​ការចិញ្ចឹម​បីបាច់​ដែ​រក្សា​កូន​ប្រកបដោយ​ព្រហ្ម​វិហារធម៌ គឺជា​ប្រធានបទ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ ស្តីពី ទិវា​ដឹងគុណ​លោកឪពុក និង អ្នក​ម្តាយ !

0

សៀមរាប នៅក្នុងគម្រោងទាំង០៩ របស់អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ដែលហៅកាត់ថា (CWCC) គម្រោងឪពុក-ម្តាយគំរូគឺជាគម្រោងសំខាន់មួយ ដើម្បីផ្សព្វផ្សាយទៅដល់សហគមន៍ បានយល់អំពីសិទ្ធិកុមារ ការការពារកុមារ និងតួនាទីរបស់ឪពុកម្តាយផងដែរ ។
នៅវត្តសុវណ្ណព្រឹក្សា ហៅវត្តគគីរ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ អង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ(CWCC)ប្រចាំតំបន់សៀមរាប ដោយមានកិច្ចសហការគាំទ្រដោយអាជ្ញាធរស្រុកប្រាសាទបាគង ការិយាល័យជំនាញពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានឃុំកន្ទ្រាំង ក្រោមការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ យុទ្ធនាការផ្សព្វផ្សាយ ស្តីពី ទិវាគុណលោកឪពុកនិងអ្នកម្តាយ បានប្រព្រឹត្តិទៅ ដើម្បីបង្កើនការគោរព បង្កើតភាពស្និតស្នាលរវាងកូននិងឪពុកម្តាយ ដែលជាពិសេសនោះ ក្នុងយុទ្ធនាការនេះ ត្រូវបានលើកកម្ពស់ការយល់ដឹង អំពីការចិញ្ចឹមបីបាច់ថែរក្សាកូន ប្រកបដោយព្រហ្មវិហារធម៌ ជាមួយនឹងការឆ្លើយតប ដឹងគុណវិញ ចំពោះឪពុកម្តាយផងដែរ ។
លោកស្រី ប៉េង ប៉ុណ្ណារ៉ាន់ ប្រធានគ្រប់គ្រងតំបន់នៃអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ (CWCC)ខេត្តសៀមរាប បានបញ្ជាក់ថា ៖ សម្រាប់ឆ្នាំនេះ(ឆ្នាំ២០១៦) គម្រោងឱពុកម្តាយគំរូ ត្រូវបានកំណត់ស្រុកគោលដៅចំនួន៣ គឺស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកស្វាយលើ ។ គម្រោងនេះ ឧបត្ថម្ភដោយ មូលនិធិ ដែនដីមនុស្ស នៃប្រទេសអាល្លឺម៉ង់ ។ CWCC បានដំណើរការគម្រោងមួយនេះ តាំងតែពីឆ្នាំ២០១៤ ដោយភ្ជាប់ជាមួយនឹងគម្រោង គ្រប់គ្រងកំហឹងបុរស ។
ព្រះតេជគុណ ជុត សំអូន ព្រះគ្រូចៅអធិការវត្តសុវណ្ណព្រឹក្សា ហៅវត្តគគីរ ដែលត្រូវបានម្ចាស់កម្មវិធី អរតនា និមន្តចូលរួមនោះ មានថេរដីកាថា ៖ ប្រធានបទ នៃយុទ្ធនាការផ្សព្វផ្សាយ ស្តីពីទិវាដឹងគុណលោកឪពុកនិងអ្នកម្តាយ របស់គម្រោងឪពុកម្តាយគំរូ ឆ្នាំ២០១៦នេះ គឺពិតជាមានខ្លឹមសារវិសេសវិសាល ដោយយោងតាមពុទ្ធឱវាទ ទី១( មេត្តា )គឺការផ្តល់ឲ្យកូននូវសេចក្តីស្រឡាញ់ ការប្រាថ្នាល្អ ទី២(ករុណា)ការប្រគល់ឲ្យកូននូវសេចក្តីអាណិត ការជួយសង្គ្រោះកូនឲ្យរួចផុតពីរណ្តៅទុក្ខ ទី៣(មុទិតា)ការមានសេចក្តីត្រេកអរ នៅពេលដែលកូនមានសេចក្តីសុខ និងទី៤ បង្គ្រប់ពាក្យថា ព្រហ្មវិហារធម៌ ដោយឧបេក្ខារបស់ឪពុកម្តាយ គឺការតាំងចិត្តជាអាជ្ញាកណ្តាល ស្រឡាញ់កូនៗស្មើៗគ្នា មិនមានលំអៀង នោះឡើយ ។ 4 3 5 6 2 1
នៅក្នុងកម្មវិធីនៃយុទ្ធនាការនេះផងដែរវាគ្មិនផ្សេងៗទៀត ដូចជាលោកប្រធានក្រុមប្រឹក្សាឃុំកន្ទ្រាំង និងលោកប្រធានការិយាល័យអប់រំស្រុកប្រាសាទបាគងជាដើម បានបង្ហាញចំណាប់អារម្មណ៍ថា ៖ កុមារ គេនឹងរៀនសូត្រតាមសង្គមដែលពួកគេកំពុងរស់នៅ ។ កុមារ បើគេរស់នៅជាមួយអំពើហឹង្សា គេនឹងមានអារម្មណ៍ភ័យខ្លាចបើគេរស់នៅក្នុងភាពស្ងៀមស្ងាត់គេចេះមានអារម្មណ៍ឯកោ ក៏ប៉ុន្តែបើពួកគេរស់នៅដោយមានកិច្ចការពារនិងរស់នៅជាមួយភាពស្មោះត្រង់ ពួកគេនឹងមានអារម្មណ៍ថាពួកគេមានសុវត្ថិភាពនិងមានទំនុកចិត្ត។ តាមរយៈនៃការបើកទស្សនៈរបស់វាគ្មិននោះ បានបង្ហាញទ្រឹស្តីពិចារណាថា៖ បើចង់អប់រំមនុស្សម្នាក់ ត្រូវតែចាប់ផ្តើមធ្វើការអប់រំមនុស្សនោះមុនកើតរយៈ២០ឆ្នាំ។ទ្រឹស្តីនេះ គឺវាស្របទៅនឹងពាក្យដែលថា ពេលអ្នក ប្រៀនប្រដៅកូនរបស់អ្នក សូមអ្នកកុំបារម្ភថា កូនអ្នកមិនស្តាប់អ្នកឲ្យសោះ តែត្រូវប្រយ័ត្ន កូនរបស់អ្នក កំពុងឃ្លាំមើលទង្វើរបស់អ្នកជានិច្ច ។ ទាំងអស់នេះគឺស្ថិតក្នុងន័យថា មានឪពុកម្តាយគំរូ ទើបមានមរតកនៃអំពើល្អ កសាងកតញ្ញូ និងមានការតបស្នងដោយកូន ដែលប្រកបដោយគន្លងធម៌ ៕ ដោយគឿនវេត