ខេត្តព្រះវិហារ កសិករដាំដំណាំល្ពៅគ្រើមឬល្ពៅគីង្គក់នៅទូទាំងខេត្តព្រះវិហារមានទឹកមាត់លេបវិញហើយនៅឆ្នាំនេះព្រោះវាចាប់ផ្តើមមានតម្លៃហាងឆេងល្អបន្ទាប់ពីតម្លៃរបស់វាបានដាំក្បាលចុះកាលពីឆ្នាំ២០១៤គឺនៅឆ្នាំ២០១៦នេះកសិករបាននាំគ្នាសម្រុកដាំល្ពៅប្រភេទនេះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារអោយមានភាពធូរធារ។
គួររំលឹកថាកាលពីឆ្នាំ២០១៤តម្លៃហាងឆេងល្ពៅគីង្គក់ក្នុងស្រុកបានធ្លាក់ចុះខ្លាំងពី១៥០០រៀលក្នុង១គីទ្បូក្រាមដល់៥០០រៀលក្នុងមួយគីទ្បូក្រាមបានប៉ះពាល់ដល់ជីវភាពកសិករផងដែរហើយនៅចុងរដូវប្រមូលផលឆ្នាំ២០១៥តម្លៃបានហក់ទ្បើងវិញដល់២៣០០រៀលក្នុង១គីទ្បូក្រាម។
កសិករធ្វើចម្ការនៅស្រុកសង្គមថ្មីបានអោយដឹងថាកាលពី១០ថ្ងៃមុននេះតម្លៃល្ពៅគីង្គក់ហក់ទ្បើងដល់២៨០០រៀលក្នុង១គីទ្បូក្រាមហើយកសិករមួយចំនួនមានយីអ៊ុនខ្ពស់បានលក់ផលល្ពៅគីង្គក់ទៅអោយឈ្មួញកណ្តាលចុះទិញដល់មូលដ្ឋានបានទាន់ពេលវេលា។កសិករខ្លះលក់ម៉ៅក្នុង១ហិកតាថ្លៃ១ម៉ឺនដុល្លារអាមេរិកឯណោះប៉ុន្តែទាល់តែផលដាំណាំទាំងនោះល្អផងដែរទើបឈ្មួញកណ្តាលហ៊ានទិញយក។
កសិករដដែលបានបញ្ជាក់ថាសម្រាប់តម្លៃហាងឆេងល្ពៅមកដល់ថ្ងៃទី០២កក្កដា២០១៦នេះបានធ្លាក់ចុះបន្តិចវិញដល់១៨០០រៀលក្នុង១គីទ្បូក្រាមស្របពេលកសិករបានសម្រុកប្រមូលផលច្រើនៗទៅធ្វើអោយឈ្មួញយកលេសទម្លាក់តម្លៃតែម្តង។កសិករនិយាយថាល្ពៅគីង្គក់ចាប់ផ្តើមដាំនៅក្នុងខែកុម្ភះដល់ខែមេសាហើយចាប់ផ្តើមប្រមូលផលនៅក្នុងខែឧសភាដល់ខែកក្កដាគឺដាំដុះរយះពេល៣ខែត្រូវបានប្រមូលផល។
កសិករផ្សេងទៀតបានអោយដឹងថាមូលហេតុដែលតម្លៃហាងឆេងល្ពៅគីង្គក់ហក់ទ្បើងថ្លៃរយះពេល២ឆ្នាំជាប់គ្នា២០១៥ដល់២០១៦ដោយសារនៅប្រទេសថៃជួបគ្រោះរាំងស្ងួតបណ្តាលអោយខ្វះល្ពៅប្រភេទនេះយកចូលរោងចក្រដើម្បីផលិតចំណីអាហារផ្សេងៗ។
គួរបញ្ចាក់ថាដំណាំល្ពៅគីង្គក់សម្បូរដាំដុះជាងគេនៅស្រុកសង្គមថ្មីស្រុកគូលែននិងស្រុកត្បែងមានជ័យដែលដីចម្ការនៅទីនោះមួយផ្នែកធំជាប្រភេទដីខ្មៅនិងដីក្រហមលាយខ្មៅមានជីវជាតិល្អនិងមានអំណោយផលដល់ដំណាំកសិកម្មដំណាំកសិឧស្សាហកម្មផ្សេងទៀតដែលមានតម្លៃលើទីផ្សារ៕