ស្ទឹងត្រែង៖កម្លាំងរដ្ឋបាលជលផលសហការជាមួយឆ្មាំទន្លេបានចុះបង្ក្រាបបទល្មើសនេសាទនៅរដូវបិទនេសាទរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ខែមិថុនាឆ្នាំ២០១៦ នៅចំណុចអន្លុងអភិរក្សពូជត្រីកោះជ្រឹម និងអន្លុងអភិរក្សត្រីផ្សោតត្បូងខ្លា ស្រុកសៀមបូក ក្នុងពេលជនសង្ស័យលួចប្រើឧបករណ៍ខុសច្បាប់នៅតំបន់ហាមឃាត់។
លោកឌៀប បូរ៉ានាយរងខណ្ឌរដ្ឋបាលជលផលបានអះអាងថាច្បាប់ជលផលអាជ្ញាពាក់ព័ន្ធនៅតាមឃុំនិមួយៗនិងឆ្មាំទន្លេបានធ្វើការផ្សព្វផ្សាយ បានទូលំទូលាយរួចមកហើយ តែជនសង្ស័យមួយជំនួននៅតែលួចលាក់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសលួចដាក់មង នៅតាអន្លុងអភិរក្សពូជត្រីនៅពេលយប់ជាដើម។
លោកនាយខណ្ឌបញ្ជាក់ករណីលួចលាក់នេះសមត្ថកិច្ចចុះល្បាតមិនអត់ឪនឱ្យទេ ត្រូវតែធ្វើការរឹបអូស និងឃាត់ខ្លួនយកមកអនុវត្តតាមច្បាប់ ទោះបីក្នុងរូបភាពបែបណាក៏ដោយ។លោកថាក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ២២-២៣មិថុនានេះកម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូសបានមងចំនួន៤៨ត្បូង ស្មើនិងប្រវែង២៣១៥ម៉ែត្រនិងបានធ្វើការអប់រំដល់អ្នកនេសាទចំនួន១៥នាក់។
ប្រជាពលរដ្ឋនៅឃុំកោះសំពាយបានសារទដល់សកម្មភាពបង្ក្រាបបទល្មើសនេះ ពីព្រោះវាអាចការពារពូជត្រីសំខាន់ៗឱ្យសំបូរបែបឡើងវិញ ពីព្រោះនេះជារដូវបិទនេសាទ ហើយការបង្ក្រាបនេះធ្វើឱ្យជនសង្ស័យមានការខ្លាចរអារខ្លះដែរ ទោះបីចាប់ខ្លួនមិនបានក៏ដោយ។
សូមបញ្ជាក់ថានៅក្នុងឆមាសទីមួយឆ្នាំ២០១៥នេះ ខណ្ឌរដ្ឋបាលជលផលធ្វើសកម្មភាបង្ក្រាបបទល្មើសបានចំនួន៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់
បញ្ជូនទៅតុលាការ ជាមួយនិងវត្ថុតាងមា មងប្រវែងជាង២ម៉ឺនម៉ែត្រ ក្បាលឆក់២គ្រឿង អាគុយ២ ថ្នង១ ទូកម៉ាស៊ីន១គ្រឿង ថ្នាំបំពុល និងឧបករណ៍ប្រើប្រាស់ខុសច្បាប់ផ្សេងៗមួយចំនួនទៀតត្រៀមនិងដុតកំទេចចោល៕