សៀមរាប៖ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប រួមជាមួយអាជ្ញាធរខេត្តជាច្រើនរូបទៀត បានចុះត្រួតពិនិត្យការគូសគំនូសផ្លូវ និងលុប ផ្លូវសំបុកមាន់ តាមដងវិថីមួយចំនួនក្នុងក្រុងសៀមរាប។
ការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងនូវទីតាំងចំនួនបួនផ្សេងគ្នាក្នុងក្រុង ការគូសគំនូសទូលសុវត្ថិភាព នៅតំបន់ផ្លូវកែងជិតមុខប្រាសាទអង្គរវត្ត និង ផ្លូវក្រោយមន្ទីរពេទ្យគន្ធបុប្ផា(ផ្នែកខាងត្បូង)ការជួសជុលសំបុកមាន់ ប្រើទីមត្រជាក់ និង បិទស្ទីកគ័រ (sticker) ត្រូវបានធ្វើឡើងនៅរង្វង់មូលជ័យវរ្ម័នទី៧ នៃផ្លូវជាតិលេខ៦ ការគូសគំនូសថ្មើរជើងឆ្លងផ្លូវ នៅផ្លូវស៊ីវុត្ថា ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានហៅការចុះគូសគំនូសផ្លូវ និងលុបផ្លូវសំបុកមាន់ គឺជាយុទ្ធនាការមួយក្នុងយុទ្ធនាការ មួយរយថ្ងៃ នៃការធ្វើកំណែទម្រង់ថ្មី របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានទិញស្ទីកគ័រ (Sticker) ប្រមាណ៣លានសន្លឹក សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋបិទតាមគោយន្ត កង់ និង ម៉ូតូរបស់ប្រជាពលរដ្ឋនៅតាមជនបទ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តមបានលើកឡើកថា គ្រោះថ្នាក់ចរាចរជាច្រើននៅតាមទីជនបទ បានកើតឡើងដោយសារស្ថានភាពងងឹត គោយន្ត កង់ និងម៉ូតូ មិនមានចំណាំងផ្លាតឲ្យបានច្បាស់ ដែលងាយនាំឲ្យរងគ្រោះថ្នាក់។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណៈការ បានថ្លែងបញ្ជាក់ថា បន្តិចទៀតខាងក្រសួងហ្នឹងមានរថយន្តចល័តទ្រួតពិនិត្យលក្ខបច្ចេកទេសឬហៅថាឆៀកឡាន ដែលនៅខេត្តឆ្ងាយៗគ្មានមណ្ឌលធ្វើឆៀកឡាននេះ ខាងក្រសួងហ្នឹងយកឡានទៅផ្ទាល់តែម្តង យកសេវ៉ាទៅកៀកប្រជាពលតែម្តងនេះជាកិច្ចការរបស់ក្រសួងបំរុងហ្នឹងធ្វើនៅពេលខាងមុខ៕ ដោយ វេហាស៍