​ជនសង្ស័យ​ជា​ចោរប្លន់​ចំនួន​៣​នាក់​ចូល​ប្លន់​អ្នកលក់​ឥ​វ៉ាន់​ចាប់ហួយ​កន្លងមក​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ ​ជនសង្ស័យ​ជា​ចោរប្លន់​ចំនួន​៣​នាក់ ដែល​ចូលទៅ​ប្លន់​អ្នកលក់​ឥ​វ៉ាន់​ចាប់ហួយ​បានទ្រព្យ​សម្បត្តិ​១​ចំនួន​ធំ ហើយ​រត់គេច​បាត់ លុះ​ថ្ងៃទី​២៥ ត្រូវបាន​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាប់​ឃាត់ខ្លួន​រួច​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ។ ការចាប់ខ្លួន​ជនសង្ស័យ​ប្លន់​បាន​៣​នាក់​នោះ​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​ ​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ជា​ចោរប្លន់​ដែល​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​បាន​មានឈ្មោះ ១.​ឈ្មោះ មុំ ខ្លឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២.​ឈ្មោះ ក​យ ពៅ ប្រុស​អាយុ​២៤​ឆ្នាំ ៣.​ឈ្មោះ ឆ្លាម នឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​ភូមិ​អូរ​អំពិល ឃុំ​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

លោក ឱ បូ​រិ​ន បាន​និយាយ​បន្តថា​៖ រយៈពេល​កន្លងមក​ជិត​១​ខែ​នោះ មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ បាន​ចូលទៅ​ប្លន់​ម្ចាស់​លក់​ឥ​វ៉ាន់​ចាប់ហួយ​នៅ​ភូមិ​អូរ​អំពិល ឃុំ​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំណែក​ម្ចាស់ផ្ទះ​មានឈ្មោះ សន សុធា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវបាន​ចោរ​វាយដំ​យ៉ាងខ្លាំង​ត្រូវ​ដៃ​ខាងឆ្វេង​និង​ខ្នង ចំណែក​ប្រពន្ធ​

មានឈ្មោះ អៃ អាង អាយុ​៣៤​ឆ្នាំ​រងរបួស​ថ្ងាស និង​ដើមដៃ​ឆ្វេង​នៅ​យប់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៤​កន្លងមកនេះ ចំណែក​ទ្រព្យសម្បត្តិ​ត្រូវ​ចោរ​យកបាន​អស់​១​ចំនួន​ធំ​ដូចជា លុយ​ខ្មែរ​ចំនួន​៥៨​ម៉ឺន​រៀល ប្រាក់​បាត​៣.០០០​បាត និង​ឥ​វ៉ាន់​១​ចំនួន​ទៀត ក្រោយ​ពេលធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ​បាន​ហើយ ចោរ​ទាំង​៣​នាក់​នោះ​ធ្វើការ​គេចខ្លួនបាត់​ក្នុង​ថ្ងៃនោះ​ហើយ​ម្ចាស់ផ្ទះ​ក៏​ទៅប្ដឹង​អាវុធហត្ថ​ផងដែរ ។

លុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤​នោះ ម្ចាស់ផ្ទះ​បានឃើញ​ជនល្មើស​នៅ​ស្រុក​ម៉ាឡៃ ក៏បាន​រាយការណ៍​ទៅ​អាវុធហត្ថ​ដោយមាន​ការឯកភាព​ពី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ផាន់ ភិរម្យ ក៏បាន​ចុះ​ធ្វើការ​ព័ទ្ធចាប់​ជនសង្ស័យ​ជា​ចោរប្លន់​បាន​ចំនួន​៣​នាក់​នៅ​កន្លែង​តែម្ដង ពេលនោះ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ក៏បាន​បញ្ជូន​ជនសង្ស័យ​ចោរប្លន់​ទាំង​៣​នាក់​នោះ មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ ដើម្បី​ធ្វើការ​សាកសួរ ។

លុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៤​នោះ កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ក៏បាន​កសាង​សំណុំរឿង​ជន​ចោរប្លន់​ទាំង​៣​នាក់​នោះ​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ៕