ដោយ យក្យ ឡោម
ខេត្តរតនគិរី៖ ក្រោយពីការតាមប្រម៉ាញផ្តិតយករូបភាពរបស់ក្រុមអ្នកសារព័ត៌មានប្រចាំក្នុងខេត្តរតនគិរី រថយន្តបាឡែនមួយគ្រឿងពណ៍ទឹកប្រាក់អត់ស្កាក់លេខហើយឈ្មួញមិនស្គាល់អត្តសញ្ញណដឹកជញ្ជូនឈើប្រណិតពេញចេញពីស្រុកកូនមុំឆ្ពោះមកក្រុងបានលុងបានអស់ល័ក្ខនៅត្រង់ចំណុចផ្លូវកែងក្រោយពេទ្យស្តិតក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងដោយកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តចាប់បង្ក្រាប រីឯឈ្មួញបានរត់គេចខ្លួនបាត់ស្រមោល។
ប្រតិបត្តិចាប់បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៧នឹង៣០នាទីព្រឹកថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៦ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបណ្តាញក្រុមសារព័ត៌មានដ៍ជាក់លាក់រាយការណ៍ទៅនាយខណ្ឌរដ្ឋបាលខេត្ត ដឹកនាំដោយលោក កែបកត់ ចេញបញ្ជាឲ្យលោកលី សុផាន នឹងលោកសេង យូ ចុះមកជាបន្ទាន់ដល់កន្លែងកើតហេតុខាងលើហើយរឹបអូសយករថយន្តនឹងវត្ថុតាងឈើប្រណិតប្រភេទឈើធ្នុងទៅរក្សាទុកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ព្រៃឈើ។
គួរបញ្ជាក់ផងដែរថា បទល្មើសព្រៃឈើក្នុងខេត្តរតនគិរី ឈ្មួញនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឥតឈប់ឈរតាមគ្រប់មធ្យោបាយផ្សេងៗទោះជាមានការទប់ស្កាត់ឬបង្ក្រាបយ៉ាងណាពីក្រុមសមត្តកិច្ចជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្តក៍ដោយឈ្មួញនៅតែមិនចេះរាងចាល នេះដោយសារសមត្តកិច្ចតាមដងផ្លូវបើកភ្លើងខៀវឲ្យធ្វើចរាចរណ៍យ៉ាងរលូនផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចក្រឡាហម ស ខេង ជាប្រមុខ។ហើយក្រុមឈ្មួញបានដឹកជញ្ជូនឈើប្រណិតទាំងនេះមកស្តុកទុកក្នុងក្រុងបានលុង ដែលមានក្រុមឈ្មួញវៀតណាមរងចាំទទួលទិញស្រាប់ហើយដឹកជញ្ជូនបន្តទៅឯប្រទេសវៀតណាមតាមច្រកទ្វាអន្តរជាតិ នឹងច្រករបៀងជារៀងរាល់ថ្ងៃ៕