សៀមរាប លោក ហ៊ីរ៉ូកាហ្សុ តាកាហាស៊ិ បាននិយាយបញ្ជាក់យ៉ាងដូច្នេះ មុនពេលដែលលោកបានផ្តល់បទសម្ភាសន៍មួយ អ្នកកាសែតយើងនាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅគេហដ្ឋានរបស់លោក ដែលជាកន្លែងលក់ភេសជ្ជៈ ទឹកផ្លែឈើស្រស់ នាភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
វាដូចដែលប្រជាពលរដ្ឋក្រុងសៀមរាបខ្លះបានជួបប្រទះ ពិសេសអ្នកភូមិតាភុលតែម្តង បានបង្ហើបប្រាប់ថា ៖ មានជនជាតិជប៉ុនមួយក្រុម តែងតែដើររើសសម្រាមជារៀងរាល់ព្រឹក តាមបណ្តោយផ្លូវប្រហែលជាមួយគីឡូម៉ែត្រ នៃភូមិតាភុលនេះ ។ លោក ហ៊ីរ៉ូកាហ្សុ បាននិយាយបញ្ជាក់បន្ថែមថា ៖ អស់រយៈពេលប្រហែលជា៣ខែមកហើយ គឺចាប់តាំងពីលោកបានមករស់នៅ និងប្រកបមុខរបរជាអ្នកលក់ភេសជ្ជៈ ទឹកផ្លែឈើស្រស់ នៅក្នុងភូមិតាភុលនេះ លោកនិងភរិយាលោក រួមទាំងមិត្តភ័ក្តិ ព្រមជាមួយនឹងបុគ្គលិកខ្មែរ ពីរ បី នាក់ទៀត តែងតែបានសម្អាតបរិស្ថាន(រើសសម្រាម)តាមដងផ្លូវតាភុល ជារៀងរាល់ព្រឹក ។
លោក ហ៊ីរ៉ូកាហ្សុ បានបញ្ជាក់ ថា ៖ បញ្ហាសម្រាមនៅតាមដងផ្លូវមួយនេះ វាមិនមែនជាការកើតបញ្ហាដ៏អាក្រក់ពេកនោះទេ ។ រថយន្តដឹកសម្រាមមកប្រមូលយកជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែការវេចខ្ចប់សម្រាម មុនពេលឡានសម្រាមមកទទួលយកនោះ ពុំបានត្រឹមត្រូវ វាបណ្តាលឲ្យសម្រាមរាយបាយ ដោយប្រការផ្សេងៗមួយចំនួន និងមានសម្រាមមួយចំនួនទៀត ត្រូវបានគេបោះចោលដោយគ្មានការទទួលខុសត្រូវ ផងដែរ ។ លោកថា តាមពិតទៅ ការរើសសម្រាមរបស់ពួកគាត់ ទី១ គឺជាទម្លាប់របស់ពួកគាត់ ទី២ ចង់ឲ្យបងប្អូនអ្នកជិតខាង ទទួលយកទម្លាប់នេះ ( សម្អាតបរិស្ថាន ស្អាតជានិច្ច នៅមុខគេហដ្ឋានរៀងៗខ្លួន )ហើយបុគ្គលិកអនាម័យដែលមានភារកិច្ច លើកយកសម្រាមដាក់ចូលក្នុងឡានសម្រាមនោះ គួរតែមានជំហរទទួលខុសត្រូវ ឲ្យបានល្អជាងមុន គឺកុំឲ្យសម្រាម វាជ្រុះរាយប៉ាយនៅលើផ្លូវ ។
បើទោះជាយ៉ាងណា លោក ហ៊ីរ៉ូកាហ្សុ បង្ហាញថា ៖ អស់រយៈពេល៣ខែកន្លងមកនេះ ស្ថានភាពនៃការវេចខ្ចប់សម្រាម ការរក្សាទុកសម្រាម ដើម្បីរង់ចាំបុគ្គលិកអនាម័យក្រុងមកប្រមូលទទួលយកទៅចាក់ចោលនៅក្រៅក្រុងនោះ មានភាពប្រសើរឡើងច្រើនហើយ ។
លោកហ៊ីរ៉ូកាហ្សុបានបង្ហាញថា៖ ពឹងផ្អែកទៅលើប្រព័ន្ធច្បាប់ដែលត្រូវបានរឹតបន្តឹងស្តីអំពីបរិស្ថាន អនាម័យ សោភ័ណភាពក្រុង និងការព្យាយាមអប់រំ បាញ់ឆ្ពោះទៅរកកុមារ ដែលជាពន្លកថ្មីនៃសង្គម សង្ឃឹមថា ទៅថ្ងៃអនាគត យើងអត់មានអ្នកបោះសម្រាមចោលដោយគ្មានការទទួលខុសត្រូវនោះឡើយ៕ ដោយគឿនវេត