សម្តេចសង្ឃប៉ាបហ្វ្រង់ស័រ បានធ្វើដំណើរជាលើកទីមួយ ទៅកាន់តំបន់ដើមបូព៌ា ។ នៅក្នុងដំណើរទស្សនកិច្ចដ៏ខ្លី រយៈពេល ៣ថ្ងៃ សម្តេចសង្ឃប៉ាប ហ្វ្រង់ស័រ នឹងជួបប្រមុខដឹកនាំនយោបាយ និងសាសនានៅក្នុងប្រទេសអ៊ីស្រាអែល ទឹកដីប៉ាឡេស្ទីន និងប្រទេសហ្សកដានី។
សម្តេចសង្ឃប៉ាប ហ្វ្រង់ស័របានជ្រើសរើសទឹកដីហ្សកដានីធ្វើជាកន្លែងចុះចតមុន គេរបស់ព្រះអង្គ នៅតំបន់ដើមបូព៌ា។ ទស្សនកិច្ចនៅដើមបូព៌ាធ្វើឡើង ក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹង និងបង្ខិតចូលគ្នារវាងអ្នកកាន់សាសនាកាតូលិក និងអូតូដុកនៅតំបន់ដើមបូព៌ា។
នៅក្នុងទឹកដីហ្សកដានី សម្តេចប៉ាប ហ្វ្រង់ស័រដែលនឹងជួបពិភាក្សាជាមួយព្រះមហាក្សត្រអាប់ដាឡា ទីពីរ នឹងលើកឡើងផងដែរពីកង្វល់របស់វ៉ាទីកង់ ជុំវិញ ចំណាកស្រុករបស់ក្រុមអ្នកកាន់គ្រិស្តសាសនា ពីតំបន់ដើមបូព៌ា។ យោងតាមមជ្ឈមណ្ឌលសាសនាកាតូលិក នៅហ្សកដានី ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ អ្នកកាន់គ្រិស្តសាសនាជាង២លាននាក់បានចាកចេញពីតំបន់ដើមបូព៌ា ដោយសារហេតុផលនយោបាយ សេដ្ឋកិច្ច និងសាសនា។ កាលពីឆ្នាំ ១៩៦៤ នៅក្នុងទឹកដីសក្តិសិទ្ធ សម្តេចសង្ឃប៉ូលទី ៦ក៏ធ្លាប់បានសំដែងការព្រួយបារម្ភពីការថយចុះនៃចំនួនអ្នកកាន់ គ្រិស្តសាសនាដែរ។ ក្តីបារម្ភពីការធ្លាក់ចុះនៃចំនួនអ្នកជឿសាសនាគ្រិស្ត នៅតំបន់ដើមបូព៌ា កើតមានសាជាថ្មី នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែជម្លោះសង្គ្រាម នៅអ៊ីរ៉ាក់ ស៊ីរី អស្ថិរភាពនយោបាយនៅអេហ្ស៊ីប និងការកើនឡើងនៃក្រុមសាសនាអ៊ីស្លាមជ្រុលនិយម។
យោងតាមអ្នកវិភាគ វត្តមានរបស់សម្តេចប៉ាប ហ្វ្រង់ស័រដែលកំពុងមានប្រជាប្រិយភាពនៅក្នុងពិភពលោក ដោយសារតែឥរិយាបថបើកចិត្តទូលាយរបស់ព្រះអង្គ នឹងអាចបញ្ចុះបញ្ចូល ផ្តល់ភាពកក់ក្តៅដល់អ្នកជឿគោរពគ្រិស្តសាសនានៅក្នុងតំបន់ដើមបូព៌ា ដែលកំពុងលុកលុយដោយក្រុមអ៊ីស្លាមជ្រុលនិយម។
បន្ទាប់ពីហ្សកដានី សម្តេចប៉ាបនឹងត្រូវធ្វើដំណើរទៅអ៊ីស្រាអែល ជាទីដែលព្រះអង្គនឹងលើកនិយាយជាមួយមេដឹកនាំពីការវាយប្រហាររបស់ ក្រុមជី្វហ្វទៅលើវិហារគ្រិស្តសាសនា ក្នុងទឹកដីអ៊ីស្រាអែល។
ក្រៅតែពីសាសនា ទស្សនកិច្ច នៅដើមបូព៌ារបស់សម្តេចប៉ាប ត្រូវបានគេមើលឃើញថា មានលក្ខណៈនយោបាយ។ នៅក្នុងទឹកដីហ្សកដានី សម្តេចប៉ាបនឹងធ្វើការបន់ស្រន់ជាមួយជនភៀសខ្លួន ស៊ីរី អ៊ីរ៉ាក់ជាង៦០០នាក់ ដែលបានរត់គេចពីសង្គ្រាម និងកំពុងជ្រកខ្លួន ក្នុងជំរំក្នុងទឹកដីហ្សកដានី។ នេះបើតាមមន្ត្រីវ៉ាទីកង់ ដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP។ ចាប់តាំងពីចូលកាន់តំណែងជាប្រមុខដឹកនាំសាសនា នៅបុរីវ៉ាទីកង់ សម្តេចប៉ាប ហ្វ្រង់ស័រ ព្យាយាមផ្តល់សារ ដែលសង្កត់ធ្ងន់ទៅលើដំណោះស្រាយសន្តិភាពដើម្បីបញ្ចប់វិបត្តិនៅ ស៊ីរី។ ក្នុងវិបត្តិសង្គ្រាម បង្ហូរឈាម នៅស៊ីរី ព្រះអង្គផ្តួចផ្តើមគំនិតជាច្រើន ដូចជាសរសេរសំបុត្រទៅក្រុមមេដឹកនាំប្រទេសG ២០ កោះហៅឯកអគ្គរដ្ឋទូត និងសរសេរសារជាច្រើន នៅក្នុងTwitter ដើម្បីបញ្ជាក់ពីការប្រឆាំងរបស់ព្រះអង្គទៅនឹងសង្គ្រាម និងការថ្លោះធ្លោយផ្នែកមនុស្សធម៌៕