្លះបង្ហើបឲ្យដឹងថាមានអ្នកចេញមុខរត់ការជួយឲ្យរួចខ្លួនផងដែរ ប៉ុន្តែមិនទាន់បានដឹងពីលទ្ធផលយ៉ាងណានោះទេ។ប្រភពពីមន្ត្រីយោធាយោធភូមិភាគ៣បានឲ្យដឹងទៀតថា ការចាប់ខ្លួនឈ្មួញឈើឈ្មោះ ជឿង ថេង កំពុងតែធ្វើឲ្យអ្នកជាប់ពាក់ព័ន្ធដទៃទៀតមានការភ័យស្លន់ស្លោយ៉ាងខ្លាំងព្រោះបើគ្មានការឃុបឃិតពីសមត្ថកិច្ច និងមន្ត្រីពុករលួយទេនោះ គឺគេមិនអាចដឹកឈើឆ្លងកាត់ខេត្តកំពង់ស្ពឺ ចូលខេត្តកំពត យកទៅលក់នៅស្រុកយួនតាមច្រកតន់ហន់បានឡើយ។ ជាក់ស្ដែងប្រសិនបើរថយន្តយីឌុបដឹកឈើចំណុះជាង៧០តោនមិនធ្វើឲ្យបាក់ស្ពានក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពតទេនោះ គឺឈ្មួញឈើឈ្មោះ ជឿង ថេង អាចបន្តធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដដែល។
ប្រភពខ្លះបានឲ្យដឹងថាក្រោយពេលចាប់ខ្លួនឈ្មោះ ជឿង ថេង ភ្លាមៗមានមន្ត្រីជាន់ខ្ពស់មួយចំនួនបានរត់ការសម្របស្រម្រួលជាមួយសមត្ថកិច្ចដើម្បីឲ្យមានការដោះលែងវិញ ប៉ុន្តែប្រហែលជាមិនងាយស្រួលនោះទេ។ គេសង្ស័យថា អ្នករត់ការដោះលែងឈ្មួញឈើឈ្មោះ ជឿង ថេង ប្រហែលជាអ្នកនៅពីក្រោយខ្នងសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅស្រុកយួនទើបព្យាយាមបិទបាំងរឿងនេះ កុំឲ្យវែងឆ្ងាយតទៅទៀត។ មានសេចក្ដីរាយការណ៍ថា ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែមិថុនា មានអ្នកធំជួយរត់ការដោះលែងមន្ត្រីយោធាឈ្មោះ ជឿង ថេង ដែលជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ហើយលទ្ធផលយ៉ាងណានោះនឹងត្រូវដឹងក្នុងពេលឆាប់។
តាមការបង្ហើបពីមន្ត្រីសាលាដំបូងខេត្តកំពត ក៏បានឲ្យដឹងដែរថាមានអ្នកច្បាប់មួយរូបក្នុងខេត្តកំពង់ស្ពឺ កំពុងលូកដៃចូលក្នុងសំណុំរឿងឈ្មួញឈើឈ្មោះ ជឿង ថេង ដែលដឹកឈើតាមរថយន្តយីឌុបចំណុះជាង៧០តោនបណ្ដាលឲ្យបាក់ស្ពានបាឡេក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦។ ប្រភពបានឲ្យដឹងទៀតថា អ្នករត់ការដោះលែងឈ្មួញឈើឈ្មោះ ជឿង ថេង គឺជាមន្ត្រីមានឋានៈខ្ពង់ខ្ពស់នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ហើយត្រូវគេស្គាល់ថាជាបងធម៌របស់លោកវរសេនីយ៍ត្រី ជឿង ថេង ដែលជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់តែម្តង។ ហេតុនេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសាធារណការនិងដឹកជញ្ជូន គួរតាមដានសំណុំរឿងនេះផងដែរ ព្រោះករណីឈ្មួញដឹកឈើធ្វើឲ្យបាក់ស្ពានដែលជាសម្បត្តិសាធារណៈរបស់រដ្ឋត្រូវទទួលទោសតាមច្បាប់៕