កំពង់ស្ពឺ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ ជូ សារុន នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីចោរមួយក្រុម (អ្នកបើករថយន្ត) បានរួមគំនិតគ្នា បើករថយន្តកុងតឺន័រ យកទៅគាស់ទូប្លន់យកសម្លៀកបំពាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យមិនទាន់ដឹងចំនួនពិតប្រាកដនោះ បានបើករថយន្ត កុងតឺន័រដឹកសម្លៀកបំពាក់ ម៉ាក Puma ឆ្ពោះទៅកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីគ្រោងនាំចេញ ប៉ុន្តែពេលដល់ខេត្តកំពង់ស្ពឺ ក្នុងទឹកដីស្រុកសំរោងទង សម្រាប់អ្នកបើករថយន្ត បានបើកបង្ហួសទៅតាមផ្លូវជាតិលេខ៤៤ ដើម្បីគាស់ទូ ប្លន់យកសម្លៀកបំពាក់។ពេលកំពុងធ្វើសកម្មភាពនោះ ទំនងដឹងខ្លួន ក្រុមចោរបានបើករថយន្តចេញទៅដោយបន្សល់ទុក សម្លៀកបំពាក់ចាក់ចោលនៅទីនោះ ។ មន្ត្រីអាវុធហត្ថ បានបញ្ជាក់ថា ពេលចុះរាប់នោះ ឃើញមានសម្លៀកបំពាក់ចំនួន២៧០បេ ដែលមួយបេមាន១១សម្លៀកបំពាក់។នៅពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងតាមបង្ក្រាបក្រុមចោរទាំងនោះ៕