លោកប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន បានអំពាវនាវ កាលពីថ្ងៃសៅរ៍ ឲ្យសហភាពអឺរ៉ុបគាំទ្រការសាង់សង់បំពង់បង្ហូរឧស្ម័នថ្មីមួយទៀត ដោយមិនចាំបាច់ឆ្លងកាត់ទឹកដីអ៊ុយក្រែន។ សម្រាប់លោកពូទីន រុស្ស៊ី កំពុងបារម្ភចំពោះការកើនឡើងនៃក្រុមជ្រុលនិយមនៅអ៊ុយក្រែន ដែល
ចេះតែគំរាមកំហែងដល់សុវត្ថិភាពបំពង់បង្ហូរឧស្ម័នរុស្ស៊ី ដែលត្រូវឆ្លងអ៊ុយក្រែន ចូលទៅទឹកដីអឺរ៉ុប។
នៅក្នុងឱកាសវេទិការសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុងសាំង ពេទែស្បួរហ្ស ប្រធានាធិបតីរុស្ស៊ីអំពាវនាវទៅសហភាពអឺរ៉ុបឲ្យជួយសាងសង់បំពង់ បង្ហូរឧស្ម័ន ដោយវៀងទឹកដីអ៊ុយក្រែន។ តាមលោកពូទីន រុស្ស៊ីជាអ្នកផ្គត់ផ្គង់ឧស្ម័នមួយ ដ៏គួរឲ្យជឿជាក់។ ប៉ុន្តែ រហូតមក ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅ អឺរ៉ុបត្រូវឆ្លងកាត់ទឹកដីអ៊ុយក្រែន។
នៅក្នុងបរិបទដែលអ៊ុយក្រែនកំពុងជួបវិបត្តិ បែកបាក់ទឹកដី ទីក្រុងម៉ូស្គូបារម្ភថា ក្រុមជ្រុលនិយម អ៊ុយក្រែន អាចបង្កបញ្ហាដល់បំពង់ឧស្ម័នរុស្ស៊ី ទៅអឺរ៉ុប ដែលសាងសង់ក្នុងទឹកដីអ៊ុយក្រែន។ លោកប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ចំៗថា ស្ថានការណ៍បច្ចុប្បន្ន នៅអ៊ុយក្រែន រឹតតែជំរុញឲ្យគេគិតគូរឲ្យបានកាន់តែឆាប់ពីផ្លូវថ្មីសម្រាប់ ផ្គត់ផ្គង់ឧស្ម័នទៅឲ្យអឺរ៉ុប។ តាមលោកពូទីន សហភាពអឺរ៉ុបគួរចូលរួម គាំទ្រគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន ឈ្មោះ South streamដែល ក្រុមហ៊ុនរុស្ស៊ី ហ្គាសព្រម Gazprom រួមជាមួយក្រុមហ៊ុនអ៊ីតាលី ចង់សាងសង់ឡើង ដោយមិនចាំបាច់ឆ្លងកាត់ទឹកដីអ៊ុយក្រែន។ តាមគម្រោង បំពង់បង្ហូរឧស្ម័នរបស់ក្រុមហ៊ុនរុស្ស៊ីត្រូវឆ្លងកាត់តាមសមុទ្រ ខ្មៅ បន្ទាប់មកគឺប្រទេសប៊ុលហ្គារី ស៊ែប៊ី និងហុងគ្រី មុននឹងទៅដល់ទឹកដីសហភាពអឺរ៉ុប។
រហូតមក សហភាពអឺរ៉ុបនៅតែបង្ហាញអរិភាពលើគម្រោងសាងសង់បង្ហូរឧស្ម័នរបស់ ក្រុមហ៊ុនរុស្ស៊ី។ ផ្ទុយទៅវិញសហភាពអឺរ៉ុបបានបង្ហាញសមានចិត្តដល់គម្រោងមួយទៀត ឈ្មោះ Nabucco ជាគូប្រកួតប្រជែងរបស់គម្រោងSouth Stream ប៉ុន្តែ ជាគម្រោងដែលសហភាពអឺរ៉ុបផ្ទាល់ជាអ្នកគាំទ្រ ជួយ។ គម្រោងសាងសង់បំពង់ឧស្ម័ន Nabuccoត្រូវភ្ជាប់យកឧស្ម័នពីសមុទ្រកាសព្យែន ដោយឆ្លងកាត់ទឹកដីតួកគី ចូលទៅក្នុងសហភាពអឺរ៉ុប។
បច្ចុប្បន្ននេះ រុស្ស៊ីបញ្ជូនលក់ឧស្ម័នទៅឲ្យអឺរ៉ុបតាមរយៈបំពង់បង្ហូរឧស្ម័នដ៏ធំ ដែលឆ្លងកាត់ទឹកដីអ៊ុយក្រែន និងមួយទៀត តាមរយៈបំពង់បង្ហូរឧស្ម័នក្រោមសមុទ្របាល់ទិក ដែលជាគម្រោង North Stream របស់ក្រុមហ៊ុនរុស្ស៊ី Gazprom។ ការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ី ទៅអឺរ៉ុប ដោយឆ្លងកាត់ទឹកដីអ៊ុយក្រែនត្រូវបានកាត់ផ្តាច់ពីរដង នៅឆ្នាំ ២០០៦ និងឆ្នាំ ២០០៩ ដោយសារតែរុស្ស៊ីមានជម្លោះជាមួយ អ៊ុយក្រែន។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Gazpromបានព្រមានមិនបង្ហូរលក់ឧស្ម័នទៅឲ្យអ៊ុយក្រែន ប្រសិនបើអ៊ុយក្រែនមិនអាចបង់ប្រាក់ជំពាក់កន្លងមក។ ការផ្អាកមិនបង្ហូរឧស្ម័នទៅឲ្យអ៊ុយក្រែន នឹងអាចប៉ះពាល់ដល់ការប្រើប្រាស់ឧស្ម័ននៅសហភាពអឺរ៉ុបដែលត្រូវការ ទិញ ឧស្ម័ន ពីរុស្ស៊ី សម្រាប់តម្រូវការមួយភាគបួនរបស់ខ្លួន៕