បន្ទាយមានជ័យ:លោកទេសរដ្ឋមន្ត្រីញឹម វណ្ណដា ប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមន្ត្រីបានចុះពិនិត្យនិងជម្រុញការគ្រប់គ្រងទឺកទុកបម្រុងជូនពលរដ្ឋបរិភោគនិងប្រើប្រាសអោយបានគ្រប់គ្រាន់កុំអោយខ្វះខាតដូចបទពិសោធន៍ដ៏អាក្រក់នៅពាក់កណ្តាលឆ្នាំ២០១៦កន្លងមកនេះទៀត។លោកទេសរដ្ឋមន្ត្រីបានចុះទៅខេត្តកំពង់ឆ្នាំ ពោធិសាត់ បាត់ដំបងនិងខេត្តឧត្តរមានជ័យជាដើម។នៅខេត្តបន្ទាយមានជ័យ លោកឈឿន ក្រៃយ៉ុង នាយករដ្ឋបាលខេត្តនិងមន្ត្រីបានជូនដំណើរលោកទេសរដ្ឋមន្ត្រី ហើយបានជួបពិភាក្សានិងទទួលការណែនាំលើកការងារគ្រប់គ្រងគ្រោះមហន្តរាយ។នៅរសៀលថ្ងៃទី៣០មិថុនាឆ្នាំ២០១៦ លោកបានចុះពិនិត្យប្រព័ន្ធផ្គត់ផ្គង់ ស្តុកទឹកនិងទីទួលសុវត្ថិភាពពីទឹកជំនន់នៅឃុំគោកបល្ល័ង្គស្រុកមង្គលបូរី។ដល់ល្ងាច លោកបន្តចុះពិនិត្យអណ្តូងទឹកប្រើភ្លើងអគ្គីសនីបូមនៅក្នុងបរិវេណសាលាក្រុងសិរីសោភ័ណគឺនៅសង្កាត់កំពង់ស្វាយនិងនៅភូមិឈូកសង្កាត់ម្កាក់។
លោកទេសរដ្ឋមន្ត្រីញឹម វណ្ណដា បាននិយាយថា:ប្រព័ន្ធអាង ស្រះ អណ្តូង ធុងស្តុក បណ្តាញចែកចាយទឹកផ្គត់ផ្គង់ជូនពលរដ្ឋដែលរាជរដ្ឋាភិបាលតាមរយ:គណ:កម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយផ្តល់ជូនត្រូវបានចំគោលដៅដោះស្រាយជូនពលរដ្ឋនិងធានាបំពេញឆ្លើយតបតម្រូវការអោយគ្រប់គ្រាន់នៅឆ្នាំក្រោយៗទៀត។ព្រោះថា ការចំណាយថវិកាស្តារ ជីកអាង ស្រះ អណ្តូងនិងប្រព័ន្ធផ្គត់ផ្គង់ទឹកនោះក៏អស់ថវិការច្រើន។ដូច្នេះ មន្ត្រីនិងអ្នកពាក់ព័ន្ធត្រូវចាត់ចែង ថែទាំនិងប្រើប្រាសអោយបានយូរអង្វែង។ប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងមហន្តរាយបានជួបលោកវៃ កេងលី អភិបាលក្រុងសិរីសោភ័ណ លោកចៅសង្កាត់ម្កាក់ ហើយណែនាំអោយពិនិត្យនិងត្រៀមលក្ខណ:ដើម្បីជីកអណ្តូង ស្រះបន្ថែមទៀតបើចាំបាច់។តែក៏ត្រូវប្រគល់ភារកិច្ចមានមន្ត្រីឬសហគមន៍ពលរដ្ឋប្រើប្រាស់អណ្តូងទឺកដើរដោយចរន្តអគ្គីសនីនោះអោយល្អ ចៀសវាងគ្រោះថ្នាក់និងខូចខាត។ព្រោះថា ឥឡូវនេះជារដូវភ្លៀងធ្លាក់ ពលរដ្ឋមិនចាំបាច់ប្រើអណ្តូងនេះទេ តែពេលខាងមុខនឹងមិនត្រូវអោយមានករណីខ្វះទឹកឬខូចអណ្តូងទើបបំពាក់នោះទេ។
រីឯនៅស្រុកស្វាយចេក ទេសរដ្ឋមន្ត្រីបានសំណេះសំណាលនិងណែនាំមន្ត្រីអាជ្ញាធរភូមិ ឃុំ ស្រុកខេត្តអោយបន្តចាត់ចែងស្តារនិងជិកស្រះធំៗនៅឃុំតាបែននិងឃុំដទៃទៀតអោយបានជ្រៅនិងរកប្រភពទឹកមកស្តុកទុក្ខអោយបានគ្រប់គ្រាន់តាំងពីមានភ្លៀងធ្លាក់តិចៗឡើងទៅ ៕